​ដោយៈ​សុផល​/​ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវ ជាតិ​លេខ​៤៨ ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ​ដោយមាន​ការចូលរួម​ដោយផ្ទាល់​និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក
​តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ ចាប់ពី​ចំការ​ហ្លួង ស្រុកស្រែ​អំបិល ដល់ ក្រុង​ខេ​មរ ភូមិន្ទ ខេត្ត កោះកុង ក្នុងនោះ​ប្រវែង​១២២,៩ គីឡូម៉ែត្រ​មាន​ចំនួន​ពីរ​គន្លង ​ប្រវែង​២៥,១​គីឡូម៉ែត្រ​មាន ចំនួន ០៤ គន្លង​លើ​ទីតាំង​ចំនួន​បួន​គឺ​៖ ១). ប្រវែង​១២​គីឡូម៉ែត្រ (​គ​.​ម ០+០០០- គ​.​ម ១២+០០០), ២). ប្រវែង​៣,៤ គីឡូម៉ែត្រ (​គ​.​ម ៥៧+៧០០ – គ​.​ម ៦១+១០០) ចំណុច​អន្ទង់អាំង និង​ជា​កន្លែង​ប្តូរ​ខ្សែ ផ្លូវ​ថ្មី​ទី​១(Realignment), ៣). ប្រវែង​៤,២​គីឡូម៉ែត្រ (​គ​.​ម ១២៤+៤០០ – គ​.​ម ១២៨+៦០០)​ចំណុច ចំណោត​តា​តៃ និង​ជា​កន្លែង ប្តូរ ខ្សែ​ផ្លូវ​ថ្មី​ទី​២(Realignment) និង​៤). ប្រវែង​៥,៥ គីឡូម៉ែត្រ​(​គ​.​ម ១៤២+៥០០ – គ​.​ម ១៤៨+០៣៨) ទទឹងផ្លូវ​១១​ម៉ែត្រ (​ពីរ​គន្លង​) ១៨,៥​ម៉ែត្រ​ដល់ ២១,៥​ម៉ែត្រ​(​បួន​គន្លង​) ក្រាល​បេតុង កៅស៊ូ​(AC) (​កម្រាស់ ០៧​សង់ទីម៉ែត្រ ) បេតុង​សរសៃដែក​(២៥​សង់ទីម៉ែត្រ​) ត្រង់​ផ្លូវ​ប្រសព្វ​។​

​ជាងនេះទៅទៀត ផ្លូវ​នេះ​មានការ​កែសម្រួល​ចំណុច​ផ្លូវ​ប្រសព្វ​ចំនួន​០៥​កន្លែង ១). ចំការ​ហ្លួង​, ២). ស្រែអំបិល​, ៣). ផ្លូវបំបែក​ចូលទៅ​គី​រី​សាគរ​, ៤). ផ្លូវបំបែក​ចូលទៅ​ទំនប់​វា​រី​អគ្គីសនី​, ៥).​ផ្លូវបំបែក​ចូលទៅ​ព្រលាន​យន្ត​ហោះ សាងសង់​ស្ពាន​ថ្មី​ចំនួន​០៤​កន្លែង (​ប្រវែង​១១៣​ម​) ប្រព័ន្ធ​បង្ហូរ​រំដោះ​ទឹក លូ​មូល​បេតុង
១៤០​​​កន្លែង (​ថ្មី​១៥​កន្លែង និង​ពង្រីក​១២៥​កន្លែង​) លូ​ប្រអប់ ១៥​កន្លែង​(​ថ្មី ៣​កន្លែង និង​ពង្រីក ១២​កន្លែង​) បំពាក់​គ្រឿង​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍ ការកំណត់​ល្បឿន​៨០​គីឡូម៉ែត្រ​/​ម៉ោង (​តំបន់​ទំនាប ឬ​ផ្លូវត្រង់​) ៦០​គីឡូម៉ែត្រ​/​ម៉ោង (​តំបន់​ខ្ពង់រាប ឬ​ផ្លូវ​កោង​) រយៈពេល​សាងសង់​ចំនួន​៣២​ខែ គ្រោង​ចាប់ផ្តើម​សាង
​សង់​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​គម្រោង​សាងសង់​ផ្លូវ​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ ៧៨.៣៩៨.៧៤១,៥៣ ដុល្លារ​អាមេរិក ក្នុងនោះ​៖ តម្លៃ​គម្រោង​សាងសង់​ចំនួន ៥៩.១៤៦.៧៤១,៥៣ ​ដុល្លារ​អាមេរិក តម្លៃ​សិក្សា​និង​ត្រួតពិនិត្យ គម្រោង​ចំនួន​៦.០០០.០០០​ដុល្លារ​អាមេរិក ក្រោម​មូលនិធិ​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃ​សាធារណរដ្ឋ​កូរ៉េ ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ១៣ .២៥២.០០០ ដុល្លារ​អាមេរិក សម្រាប់​ការងារ​ដោះស្រាយ​ផល ប៉ះពាល់ ដោះមីន និង​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការគ្រប់គ្រង​គម្រោង និង​ពន្ធអាករ សាងសង់​ដោយ ក្រុមហ៊ុន​សាងសង់​កូរ៉េ ILSUNG & HANIL Joint Venture និង​ត្រួតពិនិត្យ​បច្ចេកទេស​ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture​។​

