ដោយ:ភ្នំសន្ទុក – ភ្នំស្វាយ /កំពង់ធំ:លោក​ សុខ លូ អភិបាលខេត្តកំពង់ធំថ្លែង​ព្រ​មានដល់​មន្ត្រី​ទាំងឡាយថាត្រូវតែការពារផលប្រយោជន៍រាស្ត្រដោយ​ស្របច្បាប់​ មិនមែនការពាររាស្ត្រដោយខុសច្បាប់ទេ ។

លោក​ថ្លែងយ៉ាងដូច្នេះក្នុងពិធី​ប្រកាសតែងតែងនិងប្រគល់ភារកិច្ច លោក សាយ គឹមឡម​ ជាអភិបាលស្រុកស្ទោងថ្មីជំនួស លោក ណែត សារី ដែលត្រូវទៅបម្រើការនៅសាលាខេត្តកំពង់ធំ និងលោកទង់ គឹម​តុល ជាអភិបាលស្រុកប្រាសាទ​សំបូរ​ថ្មីជំនួស លោកអ៊ុត​ វណ្ណរ៉ា​ ដែលទៅ​ជា​អភិបាល​ស្រុក​សណ្តាន់​វិញ​ ។

ពិធីនោះមានការចូលរួមពីលោកឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីមន្ត្រីរាជការក្នុងស្រុកស្ទោងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ នៅសាលាស្រុកស្ទោង។

លោក​សុខ​ លូ​ អភិបាលខេត្តកំពង់ធំ​បាន​បន្តថា​ មន្ត្រីសមត្ថកិច្ចកងកម្លាំងទាំងអស់មិនមែនចេះតែធ្វើអ្វីតាមអំពើចិត្តនោះទេគឺស្តាប់មេកើយរបស់ខ្លួន​ និងគណបញ្ជាការឯកភាពក្រុងស្រុក ពិសេសគឺគោរពច្បាប់។អភិបាលក្រុង ស្រុកត្រូវក្តាប់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយ ។

ក្នុងនោះមានការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់តម្រូវការប្រចាំថ្ងៃដូចជាការ ដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យ បានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ៕