ភ្នំពេញៈ​ក្រោយ​លើកទ័ព​ចូល លុកលុយ​និង​កាន់កាប់​អស់​រយៈពេល ២០​ឆ្នាំ​ក្រោមលេស​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​បណ្តាញ ភេរវជន​និង​ផ្តួលរំលំ​របប​ផ្តាច់ការ ទីបំផុតអាមេរិក​បានសម្រេច​ចិត្ត​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាន​វិញ​ដោយ​​ទុក​ឲ្យ​ប្រជាជន នៃ ប្រទេស​នេះ​រស់​តាមយថាកម្ម​របស់ខ្លួន​។


រូបថតៈឧទ្ធម្ភាគចក្រ​អាម៉េរិក​ហោះ​លើ​ស្ថានទូត​ដើម្បី​ជម្លៀស​បុគ្គលិក​ទូត​ទៅកាន់​អាកាសយានដ្ឋាន​

​ក្រុម​តា​លី​បង់​ដែល​អាមេរិក​បានធ្វើ សង្គ្រាម​ប្រឆាំង​អស់​រយៈពេល​ពីរ​ទសវត្ស​រ៍​ក៏បាន​វាយ​ដណ្តើម​កាន់កាប់​ទីតាំង​សំខាន់ៗ ​មកវិញ ហើយ​កំពុង​រុលចូល​ទៅកាន់​ទី​ក្រុង​កា​ប៊ុល​ដែលជា​រដ្ឋធានី​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន​។​រូបភាព​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន​បរទេស​បានបង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​រត់គេច​ពី​សង្គ្រាម​​របស់​ប្រជាជន​​អា​ហ្វ​ហ្គា​នី​ស្ថាន​
​យ៉ាង​ប្រសេចប្រសាច​ក្រោម​ស្នូរ​គ្រាប់កាំភ្លើង​លាន់លឺ​កងរំពង និង​ក្រោម​ការគំរាមកំហែង​របស់​កងទ័ព​តា​លី​បង់​។

​អ្វីដែល​គួរ​ឲ្យ​អ​ណោ​ច​អធម​បំផុត​នោះ គឺ​ស្ត្រី​និង​កុមារ​ដែល​រត់​ភៀសខ្លួន​ពី​គ្រាប់កាំភ្លើង​។ ជីវិត​រស់​​នៅក្រោម​ដំបូល​តង់​, រូបភាព​មនុស្ស​ឈរ​តម្រង់​ជួរ​គ្នា​ដើម្បី​ទទួលបាន​ទឹក​និង​ចំណីអាហារ​, រូបភាព​អាគារ​បាក់បែក​ដោយសារ​សង្គ្រាម​, រូបភាព​អណ្តាតភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់​ដែល​បង្កឡើង​ដោយសង្គ្រាម​, រូបភាព​មនុស្ស​រងរបួស​និង​ស្លាប់ បាននិងកំពុង​បង្ហាញឡើង​នៅក្នុង​ប្រទេស​ដែល​បាន​ចាត់ទុក​អាមេរិក​ជាទី​ពឹង​អស់​រយៈពេល​២០​ឆ្នាំ​។

​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​ហែល​ឆ្លងកាត់​ស្ថានភាព​ដូចគ្នា​កាល ពី​អតីតកាល​និង​ធ្លាប់ភ្លក់​រសជាតិ​សង្គ្រាម​កាប់សម្លាប់​ យ៉ាង​ឆ្អែតឆ្អន់​ទៅហើយនោះ ប្រាកដជា​គ្មានអ្វី​​ក្រៅពី​ក្តី​រន្ធត់ តក់ស្លុត​និង​ការសោកស្តាយ អាណិតអាសូរ​ចំពោះ​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​នោះឡើយ​។

​សោកនាដកម្ម​ដែល កំពុង​កើត​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នាពេលនេះ​​មិនមែនជា​រឿង​ថ្មីថ្មោង​នោះទេ ប៉ុន្តែ «​វា​គឺជា​ការដើរ​ជាន់​ដាន​ចាស់​របស​សហរដ្ឋអាមេរិក​»​តែប៉ុណ្ណោះ​។

