ដោយ: ពៅនិមល /ភ្នំពេញ៖ ជាថ្មីម្តងទៀត បន្ទាប់ពីការអំពាវនាវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យជួយទិញផ្លែមៀនប៉ៃលិន គ្រាដែលកម្ពុជា ជួបបញ្ហាលំបាក នៃការនាំចេញ ទៅលក់នៅក្រៅប្រទេស លោកប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន បានស្នើដល់ប្រជាពលរដ្ឋ ក្នុងស្រុក ក៏ដូចជា ក្រុមហ៊ុននានា ជួយប្រមូលទិញ មកលក់ចែកចាយ ឬធ្វើការកែច្នៃសម្រាប់ បម្រើដល់ការ ហូបចុកជាដើម។
ក្នុងកិច្ចសម្ភាសន៍ជាមួយរស្មីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនបានមាន ប្រសាសន៍ថាៈ ការប្រមូលផល ផ្លែមៀនប៉ៃលិន កំពុងចាប់ផ្តើម ពីខែសីហា រហូតដល់ខែកុម្ភៈ ទៅខែមីនា ហើយការប្រមូល លើកដំបូងនេះ តាមការប៉ានស្មាន នឹងមានចំនួនប្រមាណពី ៣ ម៉ឺន ទៅ ៤ ម៉ឺនតោន លើទំហំផ្ទៃដី ប្រមាណជាង ២.៨០០ ហិកតា នៃផ្ទៃដីសរុប ទំហំជិត ៥.០០០ ហិកតា។
លោកបានបន្តថាៈ ចំណែកឯតម្លៃលក់ចេញ ក្នុងពេលនេះ គឺ ២.០០០ រៀល ក្នុង ១ គីឡូក្រាម។ លោកបានឲ្យដឹងទៀតថាៈ ជាទូទៅ រាល់ឆ្នាំ ការបញ្ជាពីក្នុងស្រុក ក៏មានដែរ ទោះជាមានការនាំចេញ ទៅប្រទេសថៃ ក្នុងនោះ សម្រាប់ទីក្រុងភ្នំពេញ ក៏មានដែរ គ្រាន់តែបរិមាណ ក្នុងចំនួនមិនច្រើនទេ ពោលគឺប្រមាណ ២០ ទៅ ៣០ ភាគរយប៉ុណ្ណោះ នៃបរិមាណទាំងមូល។
លោកប្រធានមន្ទីរកសិកម្មខេត្ត បានលើកឡើងថាៈ រហូតមកដល់ពេលនេះមិនទាន់ ឃើញមាន ក្រុមហ៊ុនណា ទាក់ទងទិញទៅកែច្នៃនៅឡើយទេ ដោយសារឥឡូវ ជាការចាប់ផ្តើម ប្រមូលផលដែរ និងមិនទាន់មាន បរិមាណផលច្រើនលើសលុប គ្រាន់តែថា កាលដែលចាប់ផ្តើម នៃការប្រមូលផល ហើយប្រមូលផល មានជា បណ្តើរៗ រហូតទៅដល់ខែ២ ខែ៣ នៃឆ្នាំក្រោយនោះ ប៉ុន្តែដល់ដំណាក់កាល ពីការប្រមូល ហើយអ្វីដែលក្រុមហ៊ុន គាត់មកប្រមូលទិញ ទំនិញកែច្នៃនៅមិនទាន់ មានដែរ។
លោកបានស្នើឲ្យអាជីវករក្នុងស្រុក ជួយធ្វើការចែករំលែកជាពិសេសអ្នកធ្វើការជួយ ទិញលក់ ដូចដែរដឹងហើយថា មៀនប៉ៃលិននេះ ធ្លាប់តែនាំទៅថៃភាគច្រើន ហើយ កសិករមួយចំនួន ក្នុងប្រទេស ខេត្តខ្លះ មិនទាន់ស្គាល់មៀនប៉ៃលិន ច្បាស់ត្រង់ថា មានរសជាតិ យ៉ាងម៉េចនោះ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់អាជីវករ ដែលជាឈ្មួញ ក្រុមហ៊ុនធំៗ ដែលរកស៊ីដឹកទំនិញ ចេញចូល ដូចជាទំនិញកសិករផ្សេងៗ ទិញចេញពីតំបន់ព្រំដែន ជាពិសេសខេត្តប៉ៃលិន ទៅលក់ក្នុងខេត្តផ្សេងៗ ដែលកសិករគាត់នៅទទួលទាន ដូចគ្នាទេ ខ្វះតែរឿងអ្នកធ្វើអាជីវកម្ម ដើម្បីឲ្យដល់ដៃ អ្នកប្រើប្រាស់ប៉ុណ្ណោះ ដូចនេះ សូមអំពាវនាវឲ្យក្រុមហ៊ុន អាជីវករផ្សេងៗ គាត់ចូលរួមមកជួយទិញទៅធ្វើអាជីវកម្ម លក់បន្ត ឬក៏ក្រុមហ៊ុនមានលទ្ធភាព ជួយបង្កើតជាសិប្បកម្ម កែច្នៃ ដើម្បីឲ្យបានជា កសិផលក្រៀម ទៅយើងអាចនាំចេញ ឬអាចប្រើប្រាស់ ទុករយៈពេល បានយូរ។
ពាក់ព័ន្ធបញ្ហានេះ កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថាៈ ដោយសារបញ្ហារីករាល នៃជំងឺកូវីដ១៩ និងរបាំង ភូតគាមអនាម័យ ជាកត្តាធ្វើឲ្យមាន បញ្ហាប្រឈម មិនទាន់អាចធ្វើការ នាំចេញទៅ កាន់ទីផ្សារ ក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូល មៀនប៉ៃលិន តាមច្រកព្រំដែន ដែលជាហេតុ អំពាវនាវឲ្យប្រជាពលរដ្ឋ គួររួមគ្នាគាំទ្រផលិតផលខ្មែរ ក្រោមរូបភាព ខ្មែរជួយខ្មែរ ដោយជួយទិញ ផ្លែមៀន របស់ប្រជាកសិករពិសេស សហគមន៍ កសិកម្មមៀនប៉ៃលិន នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ៕/V-PC