ដោយៈ​សុផល​/បាងកក ​៖បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់សម្តេចអគ្គមហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍ បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រី​ទេសចរណ៍ និង​កីឡា​នៃ ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​វិស័យ​ទេសចរណ៍​កម្ពុជា​-​ថៃ​ឡើងវិញ ទាំង​ក្នុង និង​ក្រោយ​ដំណាក់ កាល​ជំងឺ​កូ​វីដ​-១៩​។​

ក្នុងជំនួប​នាទី​ក្រុង​បាងកក​នៅ​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​នោះ លោក បណ្ឌិត សុខ សុ​ក្រឹ​ត្យា បាន​ជម្រាបជូន​លោក​Phiphat Ratchakitprakarn រដ្ឋមន្ត្រី ទេសចរណ៍​និង​កីឡា​នៃ​ព្រះរាជាណាចក្រ​ថៃ​ពី​ការ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​កសាង​ខឿន​សុខមាល ភាព​យ៉ាងរឹងមាំ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ជនបរទេសនិង​ទេសចរ​អន្តរជាតិដោយ​សម្រេច បាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន ៨៥%ចំពោះមនុស្ស​ដែលមាន​អាយុ​ពី១៨​ឆ្នាំ​ឡើង ទៅ និង ៣២% ចំពោះ​យុវវ័យ និង​កុមារ​ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ គិត​ត្រឹម​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ ​។​

​ព្រមជាមួយ​គ្នា​នោះ លោក​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ជម្រាប​ភាគី​ថៃពី​ការ ខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ស្តារហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​វិស័យ​ទេស ចរណ៍ធម្មជាតិ អេកូ​ទេសចរណ៍ និង ទេសចរណ៍​តំបន់ឆ្នេរ សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ គ្រប់​ជាតិ​សាសន៍ ជាពិសេស ជនជាតិ​ថៃ ដែល​នឹងអញ្ជើញ មក​ទស្សនាកម្ពុជា​ នាពេល​ដ៏​ខ្លី​ខាងមុខ បន្ទាប់ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​ស្រាកស្រាន្ត​។​

បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ជា  រដ្ឋលេខាធិការក្រសួងទេសចរណ៍

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​បណ្ឌិត សុ​ក្រឹ​ត្យា ក៏បាន​ស្នើសុំ​ភាគី​ថៃ​ចំនួន​៧​ចំណុច   ​គឺ ៖
១- បង្កើន​ការផ្តល់​អាហារូបករណ៍​ទេសចរណ៍​ដល់​មន្ត្រី​ទេសចរណ៍​កម្ពុជា​
២- ជំរុញ​ផ្នែក​ឯកជន​ថៃ​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២( ATF 2022) នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​បាន​ច្រើន​
៣- បង្កើន​កិច្ចសហការ​ក្នុងការ​រៀបចំ​កញ្ចប់​ទ​ស្សន​កិច្ច​រួមគ្នា​សម្រាប់​ទេសចរ​បរទេស​
៥- ជំរុញ​ចលនា​ទេសចរណ៍​បើកបរ​ឆ្លងដែន (Selfdrive Tourism)
៦- ជំរុញ​ការអនុវត្ត​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ACMEC លើ​ការប្រើប្រាស់​ទិដ្ឋាការ​ទោល (Single Visa) សម្រាប់​ទេសចរ​បរទេស​នៃ​ប្រទេស​ទី​៣ មក​ទស្សនា​កម្ពុជា និង​ថៃ​
៧- បង្កើន​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍ ព្រះរាជាណាចក្រ​ពីរ​ គោល​ដៅ​តែមួយ (Two Kingdom One Destination) ។​

​ជាមួយគ្នា​នោះដែរ លោក​បណ្ឌិត​ក៏បាន​អញ្ជើញលោក​រដ្ឋមន្ត្រី​ទេសចរណ៍​ថៃ​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន (ATF 2022) នៅ​ខេត្ត​ព្រះសីហនុ​។​

​ជា​កិច្ច​ឆ្លើយតប លោក​រដ្ឋមន្ត្រី​ទេសចរណ៍ និង​កីឡា​ថៃ បានទទួល​យក​ការអញ្ជើញនេះ ព្រមទាំង​បាន​សន្យា​នឹង​បង្កើន​ការផ្តល់​អាហារូបករណ៍ដល់មន្ត្រីទេសចរណ៍​កម្ពុជា​បន្ថែម ទៀតនិង​នាំយក​សំណើ​ដទៃទៀតទៅពិនិត្យនិង​បន្ត​ផ្តល់​កិច្ចសហការ​ឲ្យ​កាន់តែជិតស្និទ្ធ និង​ទូលំទូលាយ ជាមួយ​កម្ពុជា ។​

លោក Phiphat Ratchakitprakar រដ្ឋមន្ត្រីទេសចរណ៍  និងកីឡានៃព្រះរាជាណាចក្រថៃ

ដោយឡែក​បន្ទាប់ពី​បញ្ចប់​ជំនួប​ជាមួយ លោក Phiphat Ratchakitprakarn ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់​កិច្ចសម្ភាសន៍ ជាមួយ​អ្នកសារព័ត៌មាន​ថៃ និង​បរទេស អំពី​សុខសន្តិភាព ស្ថិរភាព​នយោបាយ​-​សេដ្ឋកិច្ច និង​ការអភិវឌ្ឍលើ​គ្រប់​វិស័យ ជ​ពិសេស កម្ពុជា​មានច្បាប់​វិនិយោគ​ថ្មី​ដ៏​ល្អ​បំផុត​នៅក្នុង​តំបន់ ដែល​បានមកពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវប្រកបដោយ​គតិបណ្ឌិត​របស់សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត បានស្នើ​សុំឱ្យ​អ្នក​សារពត៌មាន ជួយ​បង្កើន​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា និង ​វេទិកា​ទេសចរណ៍​អាស៊ាន (ATF 2022) ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២២ ទៅកាន់​ព្រះរាជាណាចក្រ​ថៃ និង​បណ្តា​ប្រទេស​ជា​មិត្ត​ទាំង​ក្នុង និង​ក្រៅ​តំបន់​។ ជាការ​ឆ្លើយតប ក្រុម​អ្នកសារព័ត៌មាន បាន​សន្យា​ជួយ​កម្ពុជា​ក្នុង​ការបន្ត​ផ្សព្វផ្សាយ​ពី សម្បត្តិ​វប្បធម៌ និងសក្តានុពល​ទេសចរណ៍​ដ៏​ល្អ​ឯក​របស់​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​៕Ph​