ដោយៈ សុ​ផានី​តា / កោះកុង​៖ ក្រុមអាជីវករ​ជាច្រើន​នាក់ បាន​ពុះ​ក​ព្ជ្រោ​ល នាំគ្នា រៀបចំ​សម្អាត តូប​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ដងទង់ បន្ទាប់ពី​មានការ​ដើរ​ខ្សឹបខ្សៀវ ការបើក​ភ្លើង​ខៀវ​ពី​លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ​ដងទង់​ថា បើក​ដំណើរការ​អាជីវកម្ម នៅ​ថ្ងៃទី​១៦ ខែសីហា​នេះ​។ តែ​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ បដិសេធ​មិន​អនុញ្ញាតឱ្យ​។​

​ក្រោយ​មានការ​ដើរ​ប្រាប់តៗ​គ្នា ដាក់​ត្រចៀក​ក្រុមអាជីវករ ដែលមាន​តូប​លក់ដូរ ក្នុង​ផ្សារ​ពី​លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ​ដងទង់ និង​គូកន​របស់ខ្លួន​ថា នឹងមាន​ការ បើកទ្វារ ដំណើរការ​ផ្សារ​ដងទង់ គេ​សង្កេតឃើញ មាន​ក្រុមអាជីវករ មួយចំនួនធំ ហាក់​មានចិត្ត​ពុះ​ក​ព្ជ្រោ​ល នាំគ្នា​មក​លក់ដូរ ទាំង​លែងមាន​ការភ័យខ្លាច រឿង​ឆ្លង ជំងឺ​កូ​វីដ ១៩​។​

​ក្រុមអាជីវករ ដែល​បើក​តូប​លក់ដូរ អះអាងថា គឺ​ដោយសារ​តែមាន​តាម​ការ​ប្រាប់តៗ​គ្នា ពី​លោក ម៉ក់ ណុ​ច ដែលជា​ប្រធាន​ផ្សារ​ដងទង់ ហើយ​កូនចៅ​របស់គាត់​កាលពី​ល្ងាច ថ្ងៃទី​១៥ សីហា ម្សិលមិញ​ថា មក​លក់ដូរ ក្នុង​ផ្សារ​វិញ​បាន​ហើយ​។​

​អា​ជីករ បាន​បន្ថែមថា ព្រោះតែ​ចិត្ត​ចង់​ស្តារ​សេដ្ឋកិច្ច របស់ខ្លួន​វិញ​ក្រោយ​អាក់ ខាន​លក់ដូរ ជិត ២ ខែ ទើប​ចេះតែ​មក​បើក​តូប​លក់​។​

​អំឡុងពេល​បើក​តូប​លក់ ហើយ​ក្រុម​អ្នកសារព័ត៌មាន សម្ភាសន៍​គេ​ឃើញ​មាន​ក្រុម សមត្ថកិច្ច​នគរបាល ចុះ​ប្រាប់​ឱ្យ​បិទតូប​លក់​វិញ ជាបន្ទាន់ ព្រោះ​មិនទាន់មាន​លិខិត ឯកសារ សម្រេច​ណាមួយ ពី​ថ្នាក់ដឹកនាំ ខេត្តកោះកុង​នោះទេ ដូច្នេះ​អនុវត្ត វិធាន​ការបន្ត​។

​ភ្លាមៗ អាជីវករ ក៏​ដាក់​ចម្ងល់​សួរ​មក​ក្រុម​អ្នកសារព័ត៌មាន ឱ្យជួយ​ពួកគាត់ ទី​១ ពួកគាត់​ចង់ដឹងថា តើ​ពេលណា អាច​បើកទ្វារ​ផ្សារ​លក់ដូរ​បានទេ​? ទី​២ ប្រសិន​មិន ទាន់​អាច​បើក​ផ្សារ​បាន​ថា​តើ​រដ្ឋបាល ក្រុង​ខេមរភូមិន្ទ និង​ខេត្តកោះកុង រក​ទីតាំង សមស្រប​ណាមួយ ដើម្បី​ផ្តល់​លទ្ធភាព ដល់​ពួកគេ​បាន ប្រកប​អាជីវកម្ម​គ្រាន់​ស្វែង រក​ចំណូល​ខ្លះ មក​ចិញ្ចឹម​ជីវភាព​គ្រួសារ​?​។​

​អា​ជីករ ក៏​ស្នើសុំ​ដល់​លោកស្រី អភិបាលខេត្ត មេត្តាជួយ​ស្វែងរក ដំណោះស្រាយ មាន​ជា​ប្រាក់ឧបត្ថម្ភ លើទឹក​ចិត្ត​ជូន​ពួកគាត់ ដែលជា​អា​ជីករ​ផង ព្រោះ​បិទ​ផ្សារ​ជិត ២ ខែ​ហើយ​។​

