ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ នារសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ នៃការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ៣ នាក់ ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោស តាមនីតិវិធីច្បាប់ ពាក់ព័ន្ធបទល្មើស ៣ ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌ ឃាត់ខ្លួនបាន ជាបន្តបន្ទាប់។
កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឱ្យដឹងថា៖ ជនសង្ស័យទី១ ឈ្មោះ ប៉ិន រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានមូលដ្ឋាន អាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ផ្លោះរបង ចូលលួចគាស់ផ្ទះប្រជាពលរដ្ឋ បើកសេវាកម្មផ្ទេរ និងដកប្រាក់វីង មួយកន្លែង ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ចំនួន ២ លើក ក្នុងអំឡុង ខែកក្កដា និង ខែសីហា ឆ្នាំ២០២១ យកបានទ្រព្យសម្បត្តិ អស់មួយចំនួន។
ជនសង្ស័យទី២ ឈ្មោះ ឯក សុខារ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ មានរបរ ជាសន្តិសុខ ស្រុកកំណើត ឃុំច្រកពោន ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧ សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានមូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណី គាស់ទ្វារបន្ទប់ជួល លួចយកសម្ភារៈ បានមួយចំនួន នៅចំណុច បន្ទប់ជួលលេខ១៦ ភូមិអូរឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ បានសារភាពថា ខ្លួនបាន ធ្វើសកម្មភាពលួច រយៈពេល ៣ ឆ្នាំមកហើយ និងធ្លាប់ធ្វើសកម្មភាពលួច ជាច្រើនលើក ថ្មីៗនេះ បានចូលលួចក្នុងផ្ទះ ជនជាតិចិន នៅម្តុំអូឌឹម បានលុយជាង មួយម៉ឺនដុល្លារ និងបានលួច នៅម្តុំបុរីពិភពថ្មី កំបូល បានម៉ូតូ ១ គ្រឿង ហើយចុងក្រោយនេះ លួចនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវកម្លាំងល្បាត អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនតែម្តង។
ជនសង្ស័យទី៣ ឈ្មោះ អាត ហេងឡុង ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចផ្ទះលេខA33 ផ្លូវលំ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានមូលដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ អន្តរាគមន៍ ឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីគំរាមកំហែង ទារប្រាក់ពីម្តាយបង្កើត និងវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បតិ្តក្នុងផ្ទះ ជាច្រើនលើក ច្រើនសារ ដោយសារជនសង្ស័យនេះ បានប្រើប្រាស់គ្រឿងញៀន រហូតគ្រប់គ្រងខ្លួនឯង លែងបាន៕/V