​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ បើ​គិត​មកដល់​គិត​ត្រឹម​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០២១​នេះ ការដ្ឋាន​នេះ​សម្រេច​ល​ទ្ឋ​ផល​បាន ៨០​ភាគរយ​នៃ​គម្រោង​ហើយ​។​កា​ដ្ឋា​ន​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​នេះ​សាងសង់ ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​(OCIC)​ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​៣០​ខែ​និង​ចំណាយ ថវិកា​ប្រមាណ​២២​លាន​ដុល្លា​អាម៉េរិក​។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២០​ខែ សីហា​នេះ​ថា គិត​ត្រឹម​ថ្ងៃទី​២០​ខែសីហា​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ សម្រេចបាន ៨០​ភាគរយ​នៃ​គម្រោង​ហើយ​។​តាម​កម្មវិធី​ការងារ​ការដ្ឋាន​នេះ​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងខែ​មីនាឆ្នាំ​២០២២ ខណៈ​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នេះ​ក៏ត្រូវ​បាន​បើក​ឱ្យ​ដំណើរ​ជា​បណ្តោះអាសន្ន​នៃ​ផ្នែក​ខ្លះ​ដើម្បី​សម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ​។​

​គួររំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​កន្លងមកនេះ បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​ជូន​ប្រជាពលរដ្ឋ​បានធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​។ បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​ក្រោម​ដី​ឱ្យធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ឃើញថា ស្ថានភាព​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​សហព័ន្ធរុស្ស៊ី មាន​លក្ខណៈ​ល្អប្រសើរ ។​

​ផ្លូវ​ក្រោម​ដី​នេះ​ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធរុស្ស៊ី មាន​ប្រវែង​សរុប ៤៧០​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត ។​

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​តាមរ​យៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​(OCIC)​ដោយ​សាងសង់​ក្នុង​រយៈពេល​៣០​ខែ និង​ចំណាយ​ថវិកា​ប្រមាណ​២២​លាន​ដុល្លារ​។​

​ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ការដ្ឋាន​នេះ​ត្រូវ​សាងសង់​ដោយ បែងចែក​ជា​បី​ផ្នែក​។​គឺ ស្ពាន​ទី​១. ជា​ស្ពាន​អាកាស​មេ​ត​ភ្ជាប់​ចរាចរ ពី​មហាវិថី​សហព័ន្ធរុស្ស៊ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ៤០៨ ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ​។​ស្ពាន​ទី​២ .​បំបែក​ចេញពី​ស្ពាន​អាកា​សមេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្ពោះទៅ​វេ​ង​ស្រេង សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប​២០២​ម៉ែត្រ (​ស្ពាន​អាកាស ប្រវែង​៤០​ម៉ែត្រ ផ្លូវ​ក្រោម​ដី ប្រវែង​១១៨​ម៉ែត្រ​និង​ផ្លូវ​លើដី​ប្រវែង ៤៤​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ​។​ស្ពាន​ទី​៣ ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ២០៦​ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង​៦០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង​១១៨​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង​២៨​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។


ផ្លូវ​និង​ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​កោង ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប ១៣០​ម៉ែត្រ (​ផ្លូវ​ក្រោម​ដី ប្រវែង​១៣​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង​១១៧​ម៉ែត្រ​) ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ​លើ​ផ្ទៃដី ជា​ផ្លូវ​មេ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​វេ​ង​ស្រេង មាន​ប្រវែង​សរុប ២៣៥​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធរុស្ស៊ី ដែលមាន​ប្រវែង​សរុប ៤៧០​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ល្បឿន​សុវត្ថិភាព ៤០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ទទឹង​៨,៥​ម៉ែត្រ ។ ល្បឿន​សុវត្ថិភាព ២៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ៥,២៥​ម៉ែត្រ និង​ទំហំ​៥,៥​ម៉ែត្រ ។

​ស្ពាន​នឹងមាន​អាយុកាល​១០០​ឆ្នាំ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ​ផងដែរ​។​
គួរបញ្ជាក់​ទៀតថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​នេះ បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​ជា​ផ្លូវការ​កាល​ថ្ងៃទី​២៩​មិថុនា ឆ្នាំ​២០១៨​កន្លងមក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ​ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​៕​សរន​.mara