ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ត្រីក្រុមការងារ និងគ្រូពេទ្យជួរមុខ បានបញ្ចប់ការយកសំណាក រកមេរោគកូវីដ១៩ នៅផ្សារចក្រី ក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ នៅរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះ ដោយក្នុងចំណោម អ្នកផ្ដល់សំណាក ជាអាជីវករ និងអ្នកពាក់ព័ន្ធ ចំនួន ៤៥១ នាក់ ក្រុមគ្រូពេទ្យ បានរកឃើញ វិជ្ជមាន តែ ៣ នាក់ ប៉ុណ្ណោះ ក្រោយពីទីតាំងផ្សារធំជាងគេ និងដំបូងគេ មួយនេះ បានផ្ទុះការឆ្លងរាលដាល ជំងឺកូវីដ ១៩ ។ ពោលគឺ អ្នកស្រី ព្រំ ពិសី ជាប្រពន្ធម្ចាស់ហាង លក់គុយទាវមួយ នៅក្នុងផ្សារនេះ មានវិជ្ជមានកូវីដ ១៩ ក្រោយពីគាត់ បានយកសំណាក នៅក្រុងសិរីសោភ័ណ ។
សូមរំលឹកថា កាលពីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងក្រុមការងារ រួមទាំងគ្រូពេទ្យជួរមុខ បានទៅពិនិត្យទីតាំងផ្សារ ។
នៅរសៀល ថ្ងៃដដែល លោក និងមន្ត្រី បានទទួលដំណើរលោក អ៊ុំ រាត្រី អភិបាលខេត្ត បានចុះពិនិត្យ ការយកសំណាក អាជីវករ ក្នុងផ្សារចក្រី ចំនួន ១២៥ នាក់ ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ ១៩។
លុះដល់ព្រឹក រហូតរសៀល ថ្ងៃទី២៤ ខែសីហា ការយកសំណាក ដោយតេស្តរហ័ស បានបន្តធ្វើ រហូតសរុបចំនួន ៤៥១ នាក់ ក្នុងនោះ រកឃើញវិជ្ជមានតែ ៣ នាក់ប៉ូណ្ណោះ ។
ទោះយ៉ាងណា លោក ឃូ ពៅ បានអោយដឹងថាៈ ផ្សារចក្រី ត្រូវបានបិទខ្ទប់ បណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ ៕/V