​ដោយៈ សុផល / ភ្នំពេញ​៖ ផ្លូវ​មួយ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣ ដល់​ព្រំដែន​កម្ពុជា វៀតណាម មាន​ប្រវែង​ជាង ៥២ គីឡូម៉ែត្រ ដែលជា​គម្រោង ស្ថិតក្រោម​ការគ្រប់គ្រង របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​កម្ចី​ហិរញ្ញប្បទាន នៃ​ប្រទេស​ចិន គ្រោង​នឹង​ចាប់ផ្តើម សាងសង់ ក្រោយពី​ការសិក្សា​រួច​។​

​ផ្លូវជាតិ​លេខ​៣៣ មាន​ប្រវែង​សរុប ៥២,៥៧ គីឡូម៉ែត្រ ចាប់ពី​ចំណុចប្រសព្វ ផ្លូវជាតិ​លេខ​៣ (​ត្រង់​គីឡូម៉ែត្រ​លេខ ១៤៨+១០០) ដល់​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ភូមិសាស្ត្រ ក្រុង​កំពត ស្រុក​ទឹកឈូ ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ក្រុងកែប ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ហើយ​ទទួលបាន ការសិក្សា ដោយ​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ជ្រើស​យក​កម្រិតស្តង់ដា​រ បច្ចេកទេស ចិន កម្រិត II (Grade II)​។​

​ការសាងសង់​ផ្លូវ​នេះ គ្រោង​ប្រើ​រយៈពេល សរុប ២៤ ខែ ហើយ​ការសិក្សា និង​ការដោះស្រាយ ផលប៉ះពាល់ កំពុងតែ​ដំណើរការ ដែល​ជិត​ឈាន ដល់ទី​បញ្ចប់​ហើយ​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ពិភាក្សាគ្នា ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បន្ថែម លើ​គម្រោង​ទាក់ទង នឹង​ផលប៉ះពាល់ និង​ដំណោះស្រាយ និង​ដំណាក់កាល​សាងសង់ មុនពេល​បិទ​បញ្ចប់ ការសិក្សា​លម្អិត ដើម្បី​ធ្វើការ​ដោះស្រាយ ចំ​គោលដៅ​ទាន់ពេលវេលា និង​ធ្វើឱ្យ​ផ្លូវថ្នល់ ទទួលបាន​គុណភាព ត្រឹមត្រូវ តាម​ស្តង់ដារ​បច្ចេកទេស​។​

​សូមបញ្ជាក់ថា ផ្លូវជាតិ​លេខ​៣៣ ត្រូវបាន​បញ្ចប់ ការសាងសង់ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤​។ ក្រោយមក កំណាត់​ផ្លូវ​នេះ ត្រូវបាន​ខូចខាត និង​ជួសជុល​ឡើងវិញ​។ បច្ចុប្បន្ននេះ កំពុង​សិក្សា ដើម្បី​សាងសង់ ពង្រីក​ជាថ្មី​៕/V​.mara