​ប្រជាពលរដ្ឋ​ខ្មែរ​និង​ពលរដ្ឋ​វៀតណាម ​ក៏ដូចជា​មនុស្ស​ជាច្រើន​ទៀត​នៅក្នុង​ពិភពលោក ពិតជា​នៅ​ចងចាំ​បាន​នូវ «​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង​នៅ​កម្ពុជា​និង​វៀតណាម កាលពី​កន្លះ​សតវត្សរ៍​កន្លងទៅ​»​។

​កាលណោះ សហរដ្ឋអាមេរិក​ដែល​នៅ​ពី ក្រោយ​របប​សាធារណរដ្ឋ​ខ្មែរ​​ដឹកនាំ​ដោយ​សេនាប្រមុខ លន់ នល់ ​បាន​ជួយ​ឲ្យ ​របប​នេះ​បាន​កាន់អំណាច​ក្រោយពី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ នា​ថ្ងៃ ១៨ មីនា ១៩៧០ ។

ប៉ុន្តែ ៥​ឆ្នាំ​ក្រោយមក ស្រាប់តែ​អាមេរិក​បាន​ដោះដៃ​ចេញពី​កម្ពុជា​ដោយ​ទុក​ឲ្យ​របប​ខ្មែរក្រហម​វាយ​ដណ្តើម​យកជ័យ​ជំ​នៈ លើ​របប លន់ នល់ ហើយ​បាន​ចូលកាន់​កាប់​អំណាច​នៅ​ថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥​។ រូបភាព​ប្រទេស​កម្ពុជា នៅពេលនោះ គឺ​ដូចគ្នា​បេះបិត​នឹង​អ្វីដែល​បាន និង​កំពុង​កើតមាន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នាពេល​នេះដែរ​។

​ពួក ប៉ុល ពត បានធ្វើ​ទារុណកម្ម​និង​កាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាង​ពីរលាន នាក់​ក្រោម​ក្រសែភ្នែក​មិន​អើពើ​របស់​​សហគមន៍​អន្តរជាតិ​។
​ជា​ភ័ព្វសំណាង ប្រជាពលរដ្ឋ​ខ្មែរ​បាន​រួច​រស់​ជីវិត​និង​បាន​ស្គាល់​សុខសន្តិភាព​ដូច​បច្ចុប្បន្ន ដោយ សារ​ចលនា​រណសិរ្ស ២​ធ្នូ ១៩៧៨ និង​​ជ័យ​ជម្នះ ៧ មករា ១៩៧៩ កុំ​អី​ខ្មែរ ប្រហែលជា​ដាច់​ពូជ​ពី​ភពផែនដី​បាត់ទៅ ហើយ​។ ឥឡូវនេះ កន្លះ​សតវត្សរ៍​ក្រោយមក រូបភាព​ដូចគ្នានេះ​ក៏​បាននិងកំពុង​កើតឡើង​វី​ញ​ជាថ្មី​នៅលើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​។
​ក្រោម​ហេតុផល​នៃ​ការ​តាម​ប្រ​មាញ់​បណ្តាញ​ភេរវជន​និង​ផ្តួលរំលំ​របប​ផ្តាច់ការសហរដ្ឋអាមេរិក​ក៏បាន​លើកទ័ព​ធ្វើសង្គ្រាម​ចូលលុកលុយ​ប្រទេស​អាហ្គានីស្ថាន​កាលពី​ឆ្នាំ​២០០១ ដោយបាន​ផ្តួលរំលំ​របប​តា​លី​បង់ ហើយ​បាន​បង្កើត​របប​ដឹកនាំ​ថ្មី​មួយ​ដែល​ខ្លួន​គិតថា មាន​ប្រជាធិបតេយ្យ​និង​ការគោរពសិទ្ធិមនុស្ស​។
​ប៉ុន្តែ រយៈពេល​២០​ឆ្នាំ​នៃ​ការកាន់កាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន សហរដ្ឋអាមេរិក​មិន បាន​កសាង​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ជូន​ប្រទេស​នេះ​​ដូចដែល​ខ្លួន​បាន​អះអាង​នោះឡើយ​។ សូម្បីតែ​ការអភិវឌ្ឍ​ប្រទេស​នេះ​ក៏​អាមេរិក​មិនបាន​អើពើ​ដែរ​។
២០ ឆ្នាំ​ក្រោយមក ដោយ​យល់ឃើញថា ខ្លួន​គ្មាន​លុយ​សម្រាប់​ចំណាយ​ទៅលើ​សង្គ្រាម​នេះ​ទៀត​ទេ និង​ដោយយល់ឃើញ ថា ប្រទេស​នេះ​គ្មាន​ប្រយោជន៍​ទៀតឡើយ អាមេរិក​ក៏បាន ដោះដៃ​ចោល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​ទុក​ឲ្យ​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​​វាយលុក​ចូលកាន់​កាប់​ជាថ្មី ហើយ​ប្រហែលជា​មិនយូរប៉ុន្មាន​ទៀត ទេ រដ្ឋាភិបាល​ទីក្រុង​កា​ប៊ុល​ដែល​បង្កើតឡើង​ដោយ​សហរដ្ឋអាមេរិក​នឹង​ដួលរលំ​។​

