ដោយ:អង្គារ៍ហេង/ភ្នំពេញ: កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន (ក៧) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនរហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ រួមទាំងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង២ រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចភ្លើងស្តុបផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាដំបូងគេឃើញមានរថយន្តចំនួនបីគ្រឿង រថយន្ដស្ដារិចពណ៌ស មួយគ្រឿង រថយន្តមឡិចស៊ីសRX330ពណ៌ខ្មៅមួយគ្រឿង និងរថយន្តFord Raptor ពណ៌សមួយគ្រឿង ថែមទាំងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅចេញពីរាជធានីភ្នំពេញ ។ខណៈមកដល់ចំណុចភ្លើងស្តុប មុខផ្ទះសំណាក់ហេងលៀប ស្រាប់តែឃើញកម្លាំងសមត្ថកិច្ចទាំងស្លៀកពាក់ឯកសណ្ឋាននិងស្លៀកពាក់ស៉ីវិលបានចុះប្រសាចពេញផ្លូវ រួចបានដកកាំភ្លើងបាញ់ចំនួន៧គ្រាប់ រួមមានទាំងអាវុធវែងខ្លីតែក្នុងប្រតិបត្តិការនេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ ។

ក្រោយមកកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន(ក៧)ចាកចេញពីកន្លែងកើតហេតុ។
បន្ទាប់ពីប្រតិបត្តិការចប់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ បានបញ្ជាក់ថាករណីនេះ គឺជាប្រតិបត្តិការរបស់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនចុះចាប់ជនសង្ស័យ៕សរន