ភ្នំពេញៈ​អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ នេះ​បាន​បន្ត​បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន​នៅ​ថ្ងៃទី​២ ដោយ​ផ្តោតលើ​ការ​ស្តាប់​ទឡ្ហីករណ៍​នៃ​បណ្តឹងសាទុក្ខ​របស់​ភាគី​ពាក់ព័ន្ធ​ទៅនឹង​យុត្តាធិការ​របស់​អង្គជំនុំជម្រះ​សាលាដំបូង និង​ទឡ្ហីករណ៍​នៃ​បណ្តឹងសាទុក្ខ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ខៀវ សំផន ត្រូវបាន​សម្រេច​ដាក់​ពិរុទ្ធភាព​។ ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ ការិយាល័យ​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី​បានបង្ហាញ​ទឡ្ហីករណ៍​របស់ខ្លួន​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​តុលាការ​កំពូល​។

​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ ខៀវ សំផន បានបង្ហាញ​ទឡ្ហីករណ៍​នៃ​បណ្តឹងសាទុក្ខ​របស់ខ្លួន ដោយ​ព្យាយាម​បង្ហាញថា​អង្គជំនុំជម្រះ​សាលាដំបូង​មាន​កំហុស​ផ្នែក​ដំណើរការ​នីតិវិធី​និង​ដែន​យុត្តាធិការ​ក្នុងការ​ចោទប្រកាន់​ប្រឆាំងនឹង​កូនក្តី​ខ្លួន​។ ក្រុម​មេធាវី​ការពារ​ក្តី​ខៀវ សំផន បាន​លើកឡើងថា​សាលក្រម ប្រឆាំង​ជនជាប់ចោទ ខៀវ សំផន មិនមាន​ភាពត្រឹមត្រូវ​លើ​នីតិវិធី​ច្បាប់ និង​គួរ​ត្រូវបានធ្វើ​មោឃភាព​ចោល​។ ប៉ុន្តែ​ភាគី​សហ​ព្រះរាជអាជ្ញា និង​មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​ថ្លែង​ការពារ​នូវ​អ្វីដែល​អង្គជំនុំជម្រះ​សាលាដំបូង​សម្រេច និង​បាន​លើកឡើងថា​ទាំង​នីតិវិធី និង​យុត្តាធិការ​ដែល​អង្គជំនុំជម្រះ​សាលាដំបូង​បាន អនុវត្ត​ក្នុង​ដំណើរការ​ជំនុំ​ជម្រះក្តី​ក្នុង​សំណុំរឿង ០០២/០២ រួម​នឹង​សាលក្រម​ដែល​បានប្រកាស​កាលពី​ថ្ងៃ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺមាន​ភាពត្រឹមត្រូវ និង​បាន​គ្របដ​ណ្តា​ប់​លើ​អង្គហេតុ​នានា ដែល​បាន​ចោទប្រកាន់​នៅក្នុង​សំណុំរឿង​។
​នៅក្នុង​បណ្តឹងសាទុក្ខ​របស់ខ្លួន ជនជាប់ចោទ​ខៀវ សំផន តាមរយៈ​មេធាវី​ការពារ​ក្តី​របស់ខ្លួន បានស្នើ​សុំ​ដល់​អង្គជំនុំជម្រះ​តុលាការ​កំពូល​មេត្តា​៖ ១-​ជា​ចម្បង​កត់សម្គាល់​ពី​មោឃភាព​នៃ​សាលក្រម របស់​អង្គជំនុំជម្រះ​សាលាដំបូង​ដែល​បានប្រកាស​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រមទាំង​សំអាង​ហេតុដែល​បាន​ជូនដំណឹង​ដល់​ភាគី​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ ដោយ​រំលោភ​លើ​វិធាន ផ្ទៃក្នុង​។ ២-​ជា​បន្ទាប់បន្សំ ធ្វើ​មោឃភាព​សាលក្រម និង​សំអាង​ហេតុ​សាលក្រម​នៃ​សាលាដំបូង ដោយ​ចេញ​សាលក្រម​ពី​ការ​គ្មាន​ពិរុទ្ធភាព​ចំពោះ​បទ​ចោទ​នីមួយៗ និង ៣-​ជា​បន្ទាប់បន្សំ​បំផុត កែប្រែ​ការផ្តន្ទាទោស និង​ប្រកាស ដាក់ទោស​ឱ្យេ​ជាប់ពន្ធនាគារ​ក្នុង​រយៈពេល​កំណត់​មួយ​។

