ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ ស៊ីណូហ្វាម ចំនួន៥០ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេសចិន ផ្តល់ជូនក្រសួងការពារជាតិកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
ពិធីប្រគល់និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភព សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពចិនប្រចាំកម្ពុជា។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ការប្រគល់វ៉ាក់សាំង៥០ម៉ឺនដូសនាថ្ងៃនេះ គឺជាការគោរពតាមពាក្យសន្យា ដែលជាការចូលរួមបង្កើតប្រព័ន្ធភាពស៊ាំជូនដល់កម្ពុជា ក្នុងការការពារអាយុជីវិតប្រជាជនកម្ពុជា ដូចសុភាសិតចិនពោលថា “បើនិយាយត្រូវតែធ្វើ បើធ្វើត្រូវតែមានលទ្ធផល”។ ក្នុងនាមជាមិត្ត “ដែកថែប និងសហគមន៍វាសនារួម” ភាគីចិនបានចាត់ទុកបញ្ហាប្រឈមក៏ដូចជាការលំបាកដែលមាននៅកម្ពុជា ជាបញ្ហាប្រឈមក៏ដូចជាការលំបាករបស់ខ្លួន។
លោក វ៉ាង វិនធៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពចិនប្រចាំកម្ពុជា
លោកទូតបានបន្តថា ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីផ្ដល់ជំនួយជាវ៉ាក់សាំង បរិក្ខារវេជ្ជសាស្ត្រ និងការគាំទ្រជា សម្ភារៈជូនដល់កម្ពុជា តាមលទ្ធភាពដែលអាចធ្វើបានរួមចំណែកជាកម្លាំង ក្នុងការយកឈ្នះលើកិច្ចទប់ស្កាត់ជំងឺកូវីដ-១៩ជូនដល់មនុស្សជាតិ តាមរយៈបន្តធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា។
ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការទទួលវ៉ាក់សាំងពីរដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេសចិន ផ្ដល់ជូនក្រសួងការពារជាតិ គឺជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាសណ្ដានចិត្ត “ជួយគ្នាក្នុងគ្រាលំបាក” ស្ថិតក្នុងបរិការណ៍ដែលវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទីនៃពិភពលោក ។ បច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាបណ្តាប្រទេសជាច្រើនបាននិងកំពុងផ្តោតការយក ចិត្តទុកដាក់ជាសំខាន់ លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏ សម ស្របបំផុតក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមទាំងមេរោគបំប្លែងថ្មីប្រភេទ ដែលតា “Delta” ផងដែរ ។
សម្តេចពិជ័យសេនា ទៀ បាញ់
សម្តេចពិជ័យសេនាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំព្យាយាមស្វែងរកវ៉ាក់សាំងតាមគ្រប់យន្តការតាមរយៈ ទ្វេភាគី ពហុភាគីក្ដី ជាជំនួយមនុស្សធម៌ក្តី និងបញ្ហាទិញដោយផ្ទាល់ក្តី គឺដើម្បីធានាចំនួនវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ទាន់ពេលវេលា សម្រាប់ចាក់ជូនប្រជាពលរដ្ឋ តាមផែនការកំណត់។ បន្ថែមពីលើនេះ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចាប់ផ្ដើមបើក “យុទ្ធនាការចាក់វ៉ាក់ សាំងជូនកុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ ឆ្នាំ” ចំនួនសរុបប្រមាណ ២លាននាក់បន្ថែមទៀត និងបានសម្រេចដាក់ចេញនូវ “យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ” ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាម បណ្តាខេត្តនានា ដែលស្ថិតនៅតាមព្រំដែនជាមូយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា “Delta” កំពុងវាយលុក និងរាលដាល រួមជាមួយក្រុមគ្រូពេទ្យ កងទ័ពនិងគ្រួសារ អតីតយុទ្ធជនទៀតផង។
ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់ទៀតថា ជាការពិត ការទទួលវ៉ាក់សាំងដំណាក់កាលទី៣ ចំនួន៥០ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាលចិនតាមរយៈក្រសួងការពារ ប្រទេសចិន ផ្ដល់ជូនក្រសួងការពារជាតិនា ថ្ងៃនេះ ពិតជារួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់ផ្ដាច់នៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលតា “Delta” នៅក្នុងសហគមន៍នៅកម្ពុជាយ៉ាងស័ក្តិសិទ្ធ៕សរន