​ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ កម្លាំង​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ស្នងការដ្ឋាន នគរបាល​ខេត្ត សហការ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​អូរ​ស្មាច់ បាន​ចុះ​អនុវត្ត​ដីកា របស់​អយ្យការ អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​នាំខ្លួន​ម្ចាស់ ខារ៉ាអូខេ បុរស ស្ត្រី ២ នាក់ (​ប្តី​ប្រពន្ធ​) ពីបទ​បំពាន​ទៅនឹង វិធានការ​រដ្ឋបាល ក្នុង​សារា​ចរណ៍​ណែនាំ របស់​រាជរដ្ឋាភិបាល ដែលមាន​ទីតាំង ស្ថិតនៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ការចុះអនុវត្ត​ដីកា បញ្ជា​ឲ្យ​នាំខ្លួន លេខ ០២៤ ដប​.​ចខ​/២១ និង​លេខ ០២៥ ដប​.​ចខ​/២១ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ របស់ លោក តូច សុភ​ក្ដី ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តឧត្ដរមានជ័យ​។​

​ជនសង្ស័យ ឈ្មោះ ខៀវ ជា (​ហៅ ជា​) ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ អង ស្រី​លីន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ ម្ចាស់​ហាង​អាជីវកម្ម KTV 555 មាន​ទីលំនៅ ក្នុងភូមិ សង្កាត់ ខាងលើ​។ ដោយ​បំពាន​ល្មើស ទៅនឹង​វិធានការ​រដ្ឋបាល ដែលមាន​ចេញ ក្នុង​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល បណ្ដាលអោយ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ រហូតដល់​បិទ​តំបន់​អូរ​ស្មាច់​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២ នាក់ កម្លាំង​ជំនាញ បាន​បញ្ជូន​ខ្លួន ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​៕/V​