ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: បើ​មើលទៅ ដូចជា​រឿង​អស់សំណើច​បន្តិច ដែល​អាជ្ញាធរ​សមត្ថកិច្ច​ចាប់ផ្តើម​អ្នកជិះ​កង់​ហាត់ ប្រាណ នាពេល​ព្រឹក​ព្រលឹម​ស្រ៊ាងៗ នៅ​សួនច្បារ​រង្វង់​មូល​វិមានឯករាជ្យ ចំណុច​ចំ​មុខផ្ទះ​សម្តេច​តេ​ជោ ហ៊ុន សែន​។ អាជ្ញាធរ​សមត្ថកិច្ច​ខ​ណ្ឌ​ដូនពេញ សំអាងថា អ្នកជិះ​កង់​ហាត់ប្រាណ​ទាំងនោះ ជិះ​ខុសច្បាប់ ដោយ​ជិះ​បញ្ច្រាស​’​ទិសដៅ ទើបត្រូវ​ចាប់​កង់ និង​ម្ចាស់ លើកដាក់​ឡាន យកទៅ​ប៉ុស្តិ៍​ប៉ូលិស​។​

​នោះ​គឺ​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ អ្នកជិះ​កង់​ចំនួន ១២​គ្រឿង និង​ម៉ូតូ​ចំនួន ៤​គ្រឿង​បាន​ជិះ​បញ្ច្រាស់ ទិស​ចរាចរណ៍​នៅ​សួនច្បារ និង​រង្វង់​មូល​វិមានឯករាជ្យ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់​អប់រំ និង​ផាកពិន័យ​។ ការចាប់​ឃាត់​នេះ បាន​អនុវត្ត​រួចមកហើយ​លើ​ឡាន​ម៉ូតូ ដែល​ល្មើស​ទិសដៅ​ចរាចរណ៍ នៅ​ចំណុច​សួនច្បារ​វិមានឯករាជ្យ មុខផ្ទះ​សម្តេច​តេ​ជោ ហ៊ុន សែន នេះ​។​

​នៅ​ចំណុច​សួនច្បារ​វិមានឯករាជ្យ​មុខផ្ទះ​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ចាប់ពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨​កងកម្លាំង​គណៈបញ្ជាកា​រ ឯកភាព​ខណ្ឌដូនពេញ​បាន​សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់​ឃាត់​ម៉ូតូ និង​រថយន្ត បើកបរ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​។

​នៅពេលនេះ គឺ​វិធានការ​ច្បាប់ ត្រូវអនុវត្ត​លើ​អ្នកជិះ​កង់​ហាត់ប្រាណ ដែល​តែងតែ​ជួបជុំ ជិះ​កង់​ព្រឹកៗ និង​ល្ងាចៗ នៅលើ​ផ្លូវ​ជុំវិញ​សួនច្បារ​វិមានឯករាជ្យ ដោយ​នាំគ្នា​ជិះ​បញ្ច្រាស់​ទិសដៅ​។ ពោលគឺ​នៅពេល​ជិះ​មកពី​មាត់ទន្លេ ដល់​មុខផ្ទះ​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ក្រុម​អ្នកជិះ​កង់ មិន​ព្រម​ជិះ​ទៅមួយ​ជុំ​វិមានឯករាជ្យ​ទេ បែរជា​មក​ជិះ​សសៀរៗ​អៀ​ប​ឆ្វេង​ដៃ ខាង​សួនច្បារ​មុខផ្ទះ​សម្តេច​តេ​ជោ ឆ្លងទៅ​កាន់​ផ្លូវ​ខាងត្បូង​សួនច្បារ​។ ផ្លូវ​ជុំវិញ​សួនច្បារ​វិមានឯករាជ្យ មុខផ្ទះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តម្កល់​ព្រះ​បរម​រូប​សម្តេចព្រះ​បរម​រតន​កោដ្ឋ គឺជា​ផ្លូវ​ឯកទិស ដែល​ផ្លូវ​ខាងត្បូង សម្រាប់​អ្នកដំណើរ​ទៅ​ពី​វិមានឯករាជ្យ ឆ្ពោះទៅ​មាត់ទន្លេ ហើយ​ផ្លូវ​ម្ខាង​ទៀត ជាប់​ផ្ទះ​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់តែ​អ្នក​មកពី​មាត់ទន្លេ​ប៉ុណ្ណោះ​។​

