ប្រែសម្រួល៖វាសនា/បាងកក៖ អ្នកជំងឺកូវីដ១៩ច្រើនបំផុតចំនួន២៣៩នាក់បានស្លាប់និងមនុស្ស២០.១២៨នាក់បានឆ្លងកូវីដ១៩នៅ២៤ម៉ោងកន្លងទៅ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលថៃកាលពីព្រឹកថ្ងៃអង្គារ។
ក្នុងចំណោមអ្នកឆ្លងថ្មី មាន១៩.៨៥៦នាក់ជាប្រជាជនទូទៅនិង២៧២នាក់ជាអ្នកទោស។២៤ម៉ោងកន្លងទៅថៃក៏មានអ្នកជំងឺកូវីដ១៩ជាចេញពីពេទ្យចំនួន២០.៧៩១នាក់ផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ០១មេសាពេលកូវីដ១៩រលកទី៣វាយប្រហារព្រះរាជាណាចក្រនេះមក មានអ្នកឆ្លងសរុប៩១៩.៥៧៩នាក់តែជាង៧០០.០០នាក់បានជាចេញពីពេទ្យ និង៧.៨៧៩នាក់បានស្លាប់។
ថៃដែលជាប្រទេសផលិតវ៉ាក់សាំងAstraZenecaបែរជាខ្វះវ៉ាក់សាំងចាក់អោយប្រជាជននិងកំពុងពិចារណាខ្ចីវ៉ាក់សាំងកូវីដ១៩ចំនួន១៥០.០០០ដូសពីប្រទេសប៊ូតង់។
អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃចន្ទថា «កម្មវិធីដោះដូរវ៉ាក់សាំងរវាងថៃនិងប៊ូតង់…ឈរលើមូលដ្ឋានថា ថៃនឹងបញ្ជូនវ៉ាក់សាំងអោយប៊ូតង់វិញនៅពេលក្រោយ»។
សូមបញ្ជាក់ថាថៃកំពុងបង្កើនល្បឿនចាក់វ៉ាក់ចំពេលខ្លួនជួបការផ្ទុះកូវីដ១៩ដ៏អាក្រក់បំផុតអស់ពេលជាង៣ខែមកហើយនិងបន្ទាប់ពីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំកាលពីខែមិថុនា។
ថៃទោះជាផលិតវ៉ាក់សាំងAstraZenecaក៏ក្រុមហ៊ុនបាននិយាយថា ខ្លួនមានលទ្ធភាពផ្គត់ផ្គង់អោយថៃបានតែ៥ទៅ៦លានដូសក្នុងមួយខែ គឺស្មើពាក់កណ្តាលនៃតំរូវការរបស់រដ្ឋាភិបាលថៃ៕
តាំងពីមុនមក ថៃទើបចាក់វ៉ាក់សាំងពេញលេញ(២ដូស)អោយប្រជាជនខ្លួនបានប្រមាណ៧,១ភាគរយ