​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស បានប្រកាសថា​សហរដ្ឋ​អាម៉េរិក​នឹង​ផ្តល់​វ៉ាក់សាំង​ការពារ​មេរោគ​កូរ៉ូណា​ចំនួន​មួយ​លាន​​បន្ថែមទៀត​ដល់​ប្រទេស​វៀតណាម​។​

​ចំណាត់ការ​នេះ​នឹង​ផ្តល់​ជំនួយ​បន្ថែមទៀត​ដល់​ប្រទេស​ដែល​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​ករណី​ឆ្លង​ថ្មីៗ​និង​អត្រា​ចាក់​វ៉ាក់សាំង​ទាប​បំផុត​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក​ផាម មិញ​ឆិញ លោកស្រី​ហារី​ស​និយាយ​និយាយ​ថាដូស​ទាំងនេះ​នឹង​ចាប់ផ្តើមដឹក​មកដល់​ក្នុងរយៈពេល ២៤ ម៉ោង​ខាងមុខ​។​​វា​នឹង​នាំ​ឱ្យ​ការបរិច្ចាគ​វ៉ាក់សាំង​សរុប​ពី​អាម៉េរិក​ដល់​វៀតណាម​កើន​ដល់​ប្រាំមួយ​លាន​ដូស​។​

​ជំនួយ​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​សេចក្តីប្រកាស​ជា​ច្រើន​ហូរហែ​ស្តីពី​ភាព​ជា​ដៃគូ​ថ្មី​និង​ការគាំទ្រ​សម្រាប់​វៀតណាម ស្របពេល​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ហារី​ស​មក​កាន់​ប្រទេស​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ការទូត​រយៈពេល​មួយ​សប្តាហ៍​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​។​

​ដំណើរ​នេះ​ដែល​រួមបញ្ចូល​ទាំង​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​កាលពីដើម​សប្តាហ៍​នេះ​ផង​ដែរ​នោះ​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​អាម៉េរិក​នៅក្នុង​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​ដើម្បី​ទប់ទល់​​ឥទ្ធិពល​ចិន​នៅ​ទីនោះ​។​

​ក្នុងអំឡុងពេល​ជួប​ជាមួយ​ប្រធានាធិបតី​វៀតណាម​ង្វៀន សួន​ហ្វ៊ុក លោកស្រី​ហារី​ស​ក៏​បាន​សម្តែង​ការគាំទ្រ​ផង​ដែរ​ចំពោះ​ការបញ្ជូន​នាវា​ល្បាត​របស់​ឆ្មាំ​សមុទ្រ​អាម៉េរិក​បន្ថែម​មួយគ្រឿង​ទៀត​​ដល់​វៀតណាម​ដើម្បី​ជួយ​ការពារ​ផលប្រយោជន៍​សន្តិសុខរ​បស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​បាន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​លុកលុយ​របស់​ទីក្រុង​ប៉េកាំង​នៅក្នុង​ផ្លូវទឹក​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​លោកស្រី​ហារី​ស​បាន​និយាយថា “​និយាយ​តាម​ត្រង់​យើង​ត្រូវ​រក​វិធី​ដាក់​សម្ពាធ​និង​បង្កើន​សម្ពាធ​ទៅលើ​ទីក្រុង​ប៉េកាំង​ឱ្យ​គោរព​តាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​និង​ប្រឆាំង​​ជំទាស់​នឹង​ការ​សម្លុត​កំហែង​និង​ការទាមទារ​ដែនសមុទ្រ​ច្រើន​ហួសហេតុ​ពេក​របស់​ចិន​”​។​

​លោកស្រី​បាន​បន្ថែមថា សហរដ្ឋ​អាម៉េរិក​នឹង “​រក្សា​វត្តមាន​រឹងមាំ​នៅ​សមុទ្រ​ចិន​ខាងត្បូង​” ដើម្បី​ប្រជែង​ជាមួយ​ចិន​៕

​លោកស្រី​ហារី និង​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ផាម មិញ​ឆិញ​ក្នុងជំនួប​នៅ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ពុធ​