ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញៈ មន្ត្រីបានបង្ហើបឲ្យដឹងថា ប្រធានស្នាក់ការច្រកដូនរ័ត្ន លោក ស្រ៊ុន ណាត បើកដៃឲ្យក្រុមឈ្មួញ ដឹកជញ្ជូនជ័រកៅស៊ូស្អុយ និងទំនិញផ្សេងៗទៀត ចេញទៅប្រទេសវៀតណាម ដោយគ្មានការទប់ស្កាត់ ខណៈដែលវៀតណាម កំពុងតែផ្ទុះជំងឺកូវីដ១៩។ ប៉ុន្តែមន្ត្រីដែលស្និទ្ធលោក ស្រ៊ុន ណាត បានអះអាង ប្រាប់រស្មីកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែសីហា នេះថាៈ ចំពោះករណីដឹកជ័រកៅស៊ូស្អុយ និងទំនិញផ្សេងៗទៀត គឺតាមរថយន្តតូចៗ មិនមែនតាមរថយន្តធំៗ ដូចកន្លែងផ្សេងទេ។
បើតាមមន្ត្រីនៅច្រកព្រំដែនទ្វេភាគីដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបន្តថាៈ ដោយសារតែប្រធាន ស្នាក់ការ ច្រកដូនរ័ត្ន លោក ស្រ៊ុន ណាត ទទួលបានលាភសក្តារៈ ពីក្រុមឈ្មួញដឹកជញ្ជូនជ័រកៅស៊ូស្អុយ និងទំនិញផ្សេងៗទៀត ចេញទៅប្រទេសវៀតណាម បានធ្វើឲ្យក្រុមមន្ត្រី ពាក់ព័ន្ធមួយចំនួន ដូចជា ក្រុមគយចល័ត នៅខេត្តត្បូងឃ្មុំ មានការមិនសប្បាយចិត្ត ហើយប្រធានស្នាក់ការច្រកដូនរ័ត្ន និងលោក នូ និច នាយប៉ុស្តិ៍នគរបាល ច្រកដូនរ័ត្ន បានឃុបឃិតបើកដៃ ឲ្យក្រុមឈ្មួញ នាំទំនិញខុសច្បាប់ ចូលទៅវៀតណាម។ បើគ្មានការឃុបឃិត ជាប្រព័ន្ធទេ គឺក្រុមឈ្មួញ មិនអាចដឹកជញ្ជូនជ័រកៅស៊ូស្អុយ ដឹកជញ្ជូនឈើ ដឹកជញ្ជូនធ្យូង ចេញទៅវៀតណាម ឆ្លងកាត់តាមច្រកដូនរ័ត្ន បាននោះទេ។ ជាមួយគ្នានេះ បើគ្មានខ្នងបង្អែករឹងមាំ នៅក្នុងសាលាខេត្តត្បូងឃ្មុំ ទេនោះ គឺលោក ស្រ៊ុន ណាត ប្រធានស្នាក់ការ ច្រកដូនរ័ត្ន មិនអាចប្រមូលលុយ តាមរបៀបពុករលួយបានទេ។ លោក ស្រ៊ុន ណាត ប្រមូលលុយ បានយ៉ាងច្រើន ក្នុង ១ ខែៗ។
ទាក់ទងករណីនេះ មន្ត្រីម្នាក់ បានទូរស័ព្ទមករស្មីកម្ពុជា កាលពីល្ងាចថ្ងៃទី២៣ ខែសីហា នេះ ដោយប្រាប់ថាៈ ខ្លួនជាមន្ត្រីនៅច្រកដូនរ័ត្ន បានបញ្ជាក់ថាៈ “ជ័រដឹកតាមឡានតូចៗ មិនមែនប្រភេទធំៗ ដូចនៅកន្លែងផ្សេងឯណា ពីព្រោះគាត់ (លោក ស្រ៊ុន ណាត) នៅនេះ ប៉ុន្មានឆ្នាំ មិនដែលមានបញ្ហាអីទេ អារឿងចឹងៗ”។
លោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ន មិនអាចសុំការអត្ថាធិប្បាយ បានទេ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះ ដោយទូរស័ព្ទចូលជាច្រើនដង មិនមានអ្នកទទួល៕/V