តើ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​បានទទួល​អ្វីខ្លះ​ពី​រដ្ឋាភិបាល​ដែល​បន្តុប​ឡើង​ដោយ​សហរដ្ឋអាមេរិក​? តើ​ឯណា ទៅ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ទាប់ពី​ស្ថិតក្នុង​កណ្តាប់ដៃ​អាមេរិក​អស់​រយៈពេល ២០ ឆ្នាំ​? ទាំងនេះ​គឺជា​សំណួរ​ដែល ពិ​ព​ភ​លោក​ទាំងមូល​កំពុង​ចោទសួរ​។​សំណួរ​នេះ​ពិតជា​មាន​អត្ថន័យ​ណាស់​សម្រាប់​មនុស្សជាតិ នៅលើ​ភពផែនដី ។​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការប្រកួត​​ប្រជែង​ភូមិសាស្ត្រ នយោបាយ​របស់​​មហាអំណាច​ដែល បញ្ហា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​តែង​​តែ​ត្រូវបាន​គេ​លើ​កមក​ធ្វើជា​លេស​​សម្រាប់​ធ្វើបាប​ប្រទេស​ទន់ខ្សោយ​។​

​ម្យ៉ាង​វី​ញ​ទៀត ប្រសិន បើ​បញ្ហា​សិទ្ធមនុស្ស​និង​ប្រជាធិបតេយ្យ ពិតជា​តំលៃ​ស្នូល​របស់​សហរ​ដ្ធ​អា​មេ​រីក​ដូច​ការ​ពើងទ្រូង​អះអាង​មែន​នោះ គឺ​អា​មេ​រីក​ពិតជា​មិន​ដកទ័ព​និង​បោះបង់​ប្រជាជន​​អា​ហ្វ​ហ្កា​នី​ស្ថាន​​ចោល​នោះទេ​។

