ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅវេលា​ម៉ោងជាង ៩ ព្រឹក​ថ្ងៃទី​១៦ សីហា ២០២១ កើតមាន​ករណី អគ្គិភ័យ​មួយ ឆាបឆេះ​ផ្ទះមួយ​ខ្នង បណ្តាលអោយ ក្មេងប្រុស​ស្រី ជា​បងប្អូន​បង្កើត ឆេះ​ខ្លោច​អស់ នៅពេល​ឪពុក ម្តាយ ទៅ​ធ្វើការ​រោងចក្រ ហើយ​ផ្ញើទុក​ឱ្យនៅ ជាមួយ​យាយ និង​តា​។​

​សមត្ថកិច្ច​នគ​បាល ស្រុក​សាមគ្គី​មានជ័យ បានអោយដឹងថាៈ ផ្ទះ​១​ខ្នង ដែល​រងគ្រោះ​អគ្គិភ័យ​នេះ កសាងឡើង ដោយ​បេតុង ប្រក់​ស័ង្កសី ទំហំ ១២ ម៉ែត្រ គុណ​នឹង ៥ ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ពោធិ​រិ​ទ្ធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ។ ឪពុក​ក្មេងរងគ្រោះ ទាំង ២ នាក់ មានឈ្មោះ ខែម វាសនា អាយុ ៣៥ ឆ្នាំ ចំណែក​ម្ដាយ ឈ្មោះ ម៉ី ផាន់​ណា អាយុ ៣០ ឆ្នាំ ។ ពួកគេ​ទាំង ២ នាក់ ប្តី​ប្រពន្ធ បាន​ផ្ញើ​កូន​នឹង​ម្ចាស់ ផ្ទះ ដែលជា​ជីតា ឈ្មោះ អ៊ូច ចាន់​នឿ​ង ភេទ​ប្រុស អាយុ ៧០ ឆ្នាំ និង​ជីដូន​ឈ្មោះ សួន សំ​អូន អាយុ ៦០ ឆ្នាំ នៅ​មើលថែ រៀងរាល់ថ្ងៃ ដូច​សព្វមួយដង ។​

​សមត្ថកិច្ច​នគ​បាល ស្រុក​សាមគ្គី​មានជ័យ បានអោយដឹងថា ក្មេងប្រុស​ស្រី ទាំង ២​នាក់ ដែល​ស្លាប់​នោះ មានឈ្មោះ នឿន ចិ​ត្រា ភេទ​ប្រុស អាយុ ១០ ឆ្នាំ និង​ឈ្មោះ នឿន ចន្ថា ភេទ​ស្រី អាយុ ៧ ឆ្នាំ​។​

​អធិការ​នគ​បាល ស្រុក​សាមគ្គី​មានជ័យ បានអោយដឹងថាៈ ជីតា និង​ជីដូន បាន​ទៅ​ផ្សារ ដោយ​យក​ចៅ ម្នាក់ទៀត ទៅជា​មួយ ដោយ​ខ្លាច​ចៅ ចុះ​លេង​ទឹកស្រះ ដែល​នៅក្បែរ​ផ្ទះ ដោយ​ទុក​ចៅ​ទាំង ២ នៅក្នុង​ផ្ទះ ដោយ​មិនបាន​ចាក់សោ ពី​ក្រៅ​នោះឡើយ ។​

​តែ​ប្រភព​មួយទៀត បាន​បង្ហើប​អោយដឹងថាៈ ប្រហែលជា​កូនប្រុស អាយុ ១០ ឆ្នាំ ខ្លាច​គេ​យក​ទូរ​សព្ទ ទើប​បិទទ្វារ លេង​នៅក្នុង​ផ្ទះ ដោយ​ដោត​ឌុយ​នឹង​ព្រី ទើប​បណ្តាលឱ្យ​ឆ្លងភ្លើង​ឆេះ​ផ្ទះ ស្លាប់​ទាំង ២ នាក់ បងប្អូន​តែម្តងទៅ ។​

​នៅពេល​ឆេះ​នោះ កម្លាំង​សមត្ថកិច្ច បាន​យក​រថយន្ត ពន្លត់​អគ្គិភ័យ ចេញទៅ​ជួយ​ពន្លត់ ហើយ​សាច់ញាតិ បងប្អូន អ្នកជិតខាង បាន​ធាក់​ទ្វារ​ទំលាយ​ចូល ទៅខាង​ក្នុងផ្ទះ ឃើញ​ក្មេង​ទាំង ២ នាក់​បងប្អូន ឆេះ​ស្លាប់ បាត់ទៅហើយ ។​

​សមត្ថកិច្ច បាន​សន្និដ្ឋាន បណ្តាល​មក​ទុស្សេ​ខ្សែភ្លើង ឆាបឆេះ​ក្នុងផ្ទះ នៅពេលដែល​យាយ និង​តា និង ឪពុក ម្តាយ មិន​នៅផ្ទះ ។ បច្ចុប្បន្ន សព​ក្មេងប្រុស​ស្រី ដែល​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ទាំង​២​នាក់ បងប្អូន ត្រូវ​បានរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគ​បាល ខេត្តកំពង់ឆ្នាំង បានអោយ​តំណាង នាំយក​អង្ករ ១០០ គីឡូក្រាម ទឹក​សុទ្ធ​វី​តា​ល់ ៤ កេះ រួម​នឹង​ថវិកា ១​លាន​រៀល ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ ផងដែរ​៕/V​