​ករណី​ធ្វើដំណើរ​បញ្ច្រាស់​រង្វង់​មូល​វិមានឯករាជ្យ​នេះ ត្រូវបាន​អាជ្ញាធរ​ខណ្ឌដូនពេញ បញ្ជាក់ថា អ្នកជិះ​ល្មើសច្បាប់​ចរាចរណ៍ ទាំង​អ្នកជិះ​កង់ ម៉ូតូ និង​យានជំនិះ​ផ្សេងៗ នៅ​វិមានឯករាជ្យ​ត្រូវតែ​អនុវត្ត​ការផាកពិន័យ​ដូច​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ជើងគោក ដែរ​។ ការងារ​នេះ ត្រូវ​ប្រគល់ឱ្យ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ជើងគោក ចាត់ការ ដោយ​ខណ្ឌ មិន​លូកដៃ​ទេ​។​

​មាន​បងប្អូន​អ្នកជិះ​កង់​មួយចំនួន មានការ​យល់ច្រឡំ​ថា ខ្លួន​ដូច​អ្នកដើរ​ហាត់ប្រាណ​ដែរ គឺ​អ្នក​ហាត់ប្រាណ គាត់​ដើរ​លើ​សួនច្បារ ហើយ​បត់​មួយ​ជុំ ដោយ​មិន​ដើរ​ឆ្លង ឆ្វែល​វិមានឯករាជ្យ​ទេ​។ កន្លងមក ក៏មាន​អ្នកជិះ​កង់ ជា​អ្នក​ហាត់ប្រាណ ជិះ​លើ​សួនច្បារ វិលជុំ ដូច​អ្នកដើរ​ដែរ​។ តែ​ការ​ជិះ​កង់​លើ​សួនច្បារ​ដូច្នេះ មិន​ត្រឹមត្រូវ​ឡើយ​។​

​មួយផ្នែក​ទៀត មាន​អ្នកជិះ​កង់​លើ​ទ្រូងផ្លូវ​ជុំវិញ​សួនច្បារ នៅពេល​ដល់​មុខ​ភូមិគ្រឹះ​សម្តេច​តេ​ជោ បត់​ឆ្វេង​តែម្តង ដោយ​មិន​វង់​មួយ​ជុំ​វិមានឯករាជ្យ​នោះទេ​។ នេះ​ជា​ករណី​បញ្ច្រាសទិស​ចរាចរណ៍ ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ត្រូវតែ​ស្ទាក់ចាប់ ដើម្បី​អប់រំ​ណែនាំ និង​ពិន័យ ដើម្បីឱ្យ​រាងចាល​។​

​អាជ្ញាធរ​ខណ្ឌដូនពេញ ប្រកាសថា ចាប់ពីពេលនេះ​តទៅ មិន​អនុញ្ញាត​ឱ្យមាន​អ្នកជិះ​កង់ ជិះ​លើ​សួនច្បារ​ទៀត​ទេ ទោះ​ក្នុង​រូបភាព​ហាត់ប្រាណ ឬ​កីឡា​ក៏ដោយ គឺ​សួនច្បារ សម្រាប់​ទុកឱ្យ​បងប្អូន​យើង ដើរ​កម្សាន្ត ឬ​ហាត់ប្រាណ ដោយ​ថ្មើរជើង​តែប៉ុណ្ណោះ​។ រីឯ​ការ​ជិះ​កង់ បញ្ច្រាស​ទិសដៅ​រង្វង់​មូល​វិមានឯករាជ្យ ក៏ត្រូវ​ហាមឃាត់​ដែរ​។​

​កន្លងមក អ្នកជិះ​កង់​ហាត់ប្រាណ នៅ​ភ្នំពេញ ងើប​ជិះ​កង់ ពេល​ទៀបភ្លឺ ចន្លោះ​ពី​ម៉ោង ៤ ដល់​ម៉ោង ៦​ព្រឹក គឺ​ជិះ​នៅ​សួនច្បារ​វិមានឯករាជ្យ ហើយ​តែងតែ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ នៅ​ចំណុច​វិមានឯករាជ្យ ដោយ​មកដល់​ផុត​សួនច្បារ​មុខផ្ទះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បត់​ឆ្វេង​តែម្តង​។ នេះ​ជា​រឿង​ល្មើសច្បាប់​ចរាចរណ៍​។ តែ​ពេល​ល្ងាច មិនសូវមាន​ទេ​។

​យ៉ាងណាក៏ដោយ ករណី​ចាប់​ផាក​អ្នកជិះ​កង់​ជា​លើកដំបូង​នេះ គួរតែ​អាជ្ញាធរ​សមត្ថកិច្ច​យើង យក​វិធាន​ការអប់រំ​សិន​។ ថ្នាក់ដឹកនាំ​នៅ​សាលាខណ្ឌ​ដូនពេញ ក៏​ជា​អ្នកជិះ​កង់​ហាត់ប្រាណ​ដែរ អាចយ​ល់ពី​បេះដូង​អ្នកជិះ​កង់​ដូចគ្នា​។ អាជ្ញាធរ​សមត្ថកិច្ច គួរតែ​ផ្សព្វផ្សាយ ឲ្យ​អ្នក​និយម​ជិះ​កង់ បានដឹង ហើយ​លើកស្លា​កនៅ​កែង​ផ្លូវ​នោះ ដាក់​សញ្ញា​ហាម​ជិះ​កង់ និង​យានយន្ត​គ្រប់​ប្រភេទ​។

