​ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ការចែក​ចាយ ឧបករណ៍​តេស្ត​រហ័ស អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ពីរ​ប្រភេទ សម្រាប់​សាធារណជន​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ប្រៃសណីយ៍ នៅ​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០២១ នេះ បានបញ្ជាក់​ថាៈ ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា ក្រសួង​បើកទូលាយ ចែកចាយ​ឧបករណ៍ តេស្ត​រហ័ស ជូន​ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង ភ្នាក់ងារ ចែកចាយ និង​សាធារណជន នូវ​ឧបករណ៍​តេស្ត​រហ័ស ពីរ ប្រភេទ ដូចខាងក្រោម​៖

១. ឧបករណ៍​តេស្ត​រហ័ស អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ SD Biosensor (Standard Q) ផលិត​នៅ​ប្រទេស​កូរ៉េ ១ ប្រអប់ មាន ២៥ ឧបករណ៍​តេស្ត ហើយ ១ ឧបករណ៍​តេស្ត តម្លៃ ៣,៧ ដុល្លារ​អាម៉េរិក (​ត្បារ​យក​សំណាក ពី​ក្នុង​រន្ធ​ច្រមុះ​)​។​

២. ឧបករណ៍​តេស្ត​រហ័ស អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ Healgen Antigen Rapid Test ផលិត​នៅ​ប្រទេស​ចិន ១ ប្រអប់ មាន ២០ ឧបករណ៍​តេស្ត ហើយ ១ ឧបករណ៍​តេស្ត តម្លៃ ២ ដុល្លារ​អាម៉េរិក (​ត្បារ​យក​សំណាក ពី​ក្នុង​រន្ធ​ច្រមុះ​)​។​

​ក្រសួង​ប្រៃសណីយ៍ បានឱ្យដឹង​បន្ថែមថាៈ ដូចនេះ ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង ភ្នាក់ងារចែកចាយ និង​សាធារណជន អាច​បញ្ជា​ទិញ ឧបករណ៍​តេស្ត ចាប់ពី ១ ប្រអប់​ឡើងទៅ ដោយ​ចូលទៅ​កាន់​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ដែលមាន​តំណ​ភ្ជាប់ mptc.gov.kh/rt ឬ អញ្ជើញ​មក​ទិញ ដោយផ្ទាល់ នៅ​ទីស្ដីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែលមាន​អាសយដ្ឋាន អគារ​លេខ​១៣ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ចំពោះ​ការទូទាត់ អាច​ផ្ទេរ​មក​គណនី​ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) របស់​ក្រសួង ដែលមាន​ឈ្មោះ គណនី MPTC និង​លេខ​គណនី 567 789 123​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ទូរ​សព្ទ​លេខ ១២៣ / ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧ ជា​រៀងរាល់ថ្ងៃ​៕/V