ប្រែសម្រួល : កញ្ញាដាលីស /វាសនា(ដេលីមែល) ៖ ក្រុមមន្ត្រីយោធាជាន់ខ្ពស់អាម៉េរិកនិយាយថា ភាពវឹកវរនៅអាកាសយានដ្ឋានក្រុងកាប៊ុលនៅព្រឹកថ្ងៃចន្ទទី១៦សីហាបានបណ្តាលឱ្យមនុស្សស្លាប់ ៧ នាក់រួមទាំងអ្នកខ្លះដែលធ្លាក់ពីយន្តហោះដឹកជញ្ជូនយោធាអាម៉េរិកដែលកំពុងចាកចេញ។
ក្រុមមន្ត្រីទាំងនេះបាននិយាយក្នុងលក្ខខណ្ឌអនាមិក។
ជនជាតិអាហ្វហ្គានីស្ថានបានប្រញាប់ប្រញាល់សម្រុកមកអាកាសយានដ្ឋានរបស់រដ្ឋធានីកាលពីថ្ងៃចន្ទ ខណៈមនុស្សរាប់ពាន់នាក់បានព្យាយាមភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីក្រុមតាលីបង់បានដណ្តើមអំណាចក្នុងល្បឿនលឿនអស្ចារ្យ។
អ្នកខ្លះតោងចំហៀងយន្តហោះយោធាអាម៉េរិកមុនពេលហោះហើរ នៅក្នុងវីដេអូដែលបានចែករំលែកយ៉ាងទូលំទូលាយ ដែលបានផ្តិតជាប់នូវក្តីអស់សង្ឃឹមរបស់ជនជាតិអាហ្វហ្គានីស្ថានខណៈសង្គ្រាមរយៈពេល ២០ ឆ្នាំរបស់អាម៉េរិកបានឈានដល់ទីបញ្ចប់ដ៏ច្របូកច្របល់។
វីដេអូមួយទៀតបានបង្ហាញជនជាតិអាហ្វហ្គាននីស្ថានធ្លាក់ស្លាប់ ខណៈយន្តហោះហោះឡើងដល់លើមេឃលើទីក្រុងកាប៊ុល។
យោធាអាម៉េរិកកំពុងបញ្ជូនកងវរសេនាតូចមួយទៀតដែលមានកងទ័ពប្រហែល ១.០០០ នាក់ដើម្បីជួយការពារអាកាសយានដ្ឋានកន្លែងដែលកងកម្លាំងអាម៉េរិកបានសម្លាប់មនុស្សប្រដាប់អាវុធពីរនាក់ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែងជម្លៀសមនុស្សដ៏ច្របូកច្របល់។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន កឺប៊ី បានប្រាប់អ្នកយកព័ត៌មានថា ការដាក់ពង្រាយកងទ័ពបន្ថែមគឺមានបំណងនាំឱ្យមានសណ្តាប់ធ្នាប់ដល់ការជម្លៀស។
ដោយឡែកមេបញ្ជាការយោធាកំពូលម្នាក់របស់អាម៉េរិកបានជួបទល់មុខគ្នាជាមួយមេដឹកនាំជាន់ខ្ពស់តាលីបង់ដោយជំរុញឱ្យសត្រូវយូរអង្វែងរបស់អាម៉េរិកកុំជ្រៀតជ្រែកជាមួយការជម្លៀសដ៏ធំនៅអាកាសយានដ្ឋាន ខណៈសហរដ្ឋអាម៉េរិកកំពុងដកថយ។
លោកកឺប៊ីនិយាយថា ឧត្តមសេនីយ៍ ហ្វ្រែង ម៉ាកខេនហ្ស៊ី ប្រធានទីបញ្ជាការដ្ឋានកណ្តាលរបស់អាម៉េរិកបានព្រមានមន្ត្រីតាលីបង់ថាយោធាអាម៉េរិកនឹងឆ្លើយតបដោយកម្លាំងដើម្បីការពារអាកាសយានដ្ឋាន បើចាំបាច់៕
ជនជាតិអាហ្វហ្គានីស្ថាន៧នាក់ស្លាប់នៅអាកាសយានដ្ឋានកាប៊ុលអំឡុងការជម្លៀសដ៏ច្របូកច្របល់