ដោយៈ ចាន់តូ / ភ្នំពេញៈ បុរស​ម្នាក់ ត្រូវបាន​រថយន្ត​កុងតឺន័រ បើក​កិន​ធ្លាយ​ខួរ​ស្លាប់ នៅនឹងកន្លែង ខណៈពេល បុរស​នោះ បាន​កំពុងតែ​ជិះ​ម៉ូតូ កាលពី​វេលា​ម៉ោង ៦​និង ១៥​នាទី ល្ងាច ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ នៅត្រង់ចំណុច មុខ​ហាង​នំប៉័ង ស្ទឹងមានជ័យ ស្ថិតនៅ​តាមផ្លូវ ២១៧ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។​

​បុរសរងគ្រោះ មានឈ្មោះ ហន ណា​រ៉ា អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ទួល​កំពត​ទី​១ ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GG-5381 ធ្វើដំណើរ​តាមផ្លូវ ២១៧ ក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​កុងតឺន័រ មួយគ្រឿង ដែល​ពាក់​ស្លាក​លេខ ស្វាយរៀង 3A-1480 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​មក​បុក​ម៉ូតូ​ពីក្រោយ និង​កិន​ជនរងគ្រោះ បណ្តាល​ឲ្យ បែកក្បាល ធ្លាយ​ខូ​ួ​រ ជាប់​សព​នឹង​កង់​រថយន្ត ស្លាប់​ភ្លាមៗ យ៉ាង​អាណោច​អ​ធ័​ម ចំណែក​អ្នកបើកបរ​រថយន្ត ក៏បាន​បើកទ្វារ ចុះ​រត់​គេចខ្លួនបាត់ ស្រមោល បន្សល់​តែ​រថយន្ត​បង្ក នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ វាស់វែង​យក​ម៉ូតូ និង​រថយន្ត​បង្ក ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ យកទៅ​រក្សាទុក រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​។ ចំណែក​សព សមត្ថកិច្ច​ក៏បាន​ធ្វើលិខិត​រួច រង់ចាំ​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ ៕/V​