​ចំណែក​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​មិនបាន​ប្តឹង​សាទុក្ខ​លើ​ផ្នែក​ពិរុទ្ធភាព​ទេ តែ​បាន​ប្តឹង​សាទុក្ខ​ពាក់ព័ន្ធ​នឹង​ការរៀប​អា​ពា​ហ៍​ដោយ​បង្ខំ ដោយបាន​ស្នើសុំ​អង្គជំនុំជម្រះ​តុលាការ​កំពូល​សន្និដ្ឋាន​ថា អង្គជំនុំជម្រះ​សាលាដំបូង​មាន​កំហុស​នៅពេលដែល​អង្គជំនុំជម្រះ​បាន​សន្និដ្ឋានថា បរុស​ដែល​ត្រូវបាន​បង្ខំ​ឱ្យ​រួមដំណេក​នៅ​អាពាហ៍ពិពាហ៍​របស់​ពួកគេ មិនមែនជា​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង មនុស្សជាតិ​នៃ​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​នោះទេ​។ សហ​ព្រះរាជអាជ្ញា​ស្នើថា ការរកឃើញ​ដោយមាន​កំហុស​នេះ​ទុក​មួយអន្លើ​សិន ហើយ​ការផ្តន្ទាទោស​ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​អំពើ​អមនុស្សធម៌ ផ្សេងទៀត​នេះ ត្រូវ​កែតម្រូវ​ដោយ​រួមបញ្ចូល​ហិង្សា​ផ្លូវភេទ​លើ​ជនរងគ្រោះ​ជា​បុរស​ដើម្បីឱ្យ​ជនរងគ្រោះ​ទាំង​បុរស​និង​ទាំង​ស្ត្រី​នៃ​អំពើ​បង្ខំ​ឱ្យ​រួមដំណេក​ដូចគ្នានេះ ត្រូវបាន​ទទួលស្គាល់​យ៉ាង​ត្រឹមត្រូវ​។ ការណ៍​នេះ គឺ​ត្រូវ​តាម​វិធាន ១១០(៤) នៃ​វិធាន​ផ្ទៃក្នុង​ដូចដែល ខៀវ សំផន ត្រូវបាន​ផ្តន្ទាទោស​រួចហើយ​ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​អំពើ​អមនុស្សធម៌​ផ្សេងទៀត​។

​រីឯ​សហ​មេធាវី​នាំមុខ​តំណាង​ដើមបណ្តឹង​រដ្ឋប្បវេណី​ស្នើសុំ​ដោយ​សេចក្តី​គោរព​ដល់​អង្គជំនុំជម្រះ​តុលាការ​កំពូល​មេត្តា​៖ ១-​ច្រាល​ចោល​បណ្តឹងសាទុក្ខ​របស់​ជនជាប់ចោទ ខៀវ សំផន ទាំង ស្រុង ២-​តម្កល់​ពិរុទ្ធភាព ខៀវ សំផន ទាំងអស់ និង ៣-​តម្កល់​ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារ​អស់​មួយជីវិត​។

​សូម​រំឭកថា ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បានដាក់​បណ្តឹង​សា​ទុក​ទៅកាន់ អង្គជំនុំជម្រះ​តុលាការ​កំពូល​ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ដែល​បាន នៃ​អ​.​វ​.​ត​.​ក ដែល​បាន​រកឃើញថា មាន​ពិរុទ្ធភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បានសម្រេច​ផ្តន្ទាទោស​ដាក់​ព័ន្ធ​នាគារ​អស់​មួយជីវិត​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ អង្គជំនុំជម្រះ​សាលាដំបូង​បាន រកឃើញថា ខៀវ សំផន ដែលជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ចូលរួម​សហ​ឧក្រិដ្ឋកម្ម​រួមជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​ដទៃទៀត​នៃ​បក្សកុម្មុយនិស្ត​កម្ពុជា​ដោយមាន​គោលបំណង​អនុវត្ត​បដិវត្តន៍សង្គម​និយម​ឆាប់រហ័ស​តាមរយៈ​ការ​ព្រឹ​ត្ត​ឧក្រិដ្ឋកម្ម​នានា​។
