ដោយៈ ប​.​ជ័យ / ព្រំដែន​កម្ពុជា ថៃៈ សមត្ថកិច្ច បាន​ជួយសង្គ្រោះ ពលរដ្ឋ​ខ្មែរ​ម្នាក់ ធ្លាក់​ពីរ​បង​បាក់ជើង​ស្តាំ ពេល​លួច​ឆ្លងដែន ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​វិញ កាលពី​វេលា​ម៉ោង ៧ យប់ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២១ ។​

​លោក​វរសេនីយ៍ រស់ ពិសិដ្ឋ មេបញ្ជាការរង នគរបាល​ការពារ​ព្រំដែន​គោក វរ​សេនា​តូច​លេខ​៩១១ និង​ជា​នាយប៉ុស្តិ៍ បានអោយដឹង នា​ថ្ងៃទី​២៣ ខែសីហា​ថាៈ កម្លាំង​ប៉ុស្តិ៍​ព្រំដែន បឹង​សាគូ វរៈ ៩១១ ចំនួន ៤ នាក់ និង​កម្លាំង​ទាហាន កងពលតូច​ថ្មើរជើង លេខ​៥១ ចំនួន ៥ នាក់ បាន​ដើរ​ឆ្លង​អូរ​ព្រំដែន ទៅ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ១ នាក់ ដែល​បាន​លួច​ផ្លោះ​របង ធ្លាក់​មក​បាក់​ស្មងជើង ខាងស្តាំ នៅ​ចំណុច​ខាងក្រោយ​ផ្សារ បេន​ចា​វ៉ាន់ (​នៃ​ក្រុម​ផ្សារ​រោង​ក្លឿ ទឹកដី​ថៃ​) ហើយ​បាន​ហៅ​ឡានពេទ្យ ដឹក​គាត់​ទៅ​សង្គ្រោះ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ហៅ​ពេទ្យ​ដី​ថ្មី ។​

​កម្លាំង​ដែល​ទៅ​សង្គ្រោះ ពលករ​ខ្មែរ​នោះ សុទ្ធតែ​ពាក់​ឯកសណ្ឋាន​ពេទ្យ ការពារ​ជំងឺ​កូ​វីដ ១៩ ហើយ​ពលករ​នោះ ក៏​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ដែរ ។ ប៉ុន្តែ​នាយប៉ុស្តិ៍​នគរបាល ដូចខាងលើ មិន​ព្រម​ផ្តល់ ព័ត៌មាន​បន្ថែម និង​អត្តសញ្ញាណ​ពលករ​នោះឡើយ មកទល់​ល្ងាច ថ្ងៃទី​២៣ ខែសីហា នេះ​៕/V​