ប្រែសម្រួលៈវាសនា/បាងកក៖ ក្រុមសភាប្រឆាំងថៃកាលពីថ្ងៃចន្ទទី១៦សីហាបានដាក់ញត្តិសម្តែងការមិនទុកចិត្តនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រី៥រូបទៀត ដោយសារតែដំណោះស្រាយរបស់រដ្ឋាភិបាលរយៈពេល១ឆ្នាំមកនេះចំពោះវិបត្តិជំងឺឆ្លងកូវីដ១៩និងការចាត់ចែងចាក់វ៉ាក់សាំង ព្រមទាំងកិច្ចការសេដ្ឋកិច្ច។
ប្រធានគណបក្សភឿថៃ លោក សំពង់ អាម៉នវីវ៉ាត(ស្តាំ) ប្រគល់ញត្តិដល់ប្រធានសភា
ដឹកនាំដោយប្រធានគណបក្សភឿថៃ លោក សំពង់ អាម៉នវីវ៉ាត គណបក្សប្រឆាំងថៃយ៉ាងតិចចំនួន៥បានរួមគ្នាដាក់ញត្តិសុំហៅសមាជិកគណៈរដ្ឋមន្ត្រីមកជជីកសួរដេញដោលនៅក្នុងសភានិងបោះឆ្នោតសម្តែងការមិនទុកចិត្តពួកគេ។ញត្តិនេះត្រូវបានដាក់ជូនប្រធានសភាលោកឈួន លីក ផៃ។
លោកសំពង់បាននិយាយថា ក្រុមប្រឆាំងបានសង្កេតឃើញមានការខ្វះខាតនិងបរាជ័យនៅផ្នែកខ្លះរបស់រដ្ឋាភិបាលនៅក្នុងរយៈពេលមួយឆ្នាំមកនេះ ជាពិសេសការដោះស្រាយជំងឺកូវីដ១៩និងការចាត់ចែកចាក់វ៉ាក់សាំងព្រមទាំងកិច្ចការសេដ្ឋកិច្ច។
រដ្ឋមន្ត្រីដែលនឹងត្រូវហៅមកជជីកសួររួមមានរដ្ឋមន្ត្រីសុខាភិបាល រដ្ឋមន្ត្រីគមនាគមន៍ រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីការងារនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុ។
ការដាក់ញត្តិសុំការសម្តែងការមិនទុកចិត្តនាយករដ្ឋមន្ត្រីនេះកើតឡើងចំពេលសកម្មជននិងក្រុមប្រឆាំងក្រៅសភាបាននាំគ្នាធ្វើបាតុកម្មនៅក្រុងបាងកកនិងបណ្តាខេត្តដើម្បីដេញនាយករដ្ឋមន្ត្រីចេញពីតំណែង ដោយសារហេតុផលស្រដៀងគ្នា។
ក្នុងការតវ៉ាប្រឆាំងកាលពីថ្ងៃអាទិត្យ បាតុករបានប៉ះទង្គិចជាមួយប៉ូលិស ទោះជាមេដឹកនាំបាតុកម្មម្នាក់អំពាវនាវអោយអ្នកគាំទ្រអត់ធ្មត់កុំប្រឈមមុខជាមួយអាជ្ញាធរក្តី។
អ្នកប្រឆាំងតវ៉ាមួក្រុមប្រដាប់ដោយចំពាមកៅស៊ូនិងផាវ បានប្រឈមជាមួយប៉ូលិស ដែលបានបាញ់គ្រាប់បែកផ្សែងនិងបាញ់ទឹកនៅផ្លូវបំបែកមួយក្នុងក្រុងបាងកក។ក្នុងពេលប៉ះទង្គិចមេដឹកនាំក្រុមអាវក្រហមថៃលោកណាត់តាវុធ សាយកឿ បានបង្ហាញខ្លួននៅកន្ទុយរថយន្តនិងធ្វើការអំពាវនាវជាថ្មីសុំអោយអត់ធ្មត់កុំបង្កអំពើហិង្សា។
សូមបញ្ជាក់ថា បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យកាន់តែមានសម្ទុះឡើងនៅប៉ុន្មានសប្តាហ៍មកនេះនៅពេលកំហឹងសាធារណជនលើរដ្ឋាភិបាលអំពីដំណោះស្រាយកូវីដ១៩និងផលប៉ះពាល់សេដ្ឋកិច្ចក៏កាន់តែពុះកញ្ជ្រោលផងដែរ។បាតុកម្មជាច្រើនកាលពីសប្តាហ៍មុនក៏ជួបការបាញ់ទឹក គ្រាប់បែកផ្សែងនិងកាំភ្លើងគ្រាប់ជ័រពីប៉ូលិស៕
បាតុកម្មអហិង្សាកាលពីថ្ងៃអាទិត្យបានប្រែជាការប្រឈមុខជាមួយប៉ូលិសនៅបាងកក