​ខៀវ សំផន ត្រូវបាន​ផ្តន្ទាទោស​ពី​ការប្រព្រឹត្ត​តាមរយៈ​ការចូលរួម​នៅក្នុង​សហ​ឧក្រិដ្ឋកម្ម​រួម​នូវ​៖ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍​ទៅលើ​ក្រុម​ជាតិ ជាតិ​ព​ន្ទុ និង​ពូជសាសន៍​វៀតណាម ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ជាច្រើន​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​តាមរយៈ​ការធ្វើ​មនុស្សឃាត ការសម្លាប់​រង្គាល ការធ្វើ​ទៅជា​ទាសករ ការ​និរទេស ការដាក់​ក្នុង​មន្ទីរឃុំឃាំង ការធ្វើ​ទារុណកម្ម ការធ្វើ​ទុក្ខ បុក​ម្នេញ​ដោយ​មូលហេតុ​នយោបាយ ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​មូលហេតុ​សាសនា និង​ការ​ធ្វើទុក្ខបុកម្នេញ ដោយ​មូលហេតុ​ពូជសាសន៍ ព្រមទាំង​អំពើ​អមនុស្សធម៌​ផ្សេងទៀត​ក្រោម​ទម្រង់​ជាការ​ប៉ះពាល់​ដល់​សេចក្តី ថ្លៃថ្នូរ​របស់​មនុស្ស អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​ក្រោម​ទម្រង់​ជាការ​បាត់​ខ្លួន​ដោយ​បង្ខំ ក្រោម​ទម្រង់​ជាការ​ជម្លៀស​ដោយ​បង្ខំ ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការរំលោភ​ផ្លូវភេទ​នៅក្នុង​បរិបទ​នៃ​ការរៀប អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​។ ជនជាប់ចោទ ខៀវ សំផន ត្រូវបាន​ផ្តន្ទាទោស​ផងដែរ​ពី​ការជួយ និង​ជំរុញ​ឱ្យ មានការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​តាមរយៈ​ការធ្វើ​មនុស្សឃាត នៅតាម​ការដ្ឋាន​ការងារ សហករណ៍ និង​មន្ទីរ​សន្តិសុខ ចំពោះ​ការស្លាប់​ដែល​បណ្តាលមកពី​លក្ខខណ្ឌ​នៃ​ការរស់នៅ នៅតាម​ទីតាំង ឧក្រិដ្ឋកម្ម​ទាំងនេះ​រួមមាន​កង្វះខាត​ម្ហូបអាហារ ទឹក និង​ការថែទាំ​សុខភាព ព្រមទាំង​ការកំណត់​ឱ្យធ្វើ​ការងារ​ធ្ងន់ធ្ងរ​។


​ ​អង្គជំនុំជម្រះ​សាលាដំបូង​បាន​រកឃើញថា ខៀវ សំផន បាន​ជំរុញ ញុះញង់ និង​ផ្តល់​ភាពស្របច្បាប់​ដល់​គោលនយោបាយ​ឧក្រិដ្ឋ​នានា ហើយ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​នៅក្នុង​ឧក្រិដ្ឋកម្ម​ទាំង ឡាយ​ដែល​បាន​ប្រព្រឹត្ត​ដោយ​កម្មាភិបាល​បក្សកុម្មុយនិស្ត​កម្ពុជា​។ គាត់​បាន​ណែនាំ​ដោយផ្ទាល់​ដល់ក​ម្មា ភិ​បាល​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ឧក្រិដ្ឋ និង​ទទួលខុសត្រូវ​ក្នុងការ​បណ្តុះបណ្តាល​កម្មាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត​កម្ពុជា​។ លើសពីនេះ​ទៀត អង្គជំនុំជម្រះ​សាលាដំបូង​បាន​រកឃើញថា ខៀវ សំផន បាន​ចូលរួម ចំណែក​នៅក្នុង​ការ​បោសសម្អាត​ខ្មាំង​នៅ​ទូទាំងប្រទេស និង​បានអនុម័ត​ផ្តល់ «​សិទ្ធិ​ក្នុងការ​កម្ទេច​» នៅក្នុង​ជួរ​ថ្នាក់ក្រោម​នៃ​បក្សកុម្មុយនិស្ត​កម្ពុជា​។ ខៀវ សំផន ក៏​ទទួលខុសត្រូវ​ផងដែរ​ក្នុ្ង​ង​ការ​ថ្លែង​សុន្ទរកថា គាំទ្រ​ដល់​គោលនយោបាយ​បក្សកុម្មុយនិស្ត​កម្ពុជា​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដែល​អង្គជំនុំជម្រះ បាន​រកឃើញថា​ជាការ​ចូលរួមចំណែក​នៅ​ក្នុងការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​។
