​ដោយៈ health.com.kh
​ការងារ​ភាគច្រើន​តែងតែ​បណ្ដាលឱ្យ​ពួកយើង​មាន​អារម្មណ៍​ស្ត្រេ​ស ឬ​តានតឹង​ខ្លាំង​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អាកា​រៈ​មួយចំនួន​ខាងក្រោម​កើតមាន ការបង្ខំ​ខ្លួនឯង​ពេក​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​ទាំង​រាងកាយ និង​ផ្លូវចិត្ត​។ ថា​តើ​អាកា​រៈទាំង​នោះ​មាន​អ្វីខ្លះ​? ខាងក្រោម​ជា​អាកា​រៈ​មួយចំនួន​ដែល​បង្ហាញថា​រាងកាយ​ដល់ពេល​ត្រូវ​សម្រាក​ហើយ ៖

១. ឈឺក្បាល​

​អា​ការៈមិន​ស្រួល​ក្នុង​ក្បាល ឬ​ឈឺក្បាល​អាចជា​សញ្ញា​មួយ​ដែល​រាងកាយ​បញ្ជូនមក​ដើម្បី​រាយការណ៍​ឱ្យ​អ្នក​ដឹងថា​វា​ត្រូវការ​សម្រាក​។ ការបង្ខំ​ខ្លួនឯង​ឱ្យ​ធ្វើការ​ច្រើនពេក​អាចជា​លទ្ធផល​នៃ​អា​ការៈឈឺ​ក្បាល​, ចុក​-​ក និង​ឈឺភ្នែក​ខ្លាំង​។ បន្ថែម​ពីនេះ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​ខ្ពស់​អាច​បង្ក​អាកា​រៈ​ឈឺក្បាល​ប្រកាំង​ផងដែរ​។​

២. បញ្ហា​ពាក់ព័ន្ធ​នឹង​ការរំលាយ​អាហារ​

​នៅពេល​ខួរក្បាល​ធ្វើការ​ច្រើន​សម្រាប់​រយៈពេល​វែង នោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកនឹង​ទទួលរង​ផលប៉ះពាល់​ច្រើនជាងគេ​។ ផលវិបាក​ទូទៅ​នៃ​ស្ថានភាព​នេះ គឺ​រោគសញ្ញា​រលាក​ក្រពះ​ពោះវៀន​ដែល​ផ្សារភ្ជាប់​ជាមួយ​បញ្ហា​លាមក​និង​ឈឺចាប់​ត្រង់​ផ្នែក​ផ្សេងៗ​នៃ​តំបន់​ពោះ​។​

៣. ឧស្សាហ៍​ផ្ដាសាយ​

​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​អាច​បង្កើន​កម្រិត​នៃ​អត្រា​ចង្វាក់បេះដូង​និង​ចរន្តឈាម​។ ជា​លទ្ធផល​គួបផ្សំ​នឹង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ នោះ​អាច​ជះឥទ្ធិពល​លើ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចុះខ្សោយ អ្នក​ប្រាកដជា​ឧស្សាហ៍​ផ្ដាសាយ​ជាក់​ជាមិនខាន​។​

៤. កើន​ទម្ងន់​ភ្លាមៗ​

​ស្ត្រេ​ស​ធ្ងន់ធ្ងរ​ជា​ញឹកញយ​អាច​បណ្ដាលឱ្យ​អ្នក​ឡើង​គីឡូ​ភ្លាមៗ​។ វា​អាច​បណ្ដាលមកពី​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស cortisol កើនឡើង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ចង់​ញ៊ាំ​អ្វី​គ្រប់យ៉ាង​ដែល​អាច​រកបាន​។ ការប្រមូល​ផ្ដុំគ្នា​នៃ​កាបូ​អ៊ី​ដ្រា​ត​ក្នុង​អាហារ​ក៏​អាច​នាំឱ្យ​អ្នក​ឡើង​គីឡូ​លើស​កម្រិត​ផងដែរ​។​

៥. ឈឺក្រពះ​

​ដូច​បានលើកឡើង​ខាងលើ​នៅពេល​អ្នក​ស្ត្រេ​ស​ខ្លាំង​ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ទទួលរង​ផលប៉ះពាល ដូច្នេះ​ការឈឺ​ក្រពះ​និង​ចង្អោរ​ចង់​ក្អួត​ក៏​អាចជា​អាកា​រៈ​នៃ​កង្វះ​ការ​សម្រាក​បាន​គ្រប់គ្រាន់​ផងដែរ​។​

៦. អស់កម្លាំង​

​អ្នក​ក៏​ចាំបាច់​គួរ​ដឹងផង​ដែរ​ថា​អាកា​រៈ​អស់កម្លាំង​ជាប្រចាំ​ដែល​ធ្វើឱ្យ​អ្នក​ពិបាក​ក្រោក ហើយក៏​ពិបាក​គេង​លក់​ដែរនោះ គឺអាច​បណ្ដាលមកពី​ការធ្វើការ​ហួស​កម្រិត​ពេក​ហើយ​។​

៧ . ឈឺទ្រូង​

​ការឈឺ​ទ្រូង​និង​ការឈឺចាប់​ផ្សេងៗ​ទៀត​ដែល​បណ្ដាលមកពី​ភាព​ស្ត្រេ​ស​ជាធម្មតា​គ្មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​ជាមួយ​បញ្ហា​បេះដូង ឬ​បញ្ហា​ស​សៃ​ប្រសាទ​ឡើយ​។ ប្រសិនបើ​អ្នក​ជួបប្រទះ​អា​ការៈឈឺ​ក្នុង​ទ្រូង​ញឹកញាប់ ចូរ​សាកល្បង​សម្រាក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​សិន​។ ទោះជា​យ៉ាងណា​កុំ​ភ្លេច​ឱ្យសោះ​ថា ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ក៏​អាច​បង្ក​ជា​បញ្ហា​ខ្សោយបេះដូង​ផងដែរ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ប្រសិនបើ​អ្នក​សង្ស័យថា​មាន​ជំងឺ​បេះដូង ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕​