ដោយៈ​សុផល​/​ភ្នំពេញ​៖ សាធារណរដ្ឋ​កូរ៉េ​បានផ្តល់​ជំនួយឥតសំណង​ចំនួន ៥៨​ម៉ឺន​ដុល្លា​អាមេរិក​ដល់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សម្រាប់​សាងសង់​អគារ​មន្ទីរពិសោធន៍​ដែល​នឹង​បម្រើ​ដល់​ការសិក្សា​ស្រាវជ្រាវ និង​ពិសោធន៍ វត្ថុធាតុដើម​ផ្លូវថ្នល់​ផង និង​ជួយ​ដល់​ការបណ្តុះបណ្តាល​ធនធាន​វិស្វករ និង​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់ ។​

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ នេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម សិលា​សាងសង់​អគារ​មន្ទីរពិសោធន៍​នេះ​នៅ​ទីស្តីការក្រសួង​។ ក្នុង​បរិបទ​កូ​វីដ​១៩ និង​ចូលរួម​ទប់​ស្តា​ត់​ការឆ្លង​រីក​រាលដាល នៃ ជំងឺ​កូ​វីដ​១៩ កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​ក្រុម​អ្នកបច្ចេកទេស ទទួលបន្ទុក​ការងារ សាងសង់​តែប៉ុណ្ណោះ​។​

​សូមជម្រាបថា​៖​អគារ​មន្ទីរពិសោធន៍​នេះ មាន​ប្រវែង​សរុប ១៨​ម៉ែត្រ x ២៥​ម៉ែត្រ កំពស់ ២​ជាន់ ក្នុងនោះ​រួមមាន​បន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំង បន្ទប់​ការិយាល័យ​។​អគារ​ពិសោធន៍​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥៨០.០០០ ដុល្លារ​អាមេរិក ជា​ជំនួយឥតសំណង របស់​ក្រសួង រៀបចំ​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន (MOLIT) នៃ​សាធារណ រដ្ឋ​កូរ៉េ តាមរយៈ វិទ្យាស្ថាន​កូរ៉េ សំណង់​ស៊ីវិល និង​បច្ចេកវិទ្យា សាងសង់​(Korea Institute of Civil Engineering and Building Technology) នៃ “​គម្រោង​នវានុវត្តន៍ ប្រព័ន្ធ​សាងសង់ និង​គ្រប់គ្រង​ផ្លូវថ្នល់​ក្នុងប្រទេស​កម្ពុជា (Renewal Project of Road Construction and Management System for Cambodia) ប្រើ​រយៈពេល ៧​ខែ សម្រាប់​សាងសង់ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុង ខែមីនា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​សូមបញ្ជាក់ថា វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​បានទទួល ជំនួយឥតសំណង​នូវ “​គម្រោង នវានុវត្តន៍​ប្រព័ន្ធ​សាងសង់ និង​គ្រប់គ្រង​ផ្លូវថ្នល់ ក្នុងប្រទេស​កម្ពុជា​” ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៣.២០០.០០០ ដុល្លារ​សហរដ្ឋអាមេរិក ឬ ៣.៩២០.០០០.០០០ វ៉ុ​ន សម្រាប់​រយៈពេល ៣​ឆ្នាំ (២០២០-២០២៣) ដោយ​ផ្តោតលើ​៖ ១. ជំនួយ​ឧបករណ៍​ពិសោធន៍​សម្រាប់​វាយតម្លៃ​គុណភាព ផ្លូវថ្នល់​, ២. ផ្តល់​អគារ​មន្ទីរពិសោធន៍​បច្ចេកវិទ្យា​សំណង់ សម្រាប់​សិក្សា​ស្រាវជ្រាវ និង​ពិសោធន៍​គុណភាព​វត្ថុ​ធាតុ​ផ្លូវថ្នល់​, ៣. រថយន្ត​អង្កេត​ផ្លូវ ថ្នល់​ស្វ័យប្រវត្តិ (Automatic Survey Vehicle) សម្រាប់​ប្រមូល​ទិន្នន័យ​គុណភាព​ផ្លូវថ្នល់​, ៤.​កម្មវិធី គ្រប់គ្រង​ផ្លូវថ្នល់ (Pavement Management System–SMS and Pavement Quality Managment System–PQMS) និង ៥. ការបណ្តុះបណ្តាល បច្ចេកទេស​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។

