ប្រែសម្រួលៈវាសនា/កាប៊ុល៖ ពួកបះបោរតាលីបង់វិលមកកាន់អំណាចនៅក្រុងកាប៊ុលឡើងវិញកាលពីថ្ងៃចន្ទទី១៦សីហា ក្រោយការវាយដណ្តើមកាន់កាប់ទឹកដីនៅទូទាំងអាហ្វហ្គានីស្ថាននៅពេលកងកម្លាំងដឹកនាំដោយអាម៉េរិកដកចេញ និងបណ្តាប្រទេសលោកខាងលិចបង្កើនការជម្លៀសពលរដ្ឋរបស់គេចេញពីរដ្ឋធានីកាប៊ុល។
ពួកយុទ្ធជនតាលីបង់ចូលកាន់កាប់វិមានប្រធានាធិបតីអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ
ប្រធានាធិបតី អាសរ៉ាហ្វ ហ្កានី បានភៀសខ្លួនចេញក្រៅប្រទេសកាលពីថ្ងៃអាទិត្យ នៅពេលពួកសកម្មប្រយុទ្ធអ៊ីស្លាមចូលក្នុងរដ្ឋធានី ដោយលោកបានបញ្ជាក់ថាលោកចង់បញ្ចៀសការបង្ហូរឈាម។ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យតាលីបង់បានប្រកាសថា សង្គ្រាមត្រូវចប់ហើយប្រជាជនអាហ្វហ្គានីស្ថាននឹងរៀនអំពីអ្វីដែលរបបគ្រប់គ្រងថ្មីមួយនឹងកើតឡើង។
នៅរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ ពួកប្រឆាំងនឹងការសំរេចចិត្តរបស់ប្រធានាធិបតី ចូ បៃដិន ក្នុងការបញ្ចប់សង្គ្រាមយូរបំផុតរបស់អាម៉េរិក បាននិយាយថាភាពវឹកវរនេះត្រូវបានបង្កឡើងដោយបរាជ័យនៃភាពជាអ្នកដឹកនាំមួយនៅពេលអាម៉េរិកបញ្ជូនទាហានអាម៉េរិកបន្ថែមទៅជួយសង្គ្រោះពលរដ្ឋអាម៉េរិក។
ពេញមួយយប់ថ្ងៃអាទិត្យ ចំណុចផ្តោតគឺអាកាសយានដ្ឋានក្រុងកាប៊ុល កន្លែងដែលជនជាតិអាហ្វហ្គានីស្ថានរាប់រយនាក់បានស្វះស្វែងភៀសខ្លួនចេញពីប្រទេសនិងកំពុងរង់ចាំជើងហោះហើរ ដោយអ្នកខ្លះអូសទាញវ៉ាលីសអីវ៉ាន់កាត់ផ្លូវយន្តហោះទាំងងងឹត។
ប្រភពព័ត៌មានមួយនៅអាកាសយានដ្ឋាន ការប្រវាយប្រតប់គ្នាមួយបានកើតឡើងក្នងចំណោមមនុស្សដែលមិនអាចទទួលបានការឡើងជិះយន្តហោះនៅពេលការចាកចេញត្រូវបានបញ្ឈប់។
ទូរទស្សន៍ក្នុងស្រុក1TVក៏បានរាយការណ៍ការផ្ទុះគ្រាប់ជាច្រើននៅក្នុងរដ្ឋធានីក្រោយមេឃងងឹត តែទីក្រុងជាទូទៅមានភាពស្ងាត់ក្នុងអំឡុងថ្ងៃអាទិត្យ។ក្រុមជួយសង្គ្រោះបាននិយាយថា មនុស្សរបួស៨០នាក់ត្រូវបាននាំមកមន្ទីរពេទ្យក្រុងកាប៊ុល។
គេនៅមិនទាន់ដឹងថាតើលោកហ្កានីភៀសខ្លួនទៅកាន់ប្រទេសណា និងប្រគល់អំណាចអោយនរណានៅពេលពួកតាលីបង់វាយរុលចូលលឿនដូចផ្លេកបន្ទោរ។
ក្នុងការការបង្ហោះសារតាមហ្វេសប៊ុក លោកហ្កានីបាននិយាថាលោកបានចាកចេញពីប្រទេសដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាជាមួយពួកតាលីបង់ដែលអាចនឹងបង្កគ្រោះថ្នាក់ជនស៊ីវិលរាប់លាននាក់នៅក្រុងកាប៊ុល។លោកមិនបានបញ្ជាក់ថាលោកកំពុងស្ថិតនៅទីណាទេ។
អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះនៅកាប៊ុលបានហៅលោកហ្កានីថាជាមនុស្សកំសាកដោយសារលោកភៀសខ្លួនយករួចខ្លួនតែឯងហើយដោយទុកអោយពួកគេជ្រួលច្របល់។
ក្នុងពេលជាមួយគ្នាអ្នកនាំពាក្យតាលីបង់បានប្រាប់ទូរទស្សន៍Al Jazeeraថា ក្រុមខ្លួនចង់បានទំនាក់ទំនងល្អមួយសហគមន៍អន្តរជាតិ៕
យុទ្ធជនតាលីបង់ជិះរថយន្តHumvee របស់អាម់េរិកចូលក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យ