​ផ្លូវ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផ្លូវ​ហាយវ៉េ​អាស៊ាន​១២៣ (ASEAN Highway 123) ដែល​ភ្ជាប់​ប្រទេស​កម្ពុជា ទៅ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ ​និង​ភ្ជាប់​ពី​ភាគ​ខាងកើត​នៃ​ឧបទ្វីប​ឥណ្ឌូចិន ទៅ​ភាគ​ខាងលិច​នៃ​ឧបទ្វីប ឥណ្ឌូចិន ត្រង់​ក្រុង​ដា​វ៉េ (Dawai) ប្រទេស​ភូមា​។

​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨​នេះ​មាន​តំបន់​សេដ្ឋកិច្ច ពិសេស​(SEZ) ចំនួន​០៤​កន្លែង​៖ ១). តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​(Koh Kong SEZ), ២). តំបន់ សេដ្ឋកិច្ច​ពិសេស​ស៊ួ​យ ឆេង (Suoy Chheng SEZ), ៣). តំបន់​សេដ្ឋកិច្ច​ពិសេស​គិរីសាគរ​កោះកុង (Kirisakor Koh Kong SEZ) និង​៤). តំបន់​សេដ្ឋកិច្ច​ពិសេស​រតនា​(Ratana SEZ) ព្រមទាំង​មាន​តំបន់ ទេសចរណ៍​គិរីសាគរ​ផងដែរ​។

​ថ្លែង​ទៅកាន់​អង្គពិធី​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ដែល​បានផ្តល់​ប្រាក់កម្ចី​ដើម្បី​ស្តារ ​និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ​(EDCF) និង​បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​សាងសង់​អនុវត្ត
​គម្រោង​សាងសង់​ផ្លូវ​នេះ​ប្រកបដោយ​គុណភាព​ខ្ពស់ ស្របតាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​សាងសង់ និង​តាម បទ​ដ្ឋា​បច្ចេកទេស ជាពិសេស​ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការសាងសង់ ឱ្យបាន ខ្ជាប់ ខ្ជួន​ដើម្បី​ធានាថា​ផ្លូវ​នេះ​មានគុណ​ភាពរឹងមាំ និង​អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ផ្ដាំ​ផ្ញើឱ្យ​ក្រុម​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ បច្ចេកទេស​សាងសង់ ​ត្រូវ​យកចិត្តទុកដាក់​សាងសង់​ដោយ​ឈរលើ​គោលការណ៍​គុណភាព​ជា​ចម្បង និង ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ជាប្រចាំ​ដើម្បី​កុំឱ្យ​រំខាន និង​ប៉ះពាល់​ដល់​សុខភាព​អ្នកធ្វើដំណើរ ​និង​បង​ប្រជា​ពល រដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​នោះ និង​ត្រូវ​ធានាថា​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​នេះ តាមរយៈ
​ការបំពាក់​ផ្លាកសញ្ញា​ចរាចរណ៍​ឱ្យបាន​គ្រប់គ្រាន់ និង​មាន​ភ្លើង​បំភ្លឺ​នៅពេល​យប់​ផងដែរ​។​

​គួរ​កត់សម្គាល់ថា​៖ គម្រោង​លើក​កម្រិត​គុណ​ផ្លូវជាតិ​លេខ​៤៨​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​សំខាន់ៗ​ដូច តទៅ​៖
១). ធ្វើឱ្យ​ប្រសើរឡើង​នូវ​ចរាចរណ៍​របស់​អ្នកដំណើរ​តាមរយៈ​ការកាត់បន្ថយ​ពេលវេលា និង​ថ្លៃ​ធ្វើ ដំណើរ​និង​ដឹកជញ្ជូន
២). បង្កើន​ការធានា​សុវត្ថិភាព​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​តាមរយៈ​បំពាក់​គ្រឿង បរិក្ខារ​សុវត្ថិភាព​គ្រប់គ្រាន់ និង​កែសម្រួល​កាំ​កំណោង និង​ចំណោត​ខ្លាំង​របស់​ផ្លូវ
៣). ជំរុញ​សក្តានុពល តំបន់​ទេសចរណ៍
៤). បង្កើន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ជាពិសេស​ជាមួយ​ប្រទេសជិតខាង​៕​