​គម្រោង​នេះ​មាន​គោលដៅ​ចម្បង ក្នុង​ការបង្កើន​ប្រសិទ្ធភាព​សាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់​កម្ពុជា តាមរយៈ ការពង្រឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្លូវថ្នល់​ការបណ្តុះ បណ្តាល អ្នកជំនាញ​ជាន់ខ្ពស់ ការផ្តល់​សម្ភារ​បច្ចេក​ទេស និង​អគារ​មន្ទីរពិសោធន៍ បច្ចេកវិទ្យា​សំណង់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សំដែង​ការ​អំណរគុណ​ជូន​ចំពោះ​ក្រសួង​រៀបចំ​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​កូរ៉េ ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ​ល្បឿន លឿន​កូរ៉េ ក៏ដូចជា វិទ្យាស្ថាន​កូរ៉េ សំណង់​ស៊ីវិល និង​បច្ចេកវិទ្យា​សាងសង់​ដែល បានផ្តល់​ជា​ជំនួយ ឥត​សំណង​តាមរយ​: “​គម្រោង​នវានុវត្តន៍​ប្រព័ន្ធ​សាងសង់ និង​គ្រប់គ្រង​ផ្លូវថ្នល់​ក្នុងប្រទេស​កម្ពុជា ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​។​

​ទន្ទឹម​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ណែនាំ ដល់​ក្រុមប្រឹក្សាបច្ចេកទេស និង​អ្នក​សាងសង់ ធ្វើយ៉ាងណា​សាងសង់​ឱ្យមាន​គុណភាព​ខ្ពស់ ដើម្បី​ទុកជា​កន្លែង បណ្តុះបណ្តាល​ថ្នាល​សិក្សា​ស្រាវជ្រាវ និង​ពិសោធន៍ សម្រាប់​កូន​ខ្មែរ​ជំនាន់ ក្រោយៗ​ទៀត​។​

​សូមបញ្ជាក់​ផងដែរ​ថា​៖ ការសាងសង់​អគារ​មន្ទីរពិសោធន៍​នេះ នឹង​បម្រើ​ដល់​ការ សិក្សា​ស្រាវជ្រាវ និង​ពិសោធន៍ វត្ថុធាតុដើម​ផ្លូវថ្នល់​ផង និង​ជួយ​ដល់​ការបណ្តុះ បណ្តាល​ធនធាន​វិស្វករ និង​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់ របស់​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដែល​បច្ចុប្បន្ន​និស្សិត​ជំនា​ន់ទី​១ ចំនួន ១៩១​នាក់ បាន​នឹង​កំពុង​សិក្សា​លើ ជំនាញ​ចំនួន​៦ ក្នុង​ដេ​ប៉ា​តឺ​ម៉​ង់​ចំនួន​៣ រួមមាន​៖ ១) ដេ​ប៉ា​តឺ​ម៉​ង់​សំណង់​សាធារណការ លើ​ជំនាញ​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក និង​កំពង់ផែ និង​ជំនាញ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ២)​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម លើ​ជំនាញ​សេដ្ឋកិច្ច និង​គ្រប់គ្រង​ដឹកជញ្ជូន​ផ្លូវគោក​និង​ជំនាញ​គ្រប់ គ្រង​ភស្តុភា​រកម្ម និង​ខ្សែ​ច្រ​វ៉ា​ក់ ផ្គត់ផ្គង់ និង​៣) ដេ​ប៉ា​តឺ​ម៉​ង់​នាវាចរណ៍​៖ លើ​ជំនាញ បរិបា​ល​នាវា និង​ម៉ាស៊ីន​នាវា​។ កម្មវិធីសិក្សា​ពេញ​មួយថ្ងៃ (​ព្រឹក និង​រសៀល​) ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ព្រឹក​ចាប់ពី​ម៉ោង ៧:00​ព្រឹក ដល់​ម៉ោង ១១:00 និង​រសៀល ចាប់ពី​ម៉ោង ១:00 ដល់​ម៉ោង ៥:00 និង​ថ្នាក់​បំប៉ន​ភាសារ​អង់គ្លេស ចន្ទ​-​ពុធ​-​សុក្រ ចាប់ពី​ម៉ោង​៥:៣០ ដល់​ម៉ោង​៧:០០​យប់​៕/PC