ដោយៈ សុផល / ភ្នំពេញ៖ ដោយមានការជួយពី សាធារណរដ្ឋកូរ៉េ កម្ពុជា កំពុងរៀបចំផែនការមេ សម្រាប់បំពាក់សញ្ញា ជំនួយនាវាចរណ៍ តាមដងទន្លេមេគង្គ ហើយគ្រោងនឹងចុះទៅ សិក្សាស្វែងយល់ ពីទីតាំងភូមិសាស្ត្រ តាមដងទន្លេមេគង្គ ដោយផ្ទាល់។
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ស្តីពី ” គម្រោងរៀបចំផែនការមេ បំពាក់សញ្ញាជំនួយនាវាចរណ៍ តាមដងទន្លេមេគង្គ ដែលឧបត្ថម្ភថវិកា ដោយរដ្ឋាភិបាលកូរ៉េ ” ។ កិច្ចប្រជុំនេះ ធ្វើនៅអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងគ្រប់ក្រុមការងារ ពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំ ក្រុមការងារជំនាញការកូរ៉េ បានធ្វើបទបង្ហាញ អំពីការផ្តល់ជំនួយ ដល់កម្ពុជា លើគម្រោងនាវាចរណ៍ និងបានបង្ហាញ អំពីផែនការសកម្មភាព ដែលក្រុមការងារ នឹងចុះទៅសិក្សា ស្វែងយល់ ពីទីតាំងភូមិសាស្ត្រ តាមដងទន្លេមេគង្គ ដោយផ្ទាល់ថែមទៀត ដើម្បីសិក្សាលម្អិត នៅតាមគោលដៅ ដែលត្រូវរៀបចំ បំពាក់នូវសញ្ញា ជំនួយនាវាចរណ៍ លើទីតាំងនីមួយៗ ។
ទន្ទឹមនោះ លោករដ្ឋលេខាធិការ បានសំណូមពរ ស្នើទៅកាន់ភាគីកូរ៉េ នៅពេលចុះសិក្សា ត្រូវកំណត់ទីតាំង ច្បាស់លាស់ និងធានាបានសុវត្ថិភាព ដល់នាវាចរណ៍ ដែលត្រូវឆ្លងកាត់ ហើយត្រូវឱ្យមានគុណភាព អាចប្រើប្រាស់បានយូរ និងងាយស្រួល ក្នុងការថែទាំផងដែរ៕/V