ដោយៈ សុផល / ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ នៃក្រសួងទេស ចរណ៍ សហការជាមួយអង្គការ ASSIST, វិទ្យាស្ថាន William Angliss នៃប្រទេសអូស្ត្រាលី និងក្រុមហ៊ុន Thalias Hospitality Group នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលា បណ្តុះបណ្តាល គ្រូបង្គោលជាតិ ផ្នែកផលិតកម្ម ម្ហូបអាហារ ដើម្បីអាចធ្វើការបណ្តុះបណ្តាល បន្តដល់យុវជនកម្ពុជា ផ្សេងៗទៀត តាមស្តង់ដាអាស៊ាន និងជាការត្រៀមបើក ទេសចរណ៍អន្តរជាតិ ឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ថមថយ។
សិក្ខាសាលាបណ្តុះបណ្តាលនេះ មានការចូលរួម ពីអ្នកជំនាញចុងភៅ មានបទពិសោធន៍ ហើយដែលនឹង ត្រូវបណ្តុះបណ្តាល អំពីគរុកោសល្យ ក្នុងការបណ្តុះបណ្តាល បន្តដល់យុវជនកម្ពុជា ផ្សេងៗទៀត ដើម្បីចូលរួមបំប៉ន ជំនាញបន្ថែម ដល់អ្នកជំនាញចុងភៅ ផ្សេងៗទៀត ក្នុងកម្មវិធីបង្កើនជំនាញ (Upskilling) និងបណ្តុះបណ្តាលជំនាញថ្មី (Reskilling) ដែលក្រសួងទេសចរណ៍ បាននឹងកំពុងអនុវត្ត ក្នុងការដោះស្រាយ ផលប៉ះពាល់ ពីវិបត្តិកូវីដ-១៩។
សិក្ខាសាលាបណ្តុះបណ្តាលនេះ ជាផ្នែកសកម្មភាពមួយ នៃការអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីការលើកស្ទួយ និងស្តារវិស័យទេសចរណ៍ ឡើងវិញ ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាល បានអនុម័ត។
ថ្លែងក្នុងកម្មវិធីបើក សិក្ខាសាលា លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងទេសចរណ៍ ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩ ការដោះស្រាយ ផលប៉ះពាល់ និងគំនិតផ្តួចផ្តើមនានា ក្នុងការត្រៀមបើក ទេសចរណ៍អន្តរជាតិ ឡើងវិញ ប្រកបដោយការទទួលខុសត្រូវ។
លោកក៏បានកោតសរសើរ ដល់ការចូលរួមពី ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល (NGOs) វិទ្យាស្ថាន William Angliss នៃប្រទេសអូស្ត្រាលី និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានគាំទ្រ ការស្តារវិស័យ ទេសចរណ៍កម្ពុជា ឡើងវិញ តាមរយៈសិក្ខាសាលាបណ្តុះបណ្តាល ជំនាញទេសចរណ៍ នាពេលនេះ។
សិក្ខាសាលាបណ្តុះបណ្តាល គ្រូបង្គោលជាតិនេះ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានសិក្ខាកាម ចូលរួមចំនួន ២៧ រូប។
សូមរំលឹកផងដែរថា កម្ពុជា បានធ្វើការបណ្តុះបណ្តាល គ្រូបង្គោល និងអ្នកវាយតម្លៃ បង្គោលជាតិចំនួន ៦៣០ រូប រួចមកហើយ ដោយគ្រូបង្គោល និងអ្នកវាយតម្លៃ បង្គោលទាំងនេះ បានធ្វើការបណ្តុះបណ្តាល បន្ត ឬបណ្តុះបណ្តាល ខាងក្នុង (Inhouse Training) ដល់បុគ្គលិក នៅតាមស្ថាប័នរបស់ខ្លួន ប្រមាណ ១,០០០ រូប លើផ្នែកគេហកិច្ច ផ្នែការិយាល័យជួរមុខ និងផ្នែកសេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ៕/V