​កន្លងមក នៅ​ចំណុច​សួនច្បារ​វិមានឯករាជ្យ​នេះ ដោយ​អាង​តែ​អាច​ជិះ​បញ្ច្រាស​បាន ក៏​ចេះតែ​នាំគ្នា​ជិះ ក្នុង​បំណង​ហាត់ប្រាណ ដើម្បី​តែ​សុខភាព​ប៉ុណ្ណោះ​។ ណាមួយ នៅពេល​ព្រឹកៗ​ទៀបភ្លឺ និង​ភ្លឺ​ស្រ៊ាងៗ​នេះ ចំណុច​នោះ ក៏​មិនសូវមាន​អ្នកធ្វើដំណើរ​ច្រើន​ឡើយ​។ ម្យ៉ាងទៀត អ្នកជិះ​កង់​ហាត់ប្រាណ ក៏​គិតថា បើ​ជិះ​បត់​តាម​ទិសដៅ​ចរាចរណ៍ ដោយ​ឆ្វែល​រង្វង់​មូល​វិមានឯករាជ្យ ខ្លាច​គ្រោះថ្នាក់ ដោយ​ត្រូវ​ឆ្លងកាត់​ផ្លូវបំបែក​ច្រើន​។ ដូច្នេះ​ក៏ត្រូវ​បត់​ឆ្វេង ឆ្លងទៅ​ផ្លូវ​ម្ខាង​ទៀត​តាម​គេ​តាម​ឯង​ដូច្នេះ​ទៅ​។​

​ករណីនេះ នៅ​ចុង​ម្ខាង​ទៀត នៃ​សួនច្បារ​វិមានឯករាជ្យ ខាង​ផ្លូវ​សុធារស ទិសដៅ​ឆ្ពោះទៅ​មាត់ទន្លេ ក៏មាន​អ្នកធ្វើ​ចរាចរណ៍ ជិះ​ដូច​ខាង​រង្វង់​មូល​វិមានឯករាជ្យ​ដែរ កន្លងមក​។ ប៉ុន្តែ​ថ្មីៗ​នេះ អាជ្ញាធរ​សមត្ថកិច្ច បាន​សម្រួល​កែ​ផ្លូវ ដោយ​ធ្វើ​ផ្លូវ​ថែម​ជាប់​នឹង​សួនច្បារ សម្រាប់​អ្នក​ដែល​ត្រូវ​បត់​ត្រឡប់ក្រោយ ឆ្វែល​សួនច្បារ​វិមានឯករាជ្យ​នេះ​។ ការកែសម្រួល​ផ្លូវ​ដូច្នេះ គឺ​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍​ផង និង​បញ្ចៀស​បាន​ទាំង​គ្រោះថ្នាក់​ចរាចរណ៍​ផង ហើយ​សម្រួល​ដល់​ការធ្វើដំណើរ​បាន ដោយ​ងាយ​ផង​។​

​យ៉ាងណាក៏ដោយ ក្នុងករណី​អ្នកជិះ​កង់​ហាត់ប្រាណ​យើង​វិញ ទាំងអស់គ្នា ដាច់ខាត ត្រូវ​ទាមទារ​ឲ្យ​គោរព​ច្បាប់ទម្លាប់​ដូច​អ្នកធ្វើដំណើ​រ និង​អ្នកបើកបរ​យានជំនិះ​ដទៃទៀត​ដែរ​។ ពោលគឺ​ដាច់ខាត​អ្នកជិះ​កង់ មិន​ថា ហាត់ប្រាណ ឬ​ជិះ​កង់​ទៅ​រៀន ទៅ​ផ្សារ ឬ​ជិះ​លេង​ទេ គឺ​ត្រូវតែមាន​មួកសុវត្ថិភាព សម្រាប់​ជិះ​កង់ ហើយក៏​ត្រូវគោរព​ច្បាប់​ចរាចរណ៍ ដូច​គេ​ដូច​ឯង ដោយ​គោរព​ទាំង​ភ្លើង​សញ្ញា​ចរាចរណ៍ នៅ​ចំណុច​ភ្លើងស្តុប រួមទាំង​ទិសដៅ​ចរាចរណ៍​នេះឯង​។ នៅលើ​សួនច្បារ ក៏​រឹងរឹតតែ​មិនត្រូវ​ជិះ​កង់​នោះទេ​។

​ការតម្រូវ​ឲ្យ​អ្នកជិះ​កង់​ហាត់ប្រាណ​ក្តី ជិះ​កង់​ដើរលេង ជិះ​កង់​ទៅ​រៀន ឬក៏​ទៅណា​ណាក៏ដោយ ត្រូវតែមាន​មួកសុវត្ថិភាព និង​ត្រូវ​គោរ​ច្បាប់ទម្លាប់ ពិសេស​ទិសដៅ​ចរាចរណ៍​នេះ គឺ​ដើម្បី​តែ​សុវត្ថិភាព​របស់​អ្នកជិះ​កង់​នោះឯង​។ ជួនកាល ភ្លើង​ក្រហម នៅ​ចំណុច​ភ្លើងស្តុប តែ​អ្នកជិះ​កង់ មិន​ឈប់ នៅតែ​បន្ត​ជិះ​ឆ្លងផ្លូវ​ទៀត គឺអាច​នឹងមាន​គ្រោះថ្នាក់​ជាយថាហេតុ ហើយក៏​មិន​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​នោះទេ​។ ធ្ងន់ធ្ងរ​ជាងគេ ការ​ជិះ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ គឺជា​គ្រោះថ្នាក់ ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ នឹងត្រូវ​គេ​បុក​។ បើ​មាន​គ្រោះថ្នាក់ គឺ​អ្នកជិះ​កង់​នោះឯង ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​។​

​យ៉ាងណា​ក៏ដោយចុះ អ្នកជិះ​កង់ មិន​ថា ជិះ​ហាត់ប្រាណ ជិះ​ដើរលេង ឬក៏​ជិះ​ទៅ​រៀន ទៅ​ផ្សារ​អ្វី​ទេ ត្រូវតែ​ពាក់មួក​សុវត្ថិភាព និង​គោរព​ច្បាប់​ចរាចរណ៍​ដូច​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​តាម​យានជំនិះ​ដទៃទៀត​ដែរ​។

​តែ​ក្នុងករណី​ថ្មី​ចុងក្រោយ នៅ​សួនច្បារ​វិមានឯករាជ្យ​នេះ ដែល​អាជ្ញាធរ​សមត្ថកិច្ច ស្ទាក់ចាប់​អ្នកជិះ​កង់​នេះ គួរតែ​អាជ្ញាធរ​សមត្ថកិច្ច​យើង អប់រំ​ណែនាំ​នៅ​កន្លែង ដោយ​អនុគ្រោះ​កុំ​ផាកពិន័យ ហើយ​យក​វិធានការ​ផ្សព្វផ្សាយ និង​លើក​ស្លាក​សញ្ញា សរសេរ​អក្សរ​នៅ​ដើមផ្លូវ ក៏​ល្អ​ម្យ៉ាងដែរ​។

​ពេលនេះ កូ​វីដ​ឆ្លង​រាតត្បាត​រ៉ាំរ៉ៃ​យូរ​ចូល​ជិត ២​ឆ្នាំ​មកហើយ​។ ក្លិប​ហាត់ប្រាណ​ក៏​បិទ ហើយ​ការជួបជុំ​ហាត់ប្រាណ តាម​ទីសាធារណៈ ក៏​ហាមឃាត់ ធ្វើ​ឲ្យ​ម្នាក់ៗ ជ្រើស​យក​ការហាត់​ប្រាណ ដោយ​ជិះ​កង់​។ តែ​បែរជា​ត្រូវ​ចាប់​ផាក​ទៅវិញ​។​

​ម្យ៉ាងទៀត មហាជន​លើកឡើងថា អាជ្ញាធរ​ខណ្ឌដូនពេញ គួរតែ​យក​ពេល​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ​សាធារណៈ​ដទៃ​ផ្សេងទៀត ធ្វើ​អនាម័យ រំដោះ​ចិញ្ចើមផ្លូវ ពិសេស​នៅតាម​ផ្សារ មុខ​ក្រុមហ៊ុន ហាង​លក់ទំនិញ​នានា ដែល​រំលោភ​មិន​ត្រឹមតែ​ចិញ្ចើមផ្លូវ គឺ​រំលោភ​ទាំង​ទ្រូងផ្លូវ យក​ធ្វើជា​ចំណត និង​យក​ផ្លូវ​ធ្វើជា​កន្លែងផ្ញើម៉ូតូ​ឡាន អាច​ប្រសើរ​ជាជាង​ប្រើ​កងកម្លាំង​សន្តិសុខ និង​ប៉ូលិស​ច្រើន​នាក់ មក​ស្ទាក់ចាប់​អ្នកជិះ​កង់ គ្រាន់តែ​ដើម្បី​ហាត់ប្រាណ​ឲ្យ​បែកញើស​ដូច្នេះ​៕​សរន​