ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែតបានប្រកាសថាលោកនឹងឈរឈ្មោះប្រជែងតំណែងអនុប្រធានាធិបតីនៅឆ្នាំក្រោយដើម្បីបន្ត”បូជនីយកិច្ច” ប្រឆាំងគ្រឿងញៀននិងក្រុមបះបោរ ជាចំណាត់ការមួយត្រូវបានក្រុមអ្នករិះគន់និយាយថាជា “ការប៉ុនប៉ងគេចកែ” និងជំរុញដោយការភ័យខ្លាចអំពីការចោទប្រកាន់ពីបទព្រហ្មទណ្ឌ។
លោកឌុយទែត ដែលបានជាប់ឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០១៦ និងត្រូវបានរារាំងក្រោមរដ្ឋធម្មនុញ្ញមិនឱ្យស្វែងរកអាណត្តិថ្មីនោះពីមុនធ្លាប់បានបង្ហើបឱ្យដឹងពីលទ្ធភាពនៃការប្រកួតប្រជែងយកតំណែងខ្ពស់បំផុតទីពីររបស់ប្រទេស។
លោកឌុយទែតបាននិយាយនៅល្ងាចថ្ងៃអង្គារនៅក្នុងសុន្ទរកថាថតទុកជាមុន ដើម្បីបញ្ជាក់ពីការប្រកាសមុននេះដោយគណបក្ស PDP-Labanរបស់គាត់ថាគាត់បានយល់ព្រមប្រជែងតំណែងនេះ យ៉ាងដូច្នេះថា “ខ្ញុំនឹងឈរឈ្មោះប្រជែងតំណែងអនុប្រធានាធិបតី”។
លោកនិយាយថា “បន្ទាប់មកខ្ញុំនឹងបន្តបូជនីយកិច្ចនេះ។ ខ្ញុំព្រួយបារម្ភអំពីគ្រឿងញៀន ការបះបោរ ពិតណាស់ លេខមួយគឺការបះបោរ បន្ទាប់មកគឺឧក្រិដ្ឋកម្មនិងគ្រឿងញៀន។ខ្ញុំប្រហែលជាមិនមានអំណាចក្នុងការផ្តល់ការណែនាំឬបទបញ្ជានោះទេ ប៉ុន្តែខ្ញុំតែងតែអាចបង្ហាញទស្សនៈរបស់ខ្ញុំជាសាធារណៈ”។
ចាប់តាំងពីឡើងកាន់អំណាចមក លោកឌុយទែតបានធ្វើយុទ្ធនាការបង្ហូរឈាមប្រឆាំងអ្នកប្រើប្រាស់គ្រឿងញៀននិងអ្នកជួញដូរគ្រឿងញៀនដែលក្រុមសិទ្ធិមនុស្សប៉ាន់ស្មានថាបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
ក្រុមរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងស្វះស្វែងបើកការបើកការស៊ើបអង្កេតយ៉ាងពេញទំហឹងចំពោះការសម្លាប់នេះ។
ក្រុមឧទ្ទាមកុម្មុយនីស្តនិងអ្នកគាំទ្ររបស់ពួកគេក៏ត្រូវបានកំណត់គោលដៅផងដែរ ខណៈលោកឌុយទែតព្យាយាមបញ្ចប់ការបះបោរដែលមានអាយុកាលរាប់ទសវត្សរ៍៕
លោកឌុយទែតបញ្ជាក់ថាគាត់នឹងឈរឈ្មោះប្រជែងតំណែងអនុប្រធានាធិបតីឆ្នាំក្រោយ