ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ រថយន្តយោធាមួយចំនួនដែលដំណើរការដោយកងទ័ពអាកាសអាហ្វហ្គានីស្ថានដែលឈរជើងនៅអាកាសយានដ្ឋានកាន់ដាហាបានធ្លាក់ក្នុងដៃរបស់តាលីបង់ បន្ទាប់ពីក្រុមភេរវករនេះបានដណ្តើមកាន់កាប់មូលដ្ឋានទ័ពអាកាសមួយកាលពីដើមសប្តាហ៍នេះ។
នៅក្នុងវីដេអូនិងរូបថតជាច្រើនដែលក្រុមភេរវករនេះបានផ្សាយ ឧទ្ធម្ភាគចក្រធុន UH-60 Black Hawks ចំនួន ២ គ្រឿងនិងឧទ្ធម្ភាគចក្រ Mi-17 ចំនួន ២គ្រឿងត្រូវបានបោះបង់ចោលដោយកងកម្លាំងរដ្ឋាភិបាលដែលដកថយចេញពីអាកាសយានដ្ឋាន។ ឧទ្ធម្ភាគចក្រ Black Hawks ត្រូវបានផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិកនិងជាផ្នែកមួយនៃការចំណាយ ៨៨ពាន់លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោនទៅលើសន្តិសុខប្រទេសនេះនិងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការត្រៀមខ្លួនរបស់យោធាអាហ្វហ្គានីស្ថានដើម្បីប្រយុទ្ធជាមួយតាលីបង់ដោយគ្មានជំនួយពីខាងក្រៅ។
លើសពីនេះ គេឮសំឡេងមនុស្សម្នាក់ស្រែកពីខាងក្រោយវីដេអូថា ឧទ្ធម្ភាគចក្រយោធាសរុបចំនួន ៥គ្រឿងនិងយន្តហោះជាច្រើនទៀតត្រូវបានតាលីបង់រឹបអូសបាននៅអាកាសយានដ្ឋានកាន់ដាហា។ ទោះយ៉ាងណា វីដេអូនោះបង្ហាញថាមិនមែនឧបករណ៍ទាំងអស់សុទ្ធតែអាចដំណើរការបាននោះទេ។ ឧទ្ធម្ភាគចក្រ Mi-17 មួយគ្រឿងបានបាត់ស្លាបចក្រអស់រលីងចំណែកឧទ្ធម្ភាគចក្រមួយទៀតត្រូវបានគ្របដោយក្រណាត់មួយ ដោយស្លាបចក្រត្រូវបានដកចេញទៅទុកមួយឡែក។
ឧទ្ធម្ភាចក្រ Black Hawks មួយគ្រឿងដែលផ្គត់ផ្គង់ដោយអាម៉េរិកត្រូវបានពុះម៉ាស៊ីនទំនងសម្រាប់ជួសជុល។ ក្នុងពេលជាមួយគ្នានេះដែរឧទ្ធម្ភាគចក្រអាម៉េរិកមួយទៀតឃើញនៅលើទីវាលទំនងត្រៀមហោះចេញ។ គ្មាននរណាអាចប្រាប់បានទេថាតើពួកតាលីបង់មានអ្នកមានសមត្ថភាពបើកយន្តហោះទាំងនេះបានឬអត់ប៉ុន្តែវីដេអូមួយដែលផ្សាយនៅដើមសប្តាហ៍នេះបានបង្ហាញក្រុមយុទ្ធជនតាលីបង់ត្រូវបានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់ទីតាំងមិនស្គាល់មួយ។
ក្រុមតាលីបង់កាលពីមុនបានរឹបអូសយកអាវុធធុនតូច ឧបករណ៍នានានិងរថពាសដែកដែលផ្តល់ដោយវ៉ាស៊ីនតោនពីកងទ័ពអាហ្វហ្គានីស្ថានដែលរត់គេចឬចុះចូលជាមួយពួកគេ។ ចលនាភេរវករនេះបានបង្កើនការរុលទៅមុខលឿនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះចំពេលដែលអាម៉េរិកនិងណាតូដកខ្លួនចេញពីប្រទេសនេះដោយពួកនេះបានចូលដល់រដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យទី១៥ ខែសីហាខណៈប្រធានាធិបតី អាសរ៉ាហ្វ ហ្គានី បានចាកចេញពីប្រទេសបន្ទាប់ពីការចរចាសុំចុះចាញ់។ កាលពីមួយខែមុនប្រធានាធិបតីអាម៉េរិកលោកចូបៃដិនបានទទូចអំឡុងពេលសន្និសីទសារព័ត៌មានមួយថា ការដែលតាលីបង់ដណ្តើមកាន់កាប់អាហ្វហ្គានីស្ថាន “មិនមែនមិនអាចបញ្ចៀសបាននោះទេ” ហើយលើកឡើងថា កងទ័ពអាហ្វហ្គានីស្ថានមានកម្លាំងគ្រប់គ្រាន់ដើម្បីប្រយុទ្ធជាមួយក្រុមនេះហើយ៕
ពួកតាលីបង់អះអាងថារឹបអូសបានយន្តហោះនិងឧទ្ធម្ភាគចក្រអាម៉េរិកជាច្រើនគ្រឿងនៅទីក្រុងកាន់ដាហា