​ទាក់ទិន​នឹង​ការ​ល្មើ​សនឹង​បទបញ្ជា របស់លោក​ស្រី មិថុនា ភូ​ថង អភិបាលខេត្ត កោះកុង អំពី​វិធានការ ទប់ស្កាត់ ការចម្លង​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ប្រភេទ​បំប្លែង​ថ្មី ដែល​តា (Delta) ជា​ថ្នូរ​អនុញ្ញាត ឱ្យ​អា​ជីករ ចូល​បើក​តូប​លក់ដូរ គឺ​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ ចេញមុខ​បកស្រាយ​ថា កាលពី​ថ្ងៃទី​១២ ខែសីហា កន្លងទៅ អាជ្ញាធរ​បើក​ការប្រជុំ បន្ទាន់​មួយ រវាង​លោក ទូ សាវុធ​អភិបាលរង​ខេត្តកោះកុង និង​លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ​ដងទង់ លើ​ការប្រមូល​មតិ ស្នើសុំ​លោកស្រី មិថុនា ភូ​ថង ពិនិត្យ​សម្រេច​ឱ្យមាន​ការបើក​ផ្សារ​ឡើងវិញ​។

​លោក​អភិបាលក្រុង​ខេ​ម​ភូមិន្ទ បាន​និយាយទៀតថាៈ សំណើ​របស់​រដ្ឋបាល​ក្រុង ខេមរភូមិន្ទ ពុំទាន់​មានការ សម្រេច​ណាមួយ ពី​អភិបាលខេត្ត​ទេ ហើយ​ទំនងជា ប្រធាន​ផ្សារ​ដងទង់​ស្តាប់​មិន​ច្បាស់ ទើប​ដើរ​ប្រាប់ អាជីវករ អោយមក​លក់ដូរ ថ្ងៃនេះ​តែម្តង​។ តែ​ឥឡូវ លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​នគរបាល ចុះ​ណែនាំ​បិទតូប លក់​អស់ហើយ​។​

​ទោះបីជា​លោក ឈេ​ង សុវណ្ណ អភិបាលក្រុង​ខេមរភូមិន្ទ លើកឡើង​ដូច្នេះ​ក៏ដោយ ក៏​ការលក់ដូរ បែប​អ​នា​ធិ​តេ​យ្យ តាម​ដងផ្លូវ ឬ​តំបន់ហាមឃាត់ បន្ត​លក់ដូរ​ដដែល គ្មាន​ខ្វាយខ្វល់​នឹង​ជំងឺ​កូ​វីដ​១៩ ក្រោយ​មាន​នគរបាល ចុះ​ណែនាំ​បានតែ​បន្តិច​ពេល​សមត្ថកិច្ច ដើរចេញ​សកម្មភាព វែក​ចក​ត្រឡប់មកវិញ ដដែល​។​

​បញ្ហា​នេះ ត្រូវបាន​ចោទ​ជា​សំណួរ​ថា មកពី​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ ឬ​ខេត្ត អន់​ខ្សោយ សមត្ថភាព​គ្រប់គ្រង ខាង​ចំណាត់ការ​រដ្ឋបាល ឬ​អាជីវករ​ខ្លួនឯង​មិន​ខ្លាច​ស្លាប់ ពី​ជំងឺ​កូ​វីដ​? ចុះបើ​ទ្រាំ​រួមគ្នា ទប់ស្កាត់ រយៈពេល ខ្លី​ទៀត ទៅបាន​ដែរឬទេ​?​។​

​រស្មី​កម្ពុជា សុំ​ការពន្យល់​ពី​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ដែរ ជុំវិញ​ករណីនេះ ដោយ​លោកស្រី សង្កត់ធ្ងន់​យ៉ាងច្បាស់​ថា លោកស្រី​បាន​បញ្ជា ឱ្យ​អភិបាលក្រុង​ខេ​រម​ភូមិន្ទ តាមដាន អនុវត្ត​វិធានការ ឱ្យ​ល្អិតល្អន់​បំផុត​ជៀសវាង ធ្វេសប្រហែស ករណី​អា​ជីក​រណា រឹងទទឹង បន្ត​លួច​បើក លក់ដូរ ចេញ​លិខិត​ព្រមាន ហើយ​មិន​អនុវត្ត​ទៀត យក​សេចក្តីសម្រេច ពិន័យ​អន្តរការណ៍ មក​អនុវត្ត តែម្តង​។

​លោកស្រី អភិបាលខេត្ត បាន​អះអាងថាៈ ក៏ប៉ុន្តែ លោក​អភិបាលក្រុង​មិនបាន​យក ទៅ​អនុវត្តតាម ពី​អ្វីដែល​លោកស្រី ដាក់​គោលការណ៍​ឱ្យ​អនុវត្ត​។ រដ្ឋបាលខេត្ត ពិតជា​យល់ អំពី​ទុក្ខលំបាក​របស់ ប្រជាពលរដ្ឋ អាជីវករ អំឡុងពេល​កូ​វីដ​តែ​ស្ថានភាព រីក​រាលដាល​ជំងឺ​កូ​វីដ​ពិសេស​ពលករ មកពី​ប្រទេស​ថៃ ប្រឈម​នឹង​ការផ្ទុក​មេរោគ Delta នៅតែ​សញ្ញា​ក្រហម មិនទាន់​អាច​ទប់ស្កាត់ បានល្អ​ប្រសើរ ១០០ ភាគរយ​ទេ ទើប​មិនអាច​អនុញ្ញាត ឱ្យ​បើក​ផ្សារ​បាន​៕/V​-PC