ដោយ:ប.ជ័យ / បន្ទាយមានជ័យ:ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ៤០គ្រួសារ នៅបីឃុំមាន ឃុំចំណោម ឃុំភ្នំតូច និងឃុំស្រះរាំង ក្នុងស្រុកមង្គលបូរី បានទទួលអំណោយជាស្បៀងអាហារជំនួយឧបត្ថម្ភពីអង្គការអេដ អេ អាក់ស្យុង និងពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ។

លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ឆឹង ណាវុន ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី និងលោក រ័ត្ន ដាសីុណង់ អភិបាលស្រុកមង្គលបូរី រួមជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន បានចូលរួមពិធីកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានធ្វើការថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់អង្គការដៃគូរពាក់ព័ន្ធ ដែលជាការចូលរួមចំណែកមួយ ជាមួយរាជរដ្ឋាភិបាល ដេីម្បីទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩។

លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ បានមានប្រសាឹន៍ថា៖អំណោយទាំងនេះបានមកពីគម្រោងខ្នាតតូចដែលលើកឡើងដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិសាត់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ នៅថ្នាក់មូលដ្ឋាន។

ជាពិសេស សហការជាមួយងអង្គការ API និងAEA ដែលគាំទ្រថវិកាដោយសហភាពអុីរ៉ុបEU និងនាំយកទៅប្រគល់ជូនដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ។

លោក បានបន្តថា៖ អំណោយទាំងនេះគ្រាន់តែជួយសម្រាលដល់ដល់ជីវភាពរស់នៅជូនបងប្អូនប្រជាពលរដ្ឋបានតែមួយរយៈពេលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ។
សម្រាប់សម្ភារៈអំណោយក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូ ក្រាម,ត្រីខ១យួរ,ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ,ម៉ាស់១ប្រអប និងសាប៊ូដុះខ្លួន១ដុំធំ។

លោក ជាម សុខ និងក្រុមការងារ បានបន្តអញ្ជើញចុះចែកកងនិងសម្ភារៈសិក្សា ដល់កុមារកំព្រា និងកុមារងាយរងគ្រោះ ចំនួន៩ គ្រួសារ ស្ថិតនៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។
ពិធីក៏ចូលរួមពីលោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះផងដែរ ៕