​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្កា​យ​ស្ព៉ត​) ៖ មែន​នី ប៉ាក​គី​អៅ​បាន​ព្រមាន យូ​ណេ​ឌី​ស អ៊ូ​ហ្គាស ថា រូប​គេ​ចង់​វាយ​ឱ្យ​សន្លប់​គ្មាន​ត្រា​ប្រណី ព្រោះ​រូបគេ​ជឿ​ថា​អ្នក​ប្រដាល់​គុយបា​រូបនេះ​បាន​ដណ្តើម​ខ្សែក្រវាត់​របស់ខ្លួន​មុន​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។​

​តារា​ប្រដាល់​ហ្វីលីពីន​រូប​នេះ​ត្រឡប់​មក​ប្រកួត​ជា​មួយ​អ៊ូ​ហ្គាស​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ក្របខ័ណ្ឌ WBA​នៅ​ទីក្រុង​ឡាសវេ​ហ្គាស ដែល​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ Sky Sports ចាប់​ពី​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​។​

​ប៉ាក​គី​អៅ​ធ្លាប់​បាន​ឈ្នះ​ខ្សែក្រវាត់ WBA ដដែល​នេះ​ដោយ​ឈ្នះ​ពិន្ទុ​លើ​អ្នក​ប្រដាល់ ខេ​ត ធូម៉ាន់​ក្នុង​ឆ្នាំ ២០១៩​ប៉ុន្តែ​ស្ថាប័ន​គ្រប់គ្រង​ប្រដាល់​នេះ​បាន​ដកហូត​ខ្សែក្រវាត់​ពី​រូប​លោក​ដោយសារ​​តែ​ភាព​អសកម្ម​និង​បាន​លើក​អ៊ូ​ហ្គាស​ឱ្យ​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​នេះ​ជំនួស​វិញ​។​

​ប៉ាក់​គី​អៅ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ចុងក្រោយ​ថា “​ខ្ញុំ​មិន​ចូលចិត្ត​ឱ្យគេ​មក​យក​ខ្សែក្រវាត់​របស់​ខ្ញុំ​ដោយ​មិន​បាន​ប្រកួត​ជាមួយ​ខ្ញុំ​នៅលើ​សង្វៀន​នោះទេ​។​យើង​ទាំង​ពីរ​ជា​ម្ចាស់​​ជើងឯក ប៉ុន្តែ​យើង​នឹង​បាន​ឃើញ​ថា​នរណា​ជា​អ្នក​គ្រង​ខ្សែក្រវាត់​បន្ទាប់ពី​ព្រឹក​ថ្ងៃអាទិត្យ​”​។

​នៅ​អាយុ ៤២ ឆ្នាំ ប៉ាក់​គី​អៅ​បាន​បង្ហើប​ឱ្យដឹងថា ការត្រៀមខ្លួន​របស់គេ​មាន​ភាព​តឹងតែង​ជាង​ការប្រកួត​លើក​ចុងក្រោយ​របស់​គេ ហើយ​គ្រោង​នឹង​វាយ​អ៊ូ​ហ្គាស​ឱ្យ​សន្លប់​តែម្តង​។​

​ប៉ាក់​គី​អៅ​បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ក្មេង​ជាង​វ័យ​ឥឡូវនេះ​។ ខ្ញុំ​សប្បាយចិត្ត​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ព្រោះ​ប្រដាល់​គឺជា​ចំណង់​ចំណូលចិត្ត​របស់​ខ្ញុំ​។ ខ្ញុំ​ចូល​ចិត្ត​ជំរំ​ហ្វឹកហាត់​ហើយ​ខ្ញុំ​រំភើប​នឹង​​លះបង់​និង​មាន​វិន័យ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការប្រកួត​បែបនេះ​”​។​

“​សម្រាប់​ការប្រកួត​ជាមួយ​ខេ​ត ធួ​ម៉ាន់ ខ្ញុំ​ហាត់ ២៥ ទឹក​ក្នុង​មួយថ្ងៃ ហើយ​ឥឡូវនេះ​សម្រាប់​ការប្រកួត​នេះ ខ្ញុំ​ហាត់​៣០​ទឹក​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយថ្ងៃ​។ គ្រូបង្វឹក​ត្រូវ​ចេញមក​ឃាត់​ខ្ញុំ​ព្រោះ​ខ្ញុំ​ចង់​​បន្ត​ហាត់​ត​ទៅ​មុខ​ទៀត​។ ប្រសិនបើ​មាន​ឱកាស​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ ខ្ញុំ​នឹង​ឆក់យក​ឱកាស​នោះ ព្រោះ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ផ្តល់​ឱ្យ​អ្នកគាំទ្រ​”​។​

“​ខ្ញុំ​មិន​មើលស្រាល​អ៊ូ​ហ្គាស​ទេ​។ គាត់​មានបទពិសោធន៍​ច្រើន​ក្នុងការ​ប្រដាល់​និង​ធ្លាប់​ប្រយុទ្ធ​នៅ​អូឡាំពិក​។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវតែ​ដាល់​ឱ្យបាន​ល្អ​ដើម្បី​ឈ្នះ​ការប្រកួត​នេះ​”៕

​ប៉ាក​គី​អៅ​ប្តេជ្ញា​ផ្តួល​អ៊ូ​ហ្គាស​ឱ្យ​សន្លប់