​ដោយៈ វណ្ណៈ / ព្រះសីហនុៈ មន្ត្រី​រដ្ឋបាលខេត្ត បាន​ថ្លែងប្រាប់​បណ្តាញ​ផ្សព្វផ្សាយ ក្នុងស្រុក នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១​នេះ​ថាៈ ក្នុង​រយៈពេល ៣ ថ្ងៃ​ចុង​ក្រោយនេះ ស្ថានភាព​នៃ​ការឆ្លង​រាលដាល ពី​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ព្រះសីហនុ បាន​ថយចុះ​ច្រើន បើ​ប្រៀបធៀប​នឹង​ការឆ្លង​រាលដាល កាលពី​ប៉ុន្មាន​ខែ​មុន​។

​តាម​របាយការណ៍​ពី​មន្ត្រី​រដ្ឋបាលខេត្ត បាន​ឲ្យ​ដឹងថាៈ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​ថ្មី តែ ៥ នាក់​ប៉ុណ្ណោះ ហើយ​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្លង​ថ្មី ចំនួន ២០ នាក់ និង​នៅ​ថ្ងៃទី​១៥ ខែសីហា អ្នក​ឆ្លង​ថ្មី មាន​ចំនួន ១៧ នាក់ ដែល​អាច​និយាយបានថា ចំនួន​អ្នក​ឆ្លង​ថ្មី បាន​ថយចុះ​ច្រើន​ហើយ ខុសពី​ពេលមុន ដែល​ថ្ងៃ​ខ្លះ មាន​អ្នក​ឆ្លង​ថ្មី រហូតដល់​ជាង ១០០ នាក់ ឬ ថ្ងៃ​ខ្លះ​ជាង ២០០ នាក់ ក៍មាន​ដែរ​។​

​លទ្ធផល​ដែល​ទទួលបាន​នេះ ក្រោយពី​អាជ្ញាធរ រដ្ឋបាលខេត្ត​ព្រះសីហនុ អនុវត្តន៍​វិធានការ​នានា ដែល​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដាក់ចេញ ក៍​ដូចជា វិធានការ​រដ្ឋបាល រួមមាន​ការអនុវត្ត​ន៍​បំរាម​គោចរ​ជាដើម ដែល​ឈានទៅ​កាត់ផ្តាច់​ប្រភព​ចម្លង​។

​តាម​របាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ដែរ​ថាៈ មាន​ពលរដ្ឋ​យើង ច្រើន​លើសលុប បាន​ចូលរួម​អនុវត្តន៍ គ្រប់​វិធានការ ដែល​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​ព្រះសីហនុ ដាក់​ឲ្យ​អនុវត្តន៍ ប៉ុន្តែ​ក៍​នៅមាន​ពលរដ្ឋ មួយចំនួន មិន​អនុវត្តន៍​តាម ដូចជា​ល្មើស​ក្នុង​ការជួបជុំ​គ្នាច្រើន ហូបចុក​គ្រឿង​ស្រវឹង ឬ​ល្មើ​សនឹង​បំរាម​គោចរ ក្នុងនោះ អ្នក​ល្មើស​បំរាម​ខ្លះ ត្រឹម​អប់រំ​ឲ្យ​បញ្ឈប់ ខ្លះ​ទទួល​នូវ​ការផាកពិន័យ ជា​ប្រាក់ និង​មាន​ខ្លះទៀត បាន​បញ្ជូនទៅ​ផ្តន្ទាទោស នៅ​សាលាដំបូង​ខេត្ត​។

​ទោះជា​យ៉ាងនេះ​ក្តី អាជ្ញាធរ​រដ្ឋបាល ខេត្ត​ព្រះសីហនុ នៅតែ​បន្ត​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​អនុវត្តន៍ គ្រប់​វិធានការ ពិសេស​សូម​ចូលរួម​ទាំងអស់គ្នា អនុវត្តន៍​វិធានការ ៣ ការពារ និង ៣ កុំ ដើម្បី​កាត់ផ្តាច់​ប្រភព​ចម្លង ជំងឺ​កូ​វីដ ១៩ ក្នុង​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​រៀបចំ​គ្រប់ សកម្មភាព​អភិវឌ្ឍន៍ សង្គម​ឡើងវិញ​៕/V​.mara