ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ កាលពីថ្ងៃទី១២សីហា រុស្ស៊ីបានចាប់ខ្លួនអ្នកវិទ្យាសាស្ត្រកំពូលម្នាក់ ដែលមានជំនាញខាងមីស៊ីលលឿនជាងសំឡេងពីបទសង្ស័យក្បត់ជាតិ។
សាស្ត្រាចារ្យ ឈ្មោះ អាឡិចសាន់ឌ័រ គូរ៉ានូវ អាយុ ៧៣ ឆ្នាំត្រូវបានឃុំខ្លួនដោយសេវាកម្មប្រឆាំងចារកម្ម FSBដែលចោទគាត់ថាបានប្រគល់អាថ៌កំបាំងឱ្យទៅប្រទេសសមាជិកអង្គការណាតូដែលមិនបញ្ចេញឈ្មោះមួយ។
លោកនឹងត្រូវឡើងតុលាការ Lefortovoនៅទីក្រុងមូស្គូនៅថ្ងៃព្រហស្បតិ៍ទី១៩សីហា ហើយរំពឹងត្រូវជាប់ឃុំរយៈពេល ២ ខែដើម្បីរង់ចាំការស៊ើបអង្កេត។
ការចាប់ខ្លួនលោកធ្វើឡើងបន្ទាប់ពីជនជាតិអង់គ្លេសឈ្មោះ ដេវីដ ស្មីត ដែលជាសន្តិសុខម្នាក់នៅស្ថានទូតអង់គ្លេសប្រចាំប្រទេសអាល្លឺម៉ង់ ត្រូវបាននាំខ្លួនទៅសាកសួរដោយសង្ស័យថាបានបញ្ជូនព័ត៌មានសម្ងាត់ទៅវិមានក្រឹមឡាំង។
លោកដេវីដ ស្មីត ត្រូវបានចោទប្រកាន់ពីបទបញ្ជូនឯកសារសម្ងាត់ឱ្យទៅចារកម្មរុស្ស៊ី។
ការចាប់ខ្លួនលោកបានកើតឡើងនៅពេលដែលរុស្ស៊ីកំពុងប្រញាប់ប្រញាល់ដាក់ពង្រាយមីស៊ីលលឿនជាងសំឡេងដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មដ៏ធំមួយនៃក្បាលម៉ាស៊ីនយោធារបស់វិមានក្រឹមឡាំងដែលត្រួតពិនិត្យដោយលោកវ្ល៉ាឌីមៀរ ពូទីន ផ្ទាល់។
លោកគូរ៉ានូវគឺជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិជ្ជាមីស៊ីលលឿនជាងសំឡេងនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែ FSB ដែលកាលពីមុនគេស្គាល់ថា KGB ជឿថាគាត់បានបញ្ជូនទិន្នន័យសម្ងាត់ឱ្យទៅប្រភពចារកម្មរបស់លោកខាងលិច។
លោកគឺជាអគ្គនាយកនិងជាអ្នករចនាម៉ូដមីស៊ីលនៃសហគ្រាសស្រាវជ្រាវវិទ្យាសាស្ត្រនៃប្រព័ន្ធមីស៊ីលលឿនជាងសំឡេង ហៅកាត់ថា NIPGS៕
លោក អាឡិចសាន់ឌ័រ គូរ៉ានូវ ត្រូវបានចាប់ខ្លួនដោយសង្ស័យប្រគល់ការសម្ងាត់ឱ្យទៅប្រទេសសមាជិកអង្គការណាតូ