ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ជនសង្ស័យ ចំនួន ១៤ នាក់ ក្នុងករណីល្មើសនឹង វិធានការ របស់ក្រសួងសុខាភិបាល នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការបើក លេងល្បែង ស៊ីសងខុសច្បាប់ (ភ្នាល់មាន់ តាមអនឡាញ, ភ្នាល់ឡូតូ តាមអនឡាញ, និងលេងអាប៉ោង) ត្រូវកម្លាំងនគរបាល រាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះ ដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងមានការអនុញ្ញាតពីលោក សេង ហៀង ជាព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០ ព្រឹក បានបញ្ជាឱ្យកម្លាំង អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ កសាងសំណុំរឿង តាមនីតិវិធី បញ្ជូនជនសង្ស័យ ចំនួន ១៤ នាក់ ដែលក្នុងនោះរួមមាន៖ -អ្នកបើកភ្នាល់ឡូតូ អនឡាញ ចំនួន ២ នាក់
-អ្នកបើកភ្នាល់ជល់មាន់ អនឡាញ តាមទូរទស្សន៍ ចំនួន ១ នាក់ -អ្នកបាញ់អាប៉ោង ចំនួន១ នាក់
-រួមទាំងមនុស្សចំនួន ១០ នាក់ទៀត ដែលលេងល្បែងស៊ីសង ខាងលើទៅសាលា ដំបូង រាជធានីភ្នំពេញ ។
ដោយឡែក មនុស្សចំនួន ១៧ នាក់ទៀត ដែលជាអ្នកឈរមើល ហែរហមនៅក្នុង ទីតាំងលេងល្បែង ខាងលើ ត្រូវបានធ្វើការអប់រំ និងផាកពិន័យ តាមអន្តរការណ៍ នៃមាត្រា ១៩ នៃច្បាប់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងមានការធ្វើលិខិតធានា ពីឪពុក ម្តាយ និងអាណាព្យាបាល អោយត្រឡប់ទៅ លំនៅដ្ឋានវិញ ៕/V-PC