ដោយៈ សុផល / ភ្នំពេញ​៖ លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ អ្នកជំនាញ​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​អង្គការ ASSIST, វិទ្យាស្ថាន William Angliss នៃ​ប្រទេស​អូស្ត្រាលី និង​ក្រុមហ៊ុន Thalias Hospitality Group នា​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ បានរៀបចំ​សិក្ខាសាលា បណ្តុះបណ្តាល គ្រូ​បង្គោល​ជាតិ ផ្នែក​ផលិតកម្ម ម្ហូបអាហារ ដើម្បី​អាចធ្វើ​ការបណ្តុះបណ្តាល បន្ត​ដល់​យុវជន​កម្ពុជា ផ្សេងៗ​ទៀត តាម​ស្តង់ដា​អាស៊ាន និង​ជាការ​ត្រៀម​បើក ទេសចរណ៍​អន្តរជាតិ ឡើងវិញ បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ ថមថយ​។​

​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ មានការ​ចូលរួម ពី​អ្នកជំនាញ​ចុងភៅ មានបទពិសោធន៍ ហើយ​ដែល​នឹង ត្រូវ​បណ្តុះបណ្តាល អំពី​គរុកោសល្យ ក្នុងការ​បណ្តុះបណ្តាល បន្ត​ដល់​យុវជន​កម្ពុជា ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​បំប៉ន ជំនាញ​បន្ថែម ដល់​អ្នកជំនាញ​ចុងភៅ ផ្សេងៗ​ទៀត ក្នុង​កម្មវិធី​បង្កើន​ជំនាញ (Upskilling) និង​បណ្តុះបណ្តាល​ជំនាញ​ថ្មី (Reskilling) ដែល​ក្រសួងទេសចរណ៍ បាន​នឹង​កំពុង​អនុវត្ត ក្នុងការ​ដោះស្រាយ ផលប៉ះពាល់ ពី​វិបត្តិ​កូ​វីដ​-១៩​។​