ដោយ:ភ្នំសន្ទុក-ភ្នំស្វាយ / កំពង់ធំ​:រដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលខេត្ត​កំពង់ធំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ តទៅ​បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវ វ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួន៦១ ៩៣៧នាក់និង ចាក់ដូសទី៣ ដល់មន្ត្រីរាជការ អាជ្ញាធរដែនដីជាង១៥.០០០នាក់ ។

លោក សុខ លូ អភិបាលកំពង់ធំ បានមានប្រសាសន៍ក្នុងពិធីនោះថា ការច៉ាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យនាពេលនេះធ្វើឡើងនៅទូទាំង ៩ក្រុង ស្រុកនៃខេត្ត។

ដោយឡែកតែមន្ត្រីរាជការ និងអាជ្ញាធរដែនដី គឺរដ្ឋបាលខេត្តបានរៀបចំបញ្ជីឈ្មោះរួចជាស្រេច ហើយមកចាក់នៅសាលាខេត្តតែមួយកន្លែងប៉ុណ្ណោះ ដោយបែងចែកទៅតាមអង្គភាព​ និងក្រុងស្រុក ។

អភិបាលខេត្តបានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូន ចៅគ្រប់អាយុ សូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំងចំពោះឳពុកម្តាយ អាណា ព្យាបាល និងកុមារមាក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយទទួលបានការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ១៩ ហើយបានថ្លែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលបរទេសនានានិងសម្ដេចតេជោ ហ៊ុន សែន ដែលគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពរដ្ឋ ជាពិសេសគឺកុមារបានចូលសិក្សារៀនសូត្រឡើងវិញ ។ឯប្រជាពលរដ្ឋ ក៏នឹងបានប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនឡើងផងដែរ ៕សរន