​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែ​
​សីហា​ឆ្នាំ​២០២១​នេះ​បានបញ្ជាក់​អំពី​គម្រោង​ជួសជុល ឬ ស្ថាបនា​ផ្លូវ​នៅក្នុង​ខេត្ត​។​

​លោក​បាន​និយាយថា​ចំពោះ​គម្រោង​ដេញថ្លៃ​ធ្វើ​ផ្លូវ​គេ​មាន​គណៈកម្មការ​អន្តរក្រសួង​គឺមាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ,​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​,​គណៈកម្មការ​លទ្ធកម្ម​និង​មន្ត្រី​ត្រួតពិនិត្យ​បច្ចេកទេស​ហើយ​បើ​ធ្វើ​ខុសពី​បញ្ជី​តម្លៃ​នោះគេ​មិនអាច​ទទួលយក​បានទេ​។

​លោក​ថ្លែង​ទៀតថា​រាល់​ផ្លូវ​ដែល​ខាង​មន្ទីរ​ជួសជុល​រឺ​ធ្វើ​ថ្មី​នោះ​គឺ​ខាង​មន្ទីរ​ជា​អ្នកស្នើ​គម្រោង​ចូលក្នុង​ផែនការ​៣​ឆ្នាំទៅ​៥​ឆ្នាំ​រំកិល​រួច​ដាក់ជូនទៅ​ក្រសួងសាមី​ហើយក៏​មានការ​ឯកភាព​ពី​ខាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទើប​សម្រេច​ថវិកា​ធ្វើការ​ជួសជុល​ថែទាំ​ទៅតាម​ថវិកា​ដែល​រាជរដ្ឋាភិបាល​បានផ្តល់​ឲ្យ​មិនមែន​ធ្វើទៅ​តាមតែ​ចិត្ត​នឹកឃើញ​នោះទេ​។​

​លោក​បន្ថែមថា​ពុំមាន​បែងចែក​លាភសក្ការៈ​ដល់​អ្នក​ជំនិត​នោះទេ​ហើយ​រាល់​ថវិកា​ដែល​ឲ្យ​ពួកគាត់​នោះ​គឺជា​ថវិកា​លើកទឹកចិត្ត​ដើម្បី​ឲ្យ​ពួកគាត់​ខិតខំ​បំពេញការងារ​របស់ខ្លួន​។

​លោក នួន លី​ហួន បាន​បញ្ជាក់ថា​នៅតាម​ការដ្ឋាន​នីមួយៗ​សុទ្ធសឹងតែ​ជាម​ន្ត្រី​ខាង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ទាំងអស់​។​បច្ចុប្បន្ននេះ​ផ្លូវ​ដែល​ខាង​មន្ទីរ​ត្រូវធ្វើ​មិនមាន​គ្រឿងចក្រ​គ្រប់គ្រាន់​សម្រាប់​ជួសជុល​ថែទាំ​ឬ​ស្ថាបនា​ថ្មី​មន្ទីរ​បាន​ទំនាក់ទំនង​យក​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ឯកជន​ទៅធ្វើ​ដើម្បី​ឲ្យ​សំរេចបាន​ឆាប់រហ័ស​ទៅតាម​ការគ្រោងទុក​ព្រោះ​រយៈពេល​នៃ​ការជួសជុល ថែទាំ​ឬ​រឺក៏​ការស្ថាបនា​ផ្លូវ​វា​មាន​ពេល​កំណត់​ទៅតាម​រដូវ​កាល​របស់​វា​៕​សរន​.mara