​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អភិបាល អភិ​បា​រង ស្រុក​ម៉ាឡៃ អូរជ្រៅ និង ភ្នំស្រុក នៅ​ខេត្តបន្ទាយមានជ័យ បានប្រកាស​ចូលកាន់​តំណែង កាលពី​រសៀល ថ្ងៃទី​១៦ និង​នៅ​រសៀល ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១​។​

​ពិធី​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក គោ​ស៊ុំ សារឿ​ត តំណាងរាស្ត្រ និង​ជា​អនុប្រធាន ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តបន្ទាយមានជ័យ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ភាព រដ្ឋលេខាធិការ ក្រសួងការពារជាតិ លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ។​

​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​នោះ លោក ស្វាយ ជា ពី​អភិបាល​ស្តីទី ឡើងជា​អភិបាល ស្រុក​ម៉ាឡៃ និង​លោក សុខ ពេញ​ណន ជា​អភិបាលរង ។ លោក យឹម សំណាង ពី​អភិបាលស្រុក​ភ្នំស្រុក ទៅជា​អភិបាល ស្រុក​អូរជ្រៅ ជំនួស​លោក លី សុ​វណ្ណា​រឹទ្ធិ ដែល​ឡើងជា អភិបាលរង​ខេត្ត និង​លោក ជូ បុត្រ ពី​អភិបាលរង ឡើងជា​អភិបាល ស្រុក​ភ្នំស្រុក និង​លោក សារាយ ពេ​ត អតីត​អភិបាលរង ស្រុក​ស្វាយចេក -​មន្ត្រី​សាលាខេត្ត ទៅជា​អភិបាលរង​ស្រុក ។​

​នេះ​បើតាម លោក វ៉ន វណ្ណា នាយក​ទីចាត់ការ ធនធានមនុស្ស សាលាខេត្ត បាន​អាន​អនុក្រឹត្យ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រកាស​របស់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ។​

​ក្រោយពី​លោក អភិបាលស្រុក ទាំង​៣ ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី បាន​ប្តេជ្ញាចិត្ត​រួចមក លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ជុំវិញ​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ដែល​ខិតខំ​ប្រឹងប្រែង​លះបង់ អស់កម្លាំង​កាយ​ចិត្ត ក្នុងការ​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ ដើម្បី​បម្រើ​ជាតិ និង​ប្រជាជន ពិសេស ក្នុង​យុទ្ធនា​ការរួម ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។​

​លោក​អភិបាលខេត្ត បាន​បន្ថែមថាៈ តួនាទី​ដែល​ផ្ដល់ជូន នាពេលនេះ គឺជា​អំ​រែក ការទទួលខុសត្រូវ ក្នុងនាម​ជា​អភិបាល អភិបាលរង​។ ដូច្នេះហើយ​ត្រូវយក​តួនាទី​នេះ ទៅប្រើ​ប្រាស់​ឱ្យចំ​គោលដៅ ដើម្បី​ជា​ប្រយោជន៍ និង​ផ្តល់​ភាពកក់ក្តៅ ជូន​ប្រជាពលរដ្ឋ និង​ត្រូវខិតខំ​ប្រឹងប្រែង​បម្រើ​រាស្ត្រ និង​អនុវត្ត​ច្បាប់ ដោយ​ផ្សារភ្ជាប់​សុខទុក្ខ ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​។​

​លោក អ៊ុំ រាត្រី បាន​បន្តថាៈ ជាងនេះទៅទៀត ត្រូវ​បន្ត​ខិតខំ​ធ្វើ​ការងារ ដោយ​បង្កើន​ចំណង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ត្រូវគោរព​វិន័យ​ការងារ តួនាទី ភារកិច្ច លក្ខខណ្ឌ​ការងារ ដែល​បាន​បែងចែក ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវ​បន្ត​ពង្រឹង ការអភិវឌ្ឍន៍​សមត្ថ​ភាព​របស់ខ្លួន ឱ្យ​សាក​សម ជា​អ្នក​បន្តវេន​ដ៏​ល្អ និង​ឱ្យ​សមស្រប​ទៅនឹង​សម្ភារៈ​បច្ចេកទេស ដែលមាន​ការអភិវឌ្ឍ​រីកចម្រើន ក្នុង​យុគសម័យ​បច្ចុប្បន្ន​។

​លោក អ៊ុំ រាត្រី ក៏បាន​ណែនាំ​ដល់ មន្ត្រីរាជការ រដ្ឋបាល​ស្រុក និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត ផែនការ ដែល​ថ្នាក់​ដឹ​នាំ បានដាក់ចុះ និង​ធ្វើការ​ផ្សព្វផ្សាយ ពី​វិធានការ «៣​កុំ​, ៣​ការពារ​» របស់​សម្តេច​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​វិធានការ​នានា របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​៕/V​