កម្ពុជា​ចាត់ទុក​វេទិកា​ធុរកិច្ច India-CLMV ជា​ផែនការ​ចង្អុល​ផ្លូវ​យ៉ាងសំខាន់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ឥណ្ឌា​និង​ប្រទេស CLMV

1155
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ខណៈដែល​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ម្ចាស់​រៀបចំ​កិច្ច​ជំនួប​ពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (India-CLMV) លើក​ទី​៥ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា លើកឡើងថា វេទិកា​ធុរកិច្ច India-CLMV នេះ ជា​ផែនការ​ចង្អុល​ផ្លូវ​យ៉ាងសំខាន់​សម្រាប់​ការអភិវឌ្ឍ សេដ្ឋកិច្ច រវាង​ឥណ្ឌា​និង​ប្រទេស CLMV​។​

​នៅក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច India-CLMV ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា រយៈពេល​ជាង​ពីរ​ទស្សវត្ស​កន្លងមកនេះ កម្ពុជា​ធានាបាន​នូវ​អាត្រា​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រង្វង់​៧​ភាគរយ ដែល​បានប្រែក្លាយ កម្ពុជា​ពី​ប្រទេស​ឲ​ដែលមាន​ចំណូល​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា ទាក់ទង​នឹង​ប្រធានបទ​នៃ​វេទិកា​ខាងលើ គឺមាន​សារៈសំខាន់ ណាស់ សម្រាប់​សមាហរណកម្ម​បណ្ដា​ប្រទេស CLMV ទៅក្នុង​អាស៊ាន ក៏ដូចជា​មួយ​ឥណ្ឌា និង​ប្រទេស នានា​ក្នុង​តំបន់​ដែលជា​ទិសដៅ​ចំបង​របស់​ប្រទេស CLMV តាំងពី​ប្រទេស​ទាំងនេះ​ចូល​ជា​សមាជិក អាស៊ាន​។ លោក​បាន​សម្តែង​កា​រំពឹងទុក​ថា នឹងមាន​ការចូលរួម​យ៉ាងសកម្ម​ដើម្បី​ផ្ដល់​វិភាគទាន​ដ៏​មានតម្លៃ ដល់​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច របស់​បណ្ដា​ប្រទេស CLMV ជាមួយ ឥណ្ឌា​ដើម្បី​ការរីកចម្រើន​ប្រកបដោយ​ចីរភាព​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក ហោ ណាំហុង បាន​លើកឡើងថា ចំពោះ​ការ​ប្រឈម​ជាមួយនឹង​ការ ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​នៃ​បរិយាកាស​នយោបាយ​និង​សេដ្ឋកិច្ច កម្ពុជា​មានការ​ប្ដេជ្ញា​ខ្ពស់​ក្នុងការ​សហការ ជាមួយ​ប្រទេស​ឥណ្ឌា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ដើម្បី​ចាប់យក​កាលា​នុ​វត្ដ​ភាព​មក​អនុវត្ដ​ន៍​ឲ្យ​អស់ពី លទ្ធភាព​សម្រាប់​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​ប្រទេស​នីមួយៗ និង​នៅក្នុង​តំបន់​ទាំងមូល​។​

​ជាមួយគ្នានេះ លោក ប៉ាន សូរ​ស័​ក្កិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា ឥណ្ឌា ក្រោម​កិច្ច សហការ​ជាមួយ​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម បានរៀបចំ​វេទិកា​ជំនួប​ពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ ភូមា និង​វៀតណាម ប្រកបដោយ​ជោគជ័យ​ចំនួន​០៤​ដង​រួចមកហើយ នៅ​សាធារណ​ឥណ្ឌា​ដែលមាន ប្រធានបទ​និង​កាលបរិច្ឆេទ រួមមាន​៖ លើក​ទី​១៖ ត្រូវបាន​រៀបចំ​ចាប់ពី​ថ្ងៃទី​២១-២២ ខែតុលា​ឆ្នាំ ២០១៣ ដែល​ផ្តោតលើ​ការបង្កើត​ឱកាស​សេដ្ឋកិច្ច​ថ្មី​នៅ​ទីក្រុង​ញូ​វ​ដេលី នៃ​សាធារណរដ្ឋ​ឥណ្ឌា​។ លើក​ទី​២៖ បាន ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១-១២ ខែធ្នូ ឆ្នាំ​២០១៤ ដោយ​ផ្តោតលើ «​ការចូលរួម​សេដ្ឋកិច្ច​អាស៊ាន​-​ឥណ្ឌា​៖ មាគ៌ា ឆ្ពោះទៅមុខ​» នៅ​ទីក្រុង​ញូ​ដេលី សាធារណរដ្ឋ​ឥណ្ឌា​។ លើក​ទី​៣៖ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១២-១៣ ខែមករា ឆ្នាំ​២០១៦ ដែល​ផ្តោតលើ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ឥណ្ឌា​-​កម្ពុជា ឡាវ ភូមា និង​វៀតណាម ប្រកបដោយ​ជោគជ័យ​៖ ការបង្កើត​ចង្វាក់​តម្លៃ​ក្នុង​តំបន់ នៅក្នុង​រដ្ឋ Tamil Nadu នៃ​សាធារណរដ្ឋ​ឥណ្ឌា​។
​និង​លើក​ទី​៤៖ ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ «​ការធ្វើ សមាហរណកម្ម​សេដ្ឋកិច្ច រវាង​ឥណ្ឌា និង​កម្ពុជា ឡាវ ភូមា និង​វៀតណាម​៖ មាគ៌ា​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍ ប្រកបដោយ​និរន្តរភាព​» នៅ Jaipur, Rajasthan សាធារណរដ្ឋ​ឥណ្ឌា​។​

​គួរ​បញ្ជាក់ថា កិច្ច​ជំនួប​ពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម លើក​ទី​៥ នឹង​ប្រព្រឹត្ត ទៅ​រយៈពេល​០២​ថ្ងៃ​ជាប់​គ្នា គិតពី​ថ្ងៃទី​២១ និង​២២ ខែឧសភា ឆ្នាំ​២០១៨​។ ក្នុងនោះ កម្ពុជា​ត្រូវបាន​ធ្វើជា ម្ចាស់ផ្ទះ​ដោយមាន​ការឯកភាព​ពី​សម្ដេចនាយក​រដ្ឋមន្ដ្រី​តេ​ជោ ហ៊ុន សែន ដែល​លើក​ទី​៤ ធ្វើ​នៅ​ទីក្រុង ចា​ពួរ នៃ​សាធារណរដ្ឋ​ឥណ្ឌា កាលពីដើមឆ្នាំ​២០១៧​កន្លងទៅ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