ដោយ៖តារារិទ្ធ/ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតា ជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទាំងទ្វេនឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១ស្អែកនេះ ។ ក្នុងឱកាសព្រះអវត្តមានរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានឹងជួយព្រះអង្គក្នុង ឋានៈជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី១៤ខែសីហា ឆ្នាំ ២០២១។
នៅក្នុងព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនជនរួមជាតិព្រះអង្គបានមានព្រះរាជបន្ទូល ថា៖«ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអនុញ្ញាត និង អនុញ្ញាតពីសម្តេចព្រះ មហាសង្ឃ រាជទាំងពីរគណៈនិងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គសម្តេចឯកឧត្តមលោកជំទាវអស់លោក លោកស្រី លោកតា លោក យាយ មាមីង បងប្អូន ក្មួយៗ ជនរួម ជាតិទាំងអស់អវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១តទៅធ្វើដំណើរទៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យ-ព្យាបាលព្រះរាជ សុខភាព »។ ,
ព្រះរាជសាររបស់ព្រះអង្គបន្តថា៖«នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានឹងទទួល ជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈ ជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា» ។
គួររំលឹកជូនថាព្រះមហាក្សត្រ និង ព្រះមហាក្សត្រី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទាំងទ្វេកាលពីខែមិនាឆ្នាំ២០២១បានយាងទៅពិនិត្យព្រះរាជសុខភាពនៅទី ក្រុងប៉េកាំងប្រទេសចិននិងបានយាងត្រឡប់មកដល់មាតុប្រទេសវិញនាខែមេសា ២០២១បន្ទាប់ពីព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពរយៈពេលជាង១ខែនៅរដ្ឋ ធានីប៉េកាំងប្រទេសចិន ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទាំងទ្វេស្តេចយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនជាទៀងទាត់រយៈពេល ៦ ខែ ម្តងតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន ៕