រដ្ឋមន្ត្រី​បរិស្ថាន លើកទឹកចិត្ត​បណ្តា​សង្គម​ស៊ីវិល​ឱ្យ​បង្កើន​កិច្ចសន្ទនា ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា

1197
ចែករម្លែក

(​ភ្នំពេញ​)៖​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជំរុញ និង​លើកទឹកចិត្ត​ក្រុម​សង្គម​ស៊ីវិល​ទាំងអស់​ឱ្យ​បង្កើន​កិច្ចសន្ទនា​និង​​ការពិភាក្សា​ជាមួយ​ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បាន​ញឹកញាប់​ដើម្បី​បង្កើតជា​ទម្លាប់​ល្អ​នៃ​ការជជែក​ពិភាក្សា​ក្នុងឋានៈ​ជា​ដៃគូ​ល្អ​ដែល​ធ្វើ​ការបម្រើ​ឧ​ត្ត​ម​ប្រយោជន៍​សង្គមជាតិ​តែមួយ​ដូចគ្នា​។​

​ការលើកទឹកចិត្ត​រប​ស់​នេះ គឺធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​យ៉ាង​ស្និទ្ធស្នាល​កាលពី​ថ្ងៃទី​១៨ ខែកក្កដា​នៅក្នុង​បន្ទប់ធ្វើការ​ផ្ទាល់​របស់លោក​រដ្ឋ​​មន្ត្រី​តែម្តង​។​

​អង្គ​ការដែល​ចូលរួម​ប្រជុំ​មាន អង្គការ​សត្វព្រៃ​ចំនួន​៦​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ដូចជា​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(Wildlife Alliance) និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ជាដើម​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា “​យើង​គួរ​មាន​វប្បធម៌​នៃ​ការសន្ទនា​គ្នា​ដែល​គួរតែ​ត្រូវធ្វើ​ឱ្យបាន​ញឹកញាប់ ហើយ​ការពិភាក្សា​ទាំងនោះ​មិន​​បាច់​ធ្វើ​ក្នុង​លក្ខណៈ​ផ្លូវការ​នោះទេ គឺ​យើង​ធ្វើឡើង​ក្នុងនាម​ជា​ដៃគូ​ដ៏​ល្អ​ស្និទ្ធស្នាល និង​ដើរ​លើផ្លូវ​តែមួយ​ដែល​គាំទ្រ​គ្នា​ទៅវិញទៅមក​”​។​

​ដោយឡែក​ក្រុម​សង្គម​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​លោកស្រី suwanna gauntlet​បាន​ស្វាគមន៍​ចំពោះ​ការជំរុញ​របស់លោករ​ដ្ឋ​មន្ត្រី​​ដែល​តែងតែ​បើកទ្វារ​ទូលាយ​ស​ម្រា​ប់​កិច្ចពិភាក្សា និង​កិច្ចសហប្រតិបត្តិការ​តាំង​ពី​ដើម​រហូតមក​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្រៅពី​ប្រធានបទ​ខាងលើ​ភាគ​ទាំងពីរ គឺ​បាន​ផ្តោត​លើក​កិច្ចសហប្រតិបត្តិការ​កិច្ចការងារ​អភិរក្ស​តំបន់​សហគមន៍​ តំបន់​ច្រករបៀង និង​ការអភិរក្ស​ជីវៈចម្រុះ​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ ក៏ដូចជា​ការលើកកម្ពស់​ជីវភាព​សហគមន៍​ផងដែរ​។ ​បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចំពោះ​ការ​បរបាញ់​សត្វ និង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​ជាដើម​៕(​ប្រភព​ក្រសួងបរិស្ថាន​)​

​លោក សាយ សំ​អាល់ពិភាក្សា​យ៉ាង​ស្និទ្ធស្នាល​ជាមួយក្រុម​សង្គម​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​លោកស្រី suwanna gauntlet​កាលពី​ថ្ងៃទី​
១៨ ខែកក្កដា

 

ទីតាំងផ្សាយពាណិជ្ជកម្ម