ដោយៈ សុផល / ភ្នំពេញ​៖ ក្នុង​ប្រតិបត្តិការ​ចល័ត នៅ​ថ្ងៃទី​១៦-១៧ និង​២០ ខែសីហា ឆ្នាំ​២០២១ ក្រុមការងារ​ចល័ត​ចម្រុះ សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន លើស​ទម្ងន់ បាន​ឃាត់ និង​ពិន័យ យានយន្ត​ដឹក​លើស ទម្ងន់​កម្រិត​កំណត់ ចំនួន ១៤​គ្រឿង ដោយ ៦​គ្រឿង ត្រូវបាន​ពិន័យ និង​រើ​ទំនិញ​ចេញ ចំណែកឯ ៨ គ្រឿង​ទៀត ត្រូវ​ឃាត់ទុក​រយៈពេល ១​ឆ្នាំ ដោយ​លើស​ទម្ងន់​កម្រិត​កំណត់ ២០%​នៃ​ទម្ងន់ អនុញ្ញាត​។ នេះ​បើតាម​ការផ្សាយ​ឱ្យដឹង ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២០ សីហា ម្សិលមិញ​។​

​នៅ​ថ្ងៃទី​១៦ និង​១៧ ខែសីហា ឆ្នាំ​២០២១ លើផ្លូវ​ជាតិ​លេខ​៤៤ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ផ្លូវ​លេខ ៧០B ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក្រុមការងារ បាន​ពិន័យ​យានយន្ដ​ដឹកជញ្ជូន ៩ គ្រឿង ដោយ​ក្នុងនោះ ៥ គ្រឿង ត្រូវ​ឃាត់ទុក រយៈពេល ១​ឆ្នាំ ដោយសារ​លើស​ទម្ងន់​ក​ម្រិ​ត​កំណត់ ២០% នៃ​ទម្ងន់​អនុញ្ញាត​។​

​ដោយឡែក នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ លើផ្លូវ​ជាតិ​លេខ​១ នៃ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង និង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ក្រុមការងារ បាន​ពិន័យ​យានយន្ដ ដឹកជញ្ជូន ៥ គ្រឿង ដោយ​ក្នុងនោះ យានយន្ត​ចំនួន ៣ គ្រឿង ត្រូវ​ឃាត់ទុក​រយៈពេល ១​ឆ្នាំ ដោយសារ​លើស ទម្ងន់​កម្រិត​កំណត់ ២០% នៃ​ទម្ងន់​អនុញ្ញាត​។​

​យោងតាម​ទិន្នន័យ​ខាងលើ យានយន្ត​ចំនួន ៨ គ្រឿង ត្រូវ​ឃាត់ទុក​ចំនួន ១​ឆ្នាំ ដោយ​អនុលោម​តាមច្បាប់ ស្តីពី​ផ្លូវថ្នល់ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការពង្រឹង វិធានការ យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ បណ្តាញ​ផ្លូវថ្នល់​។​

​ក្រសួង​សូម​រំលឹក​ជូន​ដល់ ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ រថយន្ត​ធុន​ធ្ងន់ ទាំងអស់ ម្តង​ហើយ ម្តង​ទៀតថាៈ ក្រសួង​នឹង​បន្ត​អនុវត្ត​តាមច្បាប់ និង​សេចក្ដីជូនដំណឹង ខាងលើ យ៉ាង​តឹង​បំផុត ដោយ​គ្មាន​ការលើកលែង​ឡើយ​៕/V​-PC