​ ​អង្គជំនុំជម្រះ​សាលាដំបូង​បាន​រកឃើញថា ខៀវ សំផន ទទួលខុស​ត្រូវចំ​ពោះគោ​ល​នយោបាយ​បក្សកុម្មុយនិស្ត​កម្ពុជា​ដែល​កំណត់​គោលដៅ​ប្រឆាំងនឹង​ជនជាតិ​វៀតណាម ជនជាតិ​ចាម ពុទ្ធសាសនិក និង​អតីត​អ្នករដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ក្រុមគ្រួសារ​របស់​ពួកគេ​។ អង្គជំនុំជម្រះ​បាន​រកឃើញថា នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៦ មាន​គោលនយោបាយ​នៅ​ទូទាំងប្រទេស​ក្នុងការ​បណ្តេញ​ជនជាតិ វៀតណាម​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។ អង្គជំនុំជម្រះ​ក៏បាន​បង្ហាញ​ផងដែរ​នូវ​ករណី​ជាក់លាក់​ដែល​ប្រជាជន​ស៊ីវិល​វៀតណាម​ត្រូវបាន​សម្លាប់​ទ្រុងទ្រាយ​ធំ​។ និម្មិត​រូប​នៃ​ព្រះពុទ្ធសាសនា​ត្រូវបាន​កម្ទេចចោល ហើយ​ព្រះសង្ឃ​ត្រូវបាន​ចាប់​ផ្សឹក​ដោយ​បង្ខំ​នៅតាម​ឃុំ​នានា​។ ព្រះសង្ឃ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​តេន​ញ៉ា ឬ​ជា​ឈ្លើងសង្គម ហើយ​ការប្រើប្រាស់​វត្ត​អារាម​ក្នុង​គោលបំណង​ខាង​សស​នា​មិនត្រូវ​បានអនុញ្ញាត​ឡើយ​។ ការប្រតិបត្តិ​សាសនា និង​វប្បធម៌​ចាម​ត្រូវបាន​ហាមឃាត់​នៅ​ទូទាំងប្រទេស​។ ព្រះវិហារ​អ៊ីស្លាម​ត្រូវបាន​រុះរើ និង​គម្ពីរ​អាល់​គួ​រ៉​អាន​ត្រូវបាន​ដុតចោល​។ ប្រជាជន​ចាម​ត្រូវបាន​បង្ខំ​ឱ្យ​បរិភោគ​សាច់ជ្រូក និង​ត្រូវបាន​ហាម​មិនឱ្យ​គោរពបូជា​សាសនា និង​និយាយ​ភាសា​ដើម​របស់ខ្លួន​ឡើយ​។ លើសពីនេះ​ទៀត អង្គជំនុំជម្រះ​បាន​រកឃើញថា ប្រជាជន​ស៊ីវិល​ចាម​ត្រូវបាន​ចាប់ខ្លួន និង​សម្លាប់​ក្នុង​ទ្រង់ទ្រាយ​ធំ​។ អ្នករដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ក៏ត្រូវ​បានកំណត់​គោលដៅ​ដើម្បី​ចាប់ខ្លួន និង​សម្លាប់​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​។​អង្គជំនុំជម្រះ​សាលាដំបូង​បាន​រកឃើញថា ខៀវ សំផន ទទួលខុស​ត្រូវចំ​ពោះគោ​ល​នយោបាយ នៅ​ទូទាំងប្រទេស​នៃ​ការកំណត់​អត្តសញ្ញាណ​បុគ្គល​ដែល​ត្រូវ​រៀបចំ​ដោយ​បង្ខំ ដែលជា​ញឹកញាប់​គឺ​ត្រូវ រៀបការ​ជាមួយ​មនុស្ស​ដែល​ពួកគេ​មិន​ធ្លាប់​ស្គាល់​។​
​សវនាការ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង ០០២/០២ ប្រឆាំងនឹង​ខៀវ សំផន គ្រោង​ធ្វើឡើង​សម្រាប់​រយៈពេល ៤ ថ្ងៃ​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ ដោយ​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​រួមមាន​៖ ១-​ភាពត្រឹមត្រូវ​នៃ​កិច្ចដំណើរការ​នីតិវិធី ២-​ភាពត្រឹមត្រូវ​នៃ​យុត្តាធិការ ៣-​បទឧក្រិដ្ឋ​ដែល​ខៀវ សំផន​ត្រូវ​សម្រេច​ដាក់​ពិរុទ្ធភាព និង ៤-​វគ្គ​បិទ​សវនាការ​រួម​បញ្ចូល​បទ​បង្ហាញ​សង្ខេប បដិសេធ​របស់​មេធាវី​ការពារ​ក្តី ព្រមទាំង​ផ្តល់ឱកាស​សម្រាប់​ខៀវ សំផន ថ្លែង​ទៅកាន់​អង្គជំនុំជម្រះ​ដោយផ្ទាល់​នៅក្នុង​អំឡុងពេល​សវនាកា​រលើ​បណ្តឹងសាទុក្ខ​៕សរន