ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ អភិបាល អភិបារង ស្រុកម៉ាឡៃ អូរជ្រៅ និង ភ្នំស្រុក នៅខេត្តបន្ទាយមានជ័យ បានប្រកាសចូលកាន់តំណែង កាលពីរសៀល ថ្ងៃទី១៦ និងនៅរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
ពិធីនោះ មានការអញ្ជើញចូលរួមពីលោក គោស៊ុំ សារឿត តំណាងរាស្ត្រ និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការ ក្រសួងការពារជាតិ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនោះ លោក ស្វាយ ជា ពីអភិបាលស្តីទី ឡើងជាអភិបាល ស្រុកម៉ាឡៃ និងលោក សុខ ពេញណន ជាអភិបាលរង ។ លោក យឹម សំណាង ពីអភិបាលស្រុកភ្នំស្រុក ទៅជាអភិបាល ស្រុកអូរជ្រៅ ជំនួសលោក លី សុវណ្ណារឹទ្ធិ ដែលឡើងជា អភិបាលរងខេត្ត និងលោក ជូ បុត្រ ពីអភិបាលរង ឡើងជាអភិបាល ស្រុកភ្នំស្រុក និងលោក សារាយ ពេត អតីតអភិបាលរង ស្រុកស្វាយចេក -មន្ត្រីសាលាខេត្ត ទៅជាអភិបាលរងស្រុក ។
នេះបើតាម លោក វ៉ន វណ្ណា នាយកទីចាត់ការ ធនធានមនុស្ស សាលាខេត្ត បានអានអនុក្រឹត្យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ។
ក្រោយពីលោក អភិបាលស្រុក ទាំង៣ ដែលទើបទទួលបានការតែងតាំងថ្មី បានប្តេជ្ញាចិត្តរួចមក លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជុំវិញការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែងលះបង់ អស់កម្លាំងកាយចិត្ត ក្នុងការចូលរួមជាមួយថ្នាក់ដឹកនាំ ដើម្បីបម្រើជាតិ និងប្រជាជន ពិសេស ក្នុងយុទ្ធនាការរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោកអភិបាលខេត្ត បានបន្ថែមថាៈ តួនាទីដែលផ្ដល់ជូន នាពេលនេះ គឺជាអំរែក ការទទួលខុសត្រូវ ក្នុងនាមជាអភិបាល អភិបាលរង។ ដូច្នេះហើយត្រូវយកតួនាទីនេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងបម្រើរាស្ត្រ និងអនុវត្តច្បាប់ ដោយផ្សារភ្ជាប់សុខទុក្ខ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
លោក អ៊ុំ រាត្រី បានបន្តថាៈ ជាងនេះទៅទៀត ត្រូវបន្តខិតខំធ្វើការងារ ដោយបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារ ដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹង ការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឱ្យសាកសម ជាអ្នកបន្តវេនដ៏ល្អ និងឱ្យសមស្របទៅនឹងសម្ភារៈបច្ចេកទេស ដែលមានការអភិវឌ្ឍរីកចម្រើន ក្នុងយុគសម័យបច្ចុប្បន្ន។
លោក អ៊ុំ រាត្រី ក៏បានណែនាំដល់ មន្ត្រីរាជការ រដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្ត ផែនការ ដែលថ្នាក់ដឹនាំ បានដាក់ចុះ និងធ្វើការផ្សព្វផ្សាយ ពីវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី៕/V