ដោយ: មុនីរ័ត្ន / ភ្នំពេញ : អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា: ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានសហការជាមួយ សប្បុរសជន មួយចំនួន រៀបចំជំនួយ ជាស្បៀងអាហារ ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ក្នុងកំឡុងពេល ដែលក្រុងបន្តអនុវត្តវិធានការបិទខ្ទប់ រយៈពីរសប្តាហ៍ចាប់ថ្ងៃទី២៣ ខែសីហា នេះទៅ។

លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា: ដើម្បីជួយដោះស្រាយ ទុក្ខលំបាករបស់និស្សិតកម្ពុជា ដែលកំពុងសិក្សា នៅទីក្រុងហូជីមិញ ក្នុងកំឡុងពេលដែលក្រុង បន្តអនុវត្តវិធានការបិទខ្ទប់ រយៈពីរសប្តាហ៍ ចាប់ថ្ងៃទី២៣ សីហា នេះទៅ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានសហការជាមួយសប្បុរសជន មួយចំនួន រៀបចំជំនួយជាស្បៀងអាហារ ដូចតទៅ៖ * នៅថ្ងៃទី២០ ខែសីហា បានយកស្បៀងអាហារ ចំនួន ៩០ កញ្ចប់ (រួមមាន អង្ករ ម៉ាស់សុខាភិបាល មីកញ្ចប់ ទឹកដោះគោ នំត្រាង នំប្រៃ ត្រីខកំប៉ុង ក្រូចឆ្មា និងក្រូចថ្លុង) ទៅចែកជូននិស្សិតកម្ពុជា ចំនួន ៩០ នាក់ នៅមហាវិទ្យា ចំនួន ២។ * នៅថ្ងៃទី២២ ខែសីហា នេះ បានយកស្បៀងអាហារ ចំនួន ៨៥ កញ្ចប់ (រួមមាន អង្ករ ម៉ាស់សុខាភិបាល ទឹកដោះគោខាប់ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ នំប្រៃ ត្រីខកំប៉ុង សាប៊ូដុសខ្លួន សាប៊ូកក់សក់ សាប៊ូបោកខោអាវ) ទៅចែកជូននិស្សិតចំនួន ៨៥ នាក់ នៅមហាវិទ្យាល័យ ចំនួន ៧។ ទន្ទឹមនេះ បានផ្តល់ជំនួយស្បៀងនេះ ដល់ប្រជាជនកម្ពុជា ចំនួន ២ គ្រួសារ ដែលជួបការលំបាកខ្លាំងផងដែរ។ * នៅព្រឹកថ្ងៃទី២២ សីហា នេះដែរ ស្ថានអគ្គកុងស៊ុល ក៏បានយកទេយ្យទាន មួយចំនួន ទៅប្រគេនព្រះសង្ឃ វត្តខ្មែរ ចំនួនពីរ (វត្តច័ន្ទរង្សី និងវត្តពោធិវង្ស) និងវត្តផូមិញ ដែលមានព្រះសង្ឃខ្មែរគង់នៅ និងសិក្សា ផងដែរ។

ព្រះសង្ឃ និងនិស្សិតកម្ពុជា បានសម្តែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសុខទុក្ខរបស់ប្រជាជនទាំងអស់ ទោះនៅទីជិត ឬ ទីឆ្ងាយ)៕/V