​ប៉ុន្តែការ​ដកទ័ព​ចេញពី​អាហ្គានីស្ថាន​នេះ គឺអាច​ថា អាមេរិក​កំពុង​ប្រើ​យុទ្ធសាស្ត្រ «​ព្រួញ​មួយ​បាញ់​យក​ចាប​៣» ពោល​គឺ អាមេរិក​កំពុងបង្វែរ​សមរភូមិ​ទៅ​ទប់​ជាមួយ​រុស្ស៊ី​ផង ទប់​ជាមួយ​ចិន​ផង និង​បំពេញចិត្ត​ពួក​អឺរ៉ុប​ផង :ទី​១៖ អាមេរិក​ដកទ័ព​ចេញ ពី​អា​ហ្វ​ហ្កា​​នី​ស្ថាន ហើយ​យកទៅ​ពង្រាយ​នៅ​ជិត​​តំបន់ Crimée/Crimea ដើម្បី​គំរាម​និង​ទប់​រុស្ស៊ី​ក្នុងករណី​រុស្សី​វ៉ៃ​យក​ប្រទេស​៣ នៅ​តំបន់​បាល់​ទីក ដែលជា​អតីត​រដ្ឋ​ចំណុះ អតីត​សហភាពសូវៀត ហើយ​ដែល​បាន​ផ្តាច់ខ្លួន​ចេញ​ទាមទារ​ឯករាជ្យ​មុនគេ​ហើយ​។
​ទី​២៖ ការដាក់​ពង្រាយ​ទ័ព​នៅ​ជិត​តំបន់ Crimée/Crimea នេះ ក៏​អាចនឹងទទួល បាន​នូវ​សមានចិត្ត​ខ្លះ​​ពី​ពួក​អឺរ៉ុប​ ផងដែរ​​ពីព្រោះ​ពួក​អឺរ៉ុប​​បារម្ភ​ខ្លាច​សង្គ្រាម​ផ្ទុះ​ម្តងទៀត​ចេញពី​ទឹកដី​របស់ខ្លួន​។​
​ទី​៣៖ ការ​ដកទ័ព​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន គឺ អា​មេ​រីក​បានដឹង​ច្បាស់​ណាស់​ថា ខ្លួន​ពិតជា​មិនអាច​យកឈ្នះ​សង្គ្រាម​លើ​ពួក​​តា​លី​បង់​នេះ​បានទេ ហើយ​ម្យ៉ាង​វី​ញ​ទៀត ពួក​តា​លី​បង់​នេះ ក៏​ជា​អ្នកគាំទ្រ​ពួក Uighur នៅ​តំបន់​ស៊ីន​ជាំ​ង​ដែល​អា​មេ​រីក​កំពុង​ប្រើប្រាស់​ជា​លេស​ដើម្បី​ចោទប្រកាន់​និង​ប្រឆាំង​ទីក្រុង​ប៉េកាំង​ដែរ​។ ដូច្នេះ ជោគវាសនា​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ដូចជា ប្រទេស​ផ្សេងៗ​ទៀត​ដែរ មិនមែនជា​រឿង​ធំដុំ​នោះឡើយ​សម្រាប់​សហរដ្ឋអាមេរិក​។

​កម្ពុជា​និង​វៀតណាម​កាលពី​អតីតកាល និង​អា​ហ្វ​ហ្គា​នី​ស្ថាន​នាពេលនេះ មិនមែនជា​ប្រទេស​តែ​៣​គត់​ដែល​បានទទួល​មេរៀន​ដ៏​ជូរចត់​បែប នេះ​នោះទេ​។ នៅមាន ប្រទេស​ជាច្រើន​ទៀត ដែល​បាន​ភ្លក់​រសជាតិ នៃ​ការ​លើកទ័ព​វាយលុក​ចូល​ពី​សំណាក់​សហរដ្ឋ អាមេរិក​និង​សម្ព័ន្ធមិត្ត​ក្រោម​ហេតុផល​ផ្តួលរំលំ​របប​ផ្តាច់ការ ហើយ​នាំមក​នូវ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ជូន​ដល់​ប្រទេស​ទាំងនោះ​។ ប្រទេស​ទុយ​នេ​ហ្ស៊ី​, ​អ៊ីរ៉ាក់​, លី​ប៊ី​, ស៊ី​រី និង​អេ​ហ្សី​ប​សុទ្ធសឹង​ជា​ឧទាហរណ៍​យ៉ាង​​ជាក់ស្តែង​បំផុត​ដែល​ទទួលរង​គ្រោះ​នា​រយៈពេល​ចុងក្រោយ​នេះ​។​​ក្រោយ​ការលើក​ទ័ព​ឈ្លានពាន​ដោយ ​ត្រង់ៗ ឬ​ក្រោម​ការ​គាំទ្រ​ចលនា​បដិវត្តន៍​​ ពណ៌​ដើម្បី​ផ្តួលរំលំ រដ្ឋាភិបាល​ចាស់​​ហើយ​លើក​បន្តុប​រដ្ឋាភិបាល​ថ្មី បណ្តា​ប្រទេស​ទាំងនោះ​បាន​ធ្លាក់​ចូលក្នុង​សភាព​ យ៉ាប់យ៉ឺន​និង​ខ្ទេចខ្ទាំ​លើស​ដើម​។ វា​មិន​ខុស​អ្វី​ពី​សុភាសិត​ចាស់​បូរាណ​ថា​«​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច​»​នោះឡើយ មានន័យថា «​ប្រទេស​ក៏​ខ្ទេចខ្ទី រីឯ ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ក៏​គ្មាន​»​ដែរ​។

