ដោយៈ សុផល / ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថាៈ ដូចបណ្តាប្រទេសនានា នៅលើសកលលោក ដែលឆ្នាំ២០២០ ជាឆ្នាំដែលស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា មានការលំបាកបំផុត ជាប្រវត្តិសាស្ត្រ ធ្វើឲ្យកំណើនសេដ្ឋកិច្ច ធ្លាក់ចុះ ក្នុងអត្រា -៣,១% ដោយសារការធ្លាក់ចុះ តម្រូវការសកល ការបង្អាក់ ដល់ខ្សែច្រវាក់ ផលិតកម្មសកល ដែលបង្ករឡើងដោយ ជំងឺកូវីដ១៩។ សម្រាប់ឆ្នាំ២០២១ ពីដើម ឡើយ កម្ពុជារំពឹងថា មានកំណើន ៤,០% ប៉ុន្តែព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រួមនឹងវត្តមានវីរុស បំប្លែងថ្មី ដែលតា បានធ្វើឲ្យកំណើន មាននៅត្រឹម ២,៤%។
លោកអគ្គបណ្ឌិតសភាចារ្យ បានបន្តលើកឡើងថាៈ កម្ពុជា នឹងមានកំណើនសេដ្ឋកិច្ច ៤,៨% នៅឆ្នាំ២០២២ ដោយសារកម្ពុជា មានលទ្ធភាពស្តារសេដ្ឋកិច្ច បានឡើងវិញ ក្នុងរយៈពេលឆាប់ ដោយសារយុទ្ធនាការ ចាក់វ៉ាក់សាំងដល់ពលរដ្ឋ បង្កើតឱ្យមានសុំា ក្នុងសហគមន៍ ធ្វើឱ្យសង្គមជាតិ មានប្រក្រតីភាព។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ នៅក្នុងការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ ១៩នេះ រដ្ឋាភិបាល បានបញ្ចេញថវិកាអន្តរាគមន៍ ក្នុងទំហំប្រមាណ ៧១៩ លានដុល្លារ ក្នុងយុទ្ធនាការការពារ អាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការ ទ្រទ្រង់សកម្មភាពអាជីវកម្ម ប៉ុន្តែដោយសារ មានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទំហំថវិកាសម្រាប់អន្តរាគមន៍ កូវីដ១៩ អាចមានដល់ ១.៤៥៤ លានដុល្លារ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាៈ ការដែលមានថវិកាប្រើប្រាស់ នៅគ្រា អាសន្ន មិនមែនជាការចៃដន្យនោះទេ ប្រាក់សន្សំនេះ កើតចេញពីការគិតគូរ ប្រកបដោយភាពមធ្យ័ត ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ រាជរដ្ឋាភិបាល។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងដូច្នេះ នៅក្នុងសិក្ខាសាលាសភា ស្តីពីការស្វែងយល់ អំពីការកសាងក្របខ័ណ្ឌ គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុ សម្រាប់ គ្រប់គ្រង ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ Zoom ។
សិក្ខាសាលា នៅព្រឹកថ្ងៃទី១៧ សីហានេះ សហការរៀបចំដោយ គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចចក្រី ហេងសំរិន ប្រធានរដ្ឋសភា បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសំខាន់ៗ ដែលរដ្ឋាភិបាល សម្រេចបាន ក្នុងរយៈពេលជាង មួយទសវត្ស មកនេះ ដោយធានាបាននូវ សុខសន្តិភាព ពេញលេញស្ថិរភាព នយោបាយ និងវឌ្ឍនភាព ឈានឡើងជាលំដាប់ ធ្វើឲ្យជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ មានភាពធូរធារ និងសុខដុមរមនា។
លោកស្រី អនុប្រធានទី២ នៃរដ្ឋសភា បានបន្តថាៈ ទោះបីជាក្នុងរយៈពេលពីរឆ្នាំចុង ក្រោយនេះ កម្ពុជាយើង ប្រឈមនឹងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព សាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ យ៉ាងណាក្តី ក្រោមការដឹកនាំ របស់ រាជរដ្ឋាភិបាលយើង នៅតែអាចរក្សាបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានកាត់បន្ថយ ផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច ឱ្យស្ថិតក្នុងកម្រិតទាប។
“អ្វីដែលពិសេស និងគួរឱ្យកត់សម្គាល់នោះគឺ ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្ត យ៉ាងមោះមុត ក្នុងការសង្គ្រោះ ការពារអាយុជីវិត និងសុខុមាលភាព របស់ប្រជា ពលរដ្ឋ ដែលទទួលរង ដោយជំងឺនេះ ដោយមិនទុកឱ្យ នរណាម្នាក់ ស្លាប់ ដោយមិនបានទទួល ការព្យាបាល បានថែទាំងអ្នកកើតជំងឺកូវីដ ដោយមិនគិតថ្លៃ និងបានប្តេជ្ញាចិត្ត ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ជូនប្រជាជន ឱ្យបានយ៉ាងតិច ១០ លាននាក់ នៅក្នុងឆ្នាំនេះ។ យុទ្ធសាស្ត្រ វ៉ាក់សាំងនេះបានទទួល ជោគជ័យ គួរឱ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតនេះដោយសារ តែមាន ការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចនាយករដ្ឋមន្ត្រី និងដោយមានការចូលរួម គាំទ្រពីប្រទេសជាមិត្ត សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋរបស់យើង” នេះជាការគូសបញ្ជាក់ របស់លោកស្រី កិត្តិសង្គហបណ្ឌិត។
ថ្នាក់ដឹកនាំរដ្ឋសភា បានសង្កត់ធ្ងន់ថាៈ ស្ដារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញ គឺអាស្រ័យទាំងស្រុង ទៅលើល្បឿន នៃការចាក់វ៉ាក់សាំង និងការគ្រប់គ្រង ការរីករាលដាល នៃជំងឺនេះ។ ក្នុងបរិបទនេះ ចាំបាច់ត្រូវធ្វើការកែទម្រង់ឱ្យបាន ហ្មត់ចត់ លើការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដើម្បីឱ្យស្រប ទៅនឹងសភាពការណ៍ ជាក់ស្ដែងបំពេញទៅនឹងតម្រូវការបន្ទាន់និងចាំបាច់របស់ប្រជាពលរដ្ឋប្រើប្រាស់ធនធានហិរញ្ញវត្ថុឱ្យបានប្រសើរបំផុតដោយធ្វើការបែងចែកថវិកាទៅលើវិស័យជាអាទិភាព នានា គាំទ្រដល់ការងើប ឡើងវិញនៃសេដ្ឋកិច្ចសង្គមព្រមទាំងកសាងបាននូវ ភាពស៊ាំ។ ត្រូវលើកកម្ពស់ការស្ដារ និងការងើប ឡើងវិញប្រកបដោយភាពធន់ បរិយាប័ន្ន និងបៃតង។
ការជាកត់សម្គាល់ សិក្ខាសាលាសភា ស្តីពីការស្វែងយល់ អំពីការកសាងក្របខ័ណ្ឌ គោលនយោ បាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ ប្រចាំឆ្នាំនេះ រដ្ឋសភាតែងតែរៀបចំ ឡើង ដើម្បីប្រមូលធាតុចូល ពីគ្រប់មជ្ឈមដ្ឋាន ក្នុងការផ្តល់មតិយោបល់ អនុសាសន៍ ទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ត សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រង ឆ្នាំនីមួយៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់ បម្រើដល់ការលើកកម្ពស់ជីវភាពប្រជា ពលរដ្ឋ និងការអភិវឌ្ឍ ប្រទេសជាតិ៕/V-PC