ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ទៅពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ថា៖ ៖«យុទ្ធនាការចាក់វ៉ាក់សាំងគេកំពុងចាក់រាល់ថ្ងៃតាមមន្ទីរពេទ្យរដ្ឋសម្រាប់បងប្អូនដែលមិនទាន់បានចាក់។សាកសួរគេទៅដឹងហើយ!។សូមឱ្យក្រសួងសុខាភិបាលគណៈ កម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងសាលារាជធានីភ្នំពេញនិងបណ្តាញសារព័ត៌មានជួយផ្សព្វផ្សាយឱយបានច្រើនដើម្បីឱ្យប្រជាជនបានជ្រាបនិងនាំគ្នាទៅ ចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា»។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋម្នាក់ដែលបានសាកសួររកទីតាំងចាក់វ៉ាក់សាំងក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ។
សូមបញ្ជាក់ថាគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញនៅពេលថ្មីៗនេះបានបើកកន្លែងចាក់វ៉ាក់សាំងចំនួន ៣ កន្លែងសម្រាប់ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់។ទីតាំងទាំង៣នោះរួមមានមន្ទីរពេទ្យព្រះអង្គឌួង មជ្ឈមណ្ឌលគាំពារសុខភាពមាតានិងទារកនិងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ។
នេះជាការបើកឱកាសលើកទី២ហើយជូនដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញដែលបានធ្វើឡើងតាំងពីខែឧសភាមកនោះ ៕