​ពេលនេះ សំណួរ​ដែល​គេ​ផ្តោត​ការ​​យកចិត្តទុកដាក់​បំផុត​នោះ​គឺ តើ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹងមាន​ជោគវាសនា​ទៅជា​យ៉ាងណា​? ហើយ​តើ​អ្នកណា​ជា​អ្នក ទទួលខុសត្រូវ​ចំពោះ​​សោកនាដកម្ម​នេះ​? ដោយ​ផ្អែកលើ បទពិសោធន៍​
​ប្រវត្តិសាស្ត្រ ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ធ្លាក់​ក្នុង​សភាព​រង​ទុក្ខ​​វេទនា​គ្មាន​ទីបញ្ចប់ ហើយក៏​គ្មាន​អ្នកណា ទទួលខុសត្រូវ​ដែរ​។ សហគមន៍​អន្តរជាតិ​បានត្រឹមតែ​សោកស្តាយ និង​បាន​ត្រឹម​និយាយ​តែ​មាត់ ប៉ុន្តែ ក៍​មិន​អាចជួយ​អ្វី​ដល់​​ប្រជាជន​និង​ប្រទេស ​អា​ហ្វ​ហ្គា​នី​ស្ថាន​បានឡើយ​។ មានតែ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ខ្លួនឯង​ប៉ុណ្ណោះ​ដែលជា​អ្នកកំណត់​ជោគវាសនា​ខ្លួន​ដោយខ្លួន ឯង​។ ​តាមរយៈ​បទពិសោធន៍​កាលពី​អតីតកាល ​និង​ក៏ដូចជា​អ្វីដែល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ជួប​ប្រទះនាពេលនេះ គេ​អាច​ទាញ សេចក្តី​សន្និដ្ឋានបាន យ៉ាងច្បាស់​លាស់​ថា «​អ្នកនយោបាយ​និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នីមួយៗ​ត្រូវ​រួមគ្នា​ដើម្បី​កំណត់​ជោគវាសនា​របស់ខ្លួន​ដោយ​មិន​ត្រូវធ្វើ​នយោបាយ​ពឹង​ផ្អែកលើ​បរទេស នោះ ឡើយ​»​។ «​អ្នកនយោបាយ​និង​មេដឹកនាំ​ដែល​ឆ្លាត​គឺជា​អ្នក​ដែល​ចេះ​កសាង​មិត្ត​ជាមួយ​បរទេស​គ្រប់ទិសទី ហើយ​ចេះ​ទាញយក​ប្រយោជន៍​ពី​បរទេស​ដើម្បី​មក​បំប៉ន​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ចជាតិ​របស់​ខ្លួន​តែ​មិន​ធ្វើជា​រណប ឬ ជា​អាយ៉ង កូនអុក​បរទេស​ឡើយ​»​។ «​រីឯ​អ្នកនយោបាយ​ណា​ដែល​ស្ថិតក្រោម​ខ្សែ​ញាក់​របស់​បរទេស ហើយ​តែងតែ ពឹង​បរទេស​ឲ្យ​ជួយ​ផ្តួលរំលំ​រដ្ឋាភិបាល បច្ចុប្បន្ន​ដើម្បី​លើក​បន្តុប​ខ្លួន​ជា​មេដឹកនាំ​ក្រោមលេស «​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​» គឺជា​អ្នកនយោបាយ​ដែល​អន់​បំផុត​, ល្ងង់​បំផុត​និង​មិនបាន​រៀន សូត្រ​អ្វី​សោះ​ពី​ប្រវត្តិសាស្ត្រ​»​។
នេះ​ជា​អ្វីដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ចងចាំ​ទុកជា​មេរៀន​ប្រវត្តិសាស្ត្រ​ជានិច្ច​និង​មិនត្រូវ​ភ្លេចខ្លួន​ឡើយ​៕

ដោយៈ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សង្គម​នៃ​សាកលវិទ្យាល័យ​កំពង់ចាម​