ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ណែ នាំ​ដល់ មន្ត្រី​មូលដ្ឋាន ក៍​ដូចជា សមត្ថកិច្ច​ពាក់ព័ន្ធ ត្រៀមលក្ខណៈ ចុះជួយ​ពលរដ្ឋ ក្នុងករណី​ចាំបាច់ និង​បាន​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការ ប្រុងប្រយ័ត្ន រក​ទីតាំង​ដែលមាន​សុវត្ថិភាព និង​កុំ​ធ្វើដំណើរ​ចាក ចេញពីផ្ទះ បើ​គ្មាន​ភាពចាំបាច់ បង្ការ​ក្រែង​មាន​ជំនន់​ទឹកភ្លៀង កើតឡើង​ជាថ្មី ម្តងទៀត ព្រោះ​ភ្លៀង ចាប់ផ្តើម ធ្លាក់​បន្ត ក្នុង​ក្រុងព្រះសីហនុ វេលា​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​នេះ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​បាន​ត្រៀម និង​ចាត់ចែង​ភារកិច្ច​ជូន លោក លោកស្រី ស្នងការរង លោក នាយ​កា​រិ​យា​ជំនាញ និង​លោក​អធិការ ក្រុង ស្រុក​ទាំងអស់ ឲ្យ​ត្រៀមកម្លាំង និង​មធ្យោបាយ​សម្ភារៈ ដើម្បី​ចុះជួយ​សង្គ្រោះ ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​នានា ក្នុងករណី​មាន​ជំនន់​ទឹកភ្លៀង កើតឡើង​សារជាថ្មី ។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ ក៍បាន​បញ្ចុះ​កម្លាំង​ជំនាញ​ឲ្យ​ចុះ ពិនិត្យ​ណែនាំ តាម​ឆ្នេរ តាម​ផែ និង កោះ​នានា​ដើម្បី​ការពារ​គ្រោះថ្នាក់​ផ្សេងៗ ផងដែរ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ នេះ ស្ថានភាព​អាកាសធាតុ ព្យុះភ្លៀង នៅតែ​គ្របដណ្តប់ លើ​ទីក្រុង​ព្រះសីហនុ ដដែល​មិន​ខុស​អ្វី​កាលពី​ម្សិល មិញ​នោះទេ នេះ​ជា​ក្តី​ព្រួយបារម្ភ របស់​អាជ្ញាធរខេត្ត មួយ​នេះ​៕/V-PC