ដោយ: បូកគោ / កំពត: មនុស្សប្រុសស្រីបីនាក់បានស្លាប់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កើនដល់ជាង៦០នាក់។
នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានប្រកាសជូនដំណឹងស្តីអំពីមនុស្សប្រុសស្រីបីនាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។ ជាមួយនោះក៏មានការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន២៧នាក់ផងដែរ។ សេចក្តីប្រកាសបានបញ្ជាក់ថាអ្នកបាត់បង់ជីវិតទាំងនោះរួមមាន ១. ស្ត្រីវ័យ៧៦ឆ្នាំ មានទីលំនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ២. បុរសអាយុ ៧៨ឆ្នាំ មានទីលំនៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។ ៣. ស្ត្រីវ័យ៦០ឆ្នាំ មានទីលំនៅឃុំសត្វពង ស្រុកឈូក ខេត្តកំពត ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកឈូក។
ជាមួយនឹងករណីស្លាប់បីនាក់បន្ថែមនេះបានធ្វើឱ្យចំនួនអ្នកបាត់បង់ជីវិតដោយសារសារជំងឺកូវីដ១៩គិតត្រឹមថ្ងៃទី១៩ សីហាឆ្នាំ២០២១ នៅទូទាំងខេត្តកំពតបានកើនដល់៦១នាក់។ ចំណែកអ្នកឆ្លងសរុប៣.៤៧២នាក់។ ក្នុងនោះកំពុងសម្រាកព្យាបាល២០៤នាក់ និងជាសះស្បើយ៣.២០៧